គន្លឹះ​ទាំង​ ១០ ដើម្បី​បង្កើត​ភាព​ជោគជ័យ​ឲ្យ​ជីវិត​ខ្លួន​ឯង​ពី​ផលិតករ​ភាព​យន្ត Star Wars លោក George Lucas

លោក George Lucas គឺ​ជា​ស្ថាបនិក​ក្រុមហ៊ុន​ផលិត​ខ្សែភាពយន្ត​ Lucasfilm និង ក្រុមហ៊ុន Industrial Light & Magic។ លោក​ត្រូវ​បាន​គេ​ស្គាល់​ច្បាស់​តាម​រយៈ​ស្នាដៃ​ផលិត​ខ្សែភាពយន្ត​ល្បីៗ​ជា​ច្រើន​ដូច​ជា​ខ្សែភាពយន្ត​សង្គ្រាម​ភព​ផ្កាយ Star Wars និង ខ្សែភាពយន្ត Indiana Jones។ លោក George Lucas មិន​ត្រឹម​តែ​ជា​ ផលិតករ សហគ្រិន ទេ​លោក​ក៏​ជា​មហាសេដ្ឋី​មួយ​រូប​ផងដែរ​ក្នុង​ទស្សនាវដ្តី Forbes ដែល​មាន​ទ្រព្យសម្បត្តិ​ដល់​ទៅ ៥,១ ពាន់​លាន​ដុល្លារ។ ខាង​ក្រោម​ជា​ដំបូន្មាន​ខ្លះៗ​ដើម្បី​បង្កើត​ភាព​ជោគជ័យ​ក្នុង​ជីវិត​ឯកជន និង ជីវិត​ការងារ​របស់​លោក។

 

១) ធ្វើ​អ្វី​ដែល​ជា​ចំណូល​ចិត្ត​របស់​ខ្លួន ៖ លោក George Lucas ថ្លែង​ថា​ប្រសិន​បើ​អ្នក​ចង់​បង្កើត​ភាព​ជោគជ័យ​ឲ្យ​ខ្លួន​ឯង អ្វី​ដែល​ខ្លួន​ត្រូវ​ធ្វើ​ គឺ​ជា​អ្វី​ដែល​អ្នក​ចូល​ចិត្ត​ហើយ​ផុស​ចេញ​ពី​បេះ​ដូង​ខ្លួន​ឯង មិន​មែន​ធ្វើ​តាម​ការ​គិត​ របស់ ឪពុកម្ដាយ តាម​ការ​គិត​របស់​មិត្តភ័ក្ដិ​ ឬ មនុស្ស​ជុំវិញ​ខ្លួន​នោះ​ឡើយ។

 

២) កុំ​ដោះសា​ ៖ នៅ​ពេល​ដែល​អ្នក​មិន​អាច​ធ្វើ​អ្វី​មួយ​បាន អ្នក​មិន​ត្រូវ​ដោះសា​ដោយ​រក​លេស​ផ្សេង​ឡើយ​អ្នក​ចេះ​ទទួល​ស្គាល់​ការ​ពិត​ ព្រោះ​វា​មិន​អាច​ជួយ​ឲ្យ​ខ្លួន​ឯង​អាច​ស្វែង​រក​ដំណោះ​ស្រាយ​មួយ​ជាក់​លាក់​បាន​ឡើយ ដូច្នេះ​អ្នក​ត្រូវ​សារភាព​ដោយ​ស្មោះ​ត្រង់​ដើម្បី​ទទួល​បាន​ជំនួយ​ពី​អ្នក​ដទៃ ហើយ​វា​ក៏​ជា​ការ​បង្ហាញ​ពី​ភាព​ទទួល​ខុស​ត្រូវ​របស់​អ្នក​ដែរ។

 

៣) រក​ឲ្យ​ឃើញ​នូវ​ទេពកោសល្យ​របស់​ខ្លួន ៖ ទេពកោសល្យ​គឺ​ជា​ជំនាញ​មួយ​ពី​ធម្មជាតិ​របស់​មនុស្ស​ដែល​មាន​សមត្ថភាព​ធ្វើ​អ្វី​មួយ​ដែល​ល្អ​ប្រសើរ​អ្នក​ផ្សេង​ធ្វើ​មិន​បាន។ នៅ​ពេល​ដែល​អ្នក​អាច​រក​ឃើញ​ពី​ទេពកោសល្យ​របស់​ខ្លួន រាល់​អ្វីៗ​អាច​មិន​មែន​ជា​ឧបសគ្គ​សម្រាប់​ខ្លួន​ទៀត​ហើយ ព្រោះ​នៅ​ពេល​ដែល​អ្នក​អាច​មើល​ឃើញ​ខ្លួន​ឯង​កាន់​តែ​ច្រើន រាល់​ថាមពល​អស្ចារ្យ​ជា​ច្រើន​កំពុង​ចាំ​អ្នក​យក​វា​មក​ប្រើ។

 

៤) ត្រូវ​ទទួល​ស្គាល់​ការ​ពិត​ចំពោះ​ខ្លួន​ឯង ៖ លោក George Lucas ថ្លែង​ថា​ប្រសិន​បើ​អ្នក​មិន​អាច​ទទួល​ស្គាល់​ការពិត​នូវ​អ្វី​ដែល​ខ្លួន​កំពុង​មាន កំពុង​ជួប​ប្រទះ ហើយ​កំពុង​កើត​ឡើង​ក្នុង​ជីវិត​ខ្លួន​ទេ​នោះ វា​នឹង​ធ្វើ​ឲ្យ​ជីវិត​អ្នក​កើត​មាន​បញ្ហា​ ឥត​ឈប់ឈរ​។

 

៥) ស្តាប់​មតិ​រិះគន់ ៖ មធ្យោបាយ​មួយ​ដ៏​ល្អ​ដើម្បី​រស់​នៅ និង ធ្វើ​ការងារ​ដោយ​ភាព​ល្អ​ប្រសើរ​គឺ​ការ​ចេះ​ស្តាប់​មតិ​រិះគន់​ពី​មនុស្ស​ជុំវិញ​ខ្លួន ព្រោះ​ពួក​គេ​ជា​មនុស្ស​ដែល​អាច​ឲ្យ​អ្នក​ឆ្លុះ​បញ្ចាំង​ពី​ជីវិត​ខ្លួន​ឯង​ថា​មាន​អ្វី​ខ្លះ​កំពុង​ដំណើរ​ការ​ល្អ និង មាន​អ្វី​ខ្លះ​ដែល​អ្នក​ប្រព្រឹត្តិ​មិន​បាន​ល្អ​នា​ពេល​កន្លង​មក។

 

៦) កុំ​បោះបង់​ចោល​ក្តី​សង្ឃឹម ៖ ប្រសិន​បើ​គ្មាន​ក្តី​សង្ឃឹម​ហើយ គឺ​គ្មាន​ឡើយ​ពាក្យ​ថា​ជោគជ័យ​នៅ​ក្នុង​ជីវិត​អ្នក។ លោក George Lucas ថ្លែង​ថា​នៅ​មុន​ពេល​មនុស្ស​ចាប់​ផ្តើម​ធ្វើ​អ្វី​មួយ​ពួក​គេ​ភាគ​ច្រើន​បាន​មើល​ឃើញ​ពី​ជោគជ័យ​ច្រើន​ជាង​បញ្ហា ដែល​នេះ​ជា​ហេតុ​ធ្វើ​ឲ្យ​ពួក​គេ​បាត់​អស់​នៅ​ក្តី​សង្ឃឹម​ ដើម្បី​បន្ត​ធ្វើ​ត​ទៅ​ទៀត។ ដូច្នេះ​ដើម្បី​ជោគជ័យ​អ្នក​មិន​ត្រូវ​បោះបង់​ចោល​ក្តី​សង្ឃឹម​នោះ​ឡើយ ត្រូវ​រក្សា​វា​ឲ្យ​មាន​ជីវិត​ជា​និច្ច​ព្រោះ​មាន​ក្តី​សង្ឃឹម​ថ្ងៃ​ណា​មួយ វា​នឹង​ក្លាយ​ជា​ការ​ពិត។

 

៧) មិន​ត្រូវ​កំណាញ់​ពេក​នោះ​ឡើយ ៖ ភាព​ប្រកួត​ប្រជែង​គ្នា​តែង​កើត​មាន​ជា​និច្ច​ មិន​ថា​តែ​ក្នុង​អាជីវកម្ម ឬ ជីវិត​ឯកជន​នោះ​ទេ ប៉ុន្តែ​អ្វី​ដែល​ល្អ​បំផុត​នោះ​គឺ​ការ​ចេះ​ចែក​រំលែក​នូវ​បទពិសោធន៍​ខ្លួន​ជូន​ដល់​អ្នក​ដែល​មិន​ទាន់​បាន​ជោគជ័យ ឲ្យ​ពួក​គេ​ទទួល​ជោគជ័យ​ដែរ ទើប​ជា​ជោគជ័យ​ពិត​របស់​អ្នក នេះ​បើ​តាម​លោក George Lucas។

 

៨) បន្ត​ភាព​រីករាយ​ជា​មួយ​ចំណូល​ចិត្ត កុំ​បន្ត​ភាព​រីករាយ​ជា​មួយ​ការ​កម្សាន្ត ៖ សកម្មភាព​កម្សាន្ត​ដែល​ធ្វើ​ឲ្យ​អ្នក​សប្បាយ​រីករាយ​គឺ​ជា​សកម្មភាព​ខ្លី​មួយ​រយៈ​ពេល​ប៉ុណ្ណោះ។ ចំណែក​ឯ​ភាព​រីករាយ​ជា​មួយ​ចំណូល​ចិត្ត​គឺ​ជា​សកម្មភាព​យូរ​អង្វែង​ ចំពោះ​អ្វី​ដែល​អ្នក​ចូល​ចិត្ត​ធ្វើ​ចេញ​ពី​ចិត្ត ខណៈ​ពេល​រីក​រាយ​ជាមួយ​ការ​កម្សាន្ត​គឺ​ជា​សកម្មភាព​កើត​ចេញ​ពី​បរិស្ថាន​ជុំវិញ​អ្នក​ប៉ុណ្ណោះ។

 

៩) ធ្វើ​ជា​មនុស្ស​មាន​ចិត្ត​មេត្តាករុណា ៖ លោក George Lucas រៀបរាប់​ថា​ នៅ​ពេល​កុមារ​នៅ​ក្មេង​រឿង​មួយ​សំខាន់​ដែល​អ្នក​គួរ​បង្រៀន​ពួក​គេ គឺ​ភាព​មាន​ចិត្ត​មេត្តា​ករុណា​ ព្រោះ​ចិត្ត​មេត្តាករុណា​គឺ​ជា​អាថ៌កំបាំង​ដែល​ធ្វើ​ឲ្យ​ជីវិត​មាន​សុភមង្គល។

 

១០) ជួយ​យក​អាសា​អ្នក​ដទៃ ៖ តួនាទី​របស់​អ្នក​ជោគជ័យ​គឺ​ត្រូវ​ចេះ​ជួយ​បុគ្គល​ដទៃ​ក្នុង​សហគមន៍​តែ​មួយ​ឲ្យ​ជោគជ័យ​ដែរ មិន​មែន​ជា​អ្នក​ដែល​ចាំ​ជាន់​ពន្លិច​ឲ្យ​ពួក​គេ​រង​នូវ​បរាជ័យ​ឡើយ។ ការ​ណែនាំ ការ​ពន្យល់ បង្រៀន​ទៅ​កាន់​មនុស្ស​ពី​របៀប​នៃ​ការ​បង្កើត​ភាព​ជោគជ័យ នោះ​ទើប​ជា​ជោគជ័យ​ពិត​ប្រាកដ​របស់​មនុស្ស។

Author: ​ប្រែ​សម្រួល​៖ ជី លី​ស៊ុន Source: youtube.com, en.wikipedia.org, Forbes.com