ផា​ន់ គ្រាន់ និង​ឡៅ ចិ​ត្រា ឡើង​ប្រកួត​ជាមួយ​ថៃ​នៅ​ថ្ងៃខាន​ស្អែក

រាជធានី​ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃ​សៅរ៍​ទី​២៦ មីនា ខានស្អែក​នេះ ការ​ប្រកួត​ប្រដាល់​អន្តរជាតិ​រៀង​រាល់​២​ស​ប្ដា​ហ៍​ម្ដង​សម្រាប់​ថ្ងៃ​សៅរ៍​របស់​ស្ថានីយទូរទស្សន៍​អាស៊ី​អាគ្នេយ៍ នឹង​ចាប់ផ្ដើម​ជា​ថ្មី​ទៀត​ហើយ អម​ដោយ​ការ​ប្រកួត​វិល​ជុំ​របស់​កីឡាករ​៨​រូប​នៅ​លើ​សង្វៀន​នេះ​ផង​ដែរ​។ កីឡាករ​ល្បីឈ្មោះ​ផា​ន់ គ្រាន់ និង​ឡៅ ចិ​ត្ត្រា ដែល​ជា​ប្អូនប្រុស​របស់ ឡៅ ច​ន្ទ្រា នឹង​ត្រូវ​គេ​ឲ្យ​ប៉ះ​ប្រកួត​ជាមួយ​កីឡាករ​ថៃ​នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ ចាប់ពី​ម៉ោង​២​រសៀល​តទៅ ។

កីឡាករ ផា​ន់ គ្រាន់ ដែល​អ្នក​ណា​ក៏​ស្គាល់​ថា​ ជា​ជើង​ខ្លាំង​ស្រាប់​នឹង​ត្រូវ​ស្វាគមន៍​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ ឃុន ភេ​ន ក្នុង​ប្រភេទ​ទម្ងន់​៦៥​គីឡូក្រាម ។ កីឡាករ​ទាំង​ពីរ​នឹង​ឡើង​ប៉ះ​គ្នា​នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់ K-Cement ដែល​ក្នុង​ពេល​នេះ ក៏​មានការ​ប្រកួត​ដណ្ដើម​ពិន្ទុ​របស់​កីឡាករ​៤​រូប​នៅ​ក្នុង​ពូ​ល B ឆ្ពោះទៅ​កាន់ការ​ប្រកួតប្រជែង​យក​តំណែង​ជើងឯក​នៅ​លើ​សង្វៀន​ដែរ ។ ការ​ប្រកួត​របស់​គូ​នេះ ត្រូវ​គេ​កត់សម្គាល់​ពី​ស្នាដៃ​រួច​ទៅ​ហើយ ដោយសារ​តែ​កីឡាករ ផា​ន់ គ្រាន់ ក៏​មាន​ប្រវត្តិ​មិនធម្មតា ហើយ​កីឡាករ​ថៃ​ក៏​ខ្លាំង​ក្នុង​ការ​វាយ​ផ្ដួល​គូប្រកួត​។ ភាគី​ខាង​កម្ពុជា​គឺជា​កីឡាករ​ដែល​មានឈ្មោះ​បោះ​សំឡេង​នៅ​លើ​សង្វៀន ប៉ុន្តែ​កីឡាករ ឃុន ភេ​ន ក៏​មិន​ណ​យ​នោះ​ដែរ ដោយ​ផ្អែក​តាម​បទ​ពិសោធន៍​ឡើង​រេញ​របស់​គេ គឺ​ច្រើន​ដង និង​មាន​ប្រវត្តិ​មិនធម្មតា​សម្រាប់​ការ​ប្រកួត​ប៉ុន្មាន​លើក​ចុង​ក្រោយ ។

ផា​ន់ គ្រាន់ និង​ឡៅ ចិ​ត្រា ឡើង​ប្រកួត​ជាមួយ​ថៃ​នៅ​ថ្ងៃខាន​ស្អែក

លោក ថៃ អ៊ូ អ្នកដឹកនាំ​កីឡាករ​ថៃ​ឲ្យ​មក​ប្រកួត​បាន​បង្ហាញ​ពី​ភាព​ជឿជាក់​ក្នុង​ពេល​ដែល​ការ​អះអាង​របស់​លោក​ត្រូវ​គេ​កត់សម្គាល់​រមែង​លេច​ចេញ​លទ្ធផល បន្ទាប់​ពី​សមាស​ភាព កីឡាករ​ថៃ​ឲ្យ​តែ​លោក​ជឿជាក់ គឺ​ច្រើន​តែ​អាច​បំបាក់​កីឡាករ​កម្ពុជា​នៅ​ក្រោយ​ការ​ប្រកួត​។ កីឡាករ​កម្ពុជា​ភាគច្រើន​ក្នុង​ប៉ុន្មាន​ខែ​ចុង​ក្រោយ​មិន​ថា​អ្នក​ស្ថិត​ក្នុង​ជួរ​ទី​១ ឬ​ជួរ​ទី​២​នោះ​ទេ សុទ្ធតែ​ត្រូវ​បាន​កីឡាករ​ថៃ​ដែល​យក​មក​ប្រកួត​ដោយ​លោក ថៃ អ៊ូ ធ្វើការ​ព្រមាន និង​វាយបំបាក់​ឲ្យ​ស្គាល់​បរាជ័យ ទើប​ក្នុង​ពេល​ខ្លះ​ការ​ព្យាករ​របស់​អ្នកដឹកនាំ​កីឡាករ​ថៃ​ឲ្យ​មក​ប្រកួត​នៅ​សង្វៀន​ទូរទស្សន៍​ក្នុងស្រុក​មួយ​នេះ ត្រូវ​គេ​ជឿជាក់ ។ មានការ​យល់​ឃើញ​ថា កីឡាករ​ថៃ​ដែល​មក​ប្រកួត​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ កាន់តែ​ពិបាក​ឲ្យ​ជើង​ខ្លាំង​កម្ពុជា​យកឈ្នះ ដោយសារ​តែ​កីឡាករ​ថៃ​ដែល​បាន​នាំ​មក​គឺជា​កីឡាករ​អាជីព​របស់​ថៃ និង​ដោយសារ​តែ​កីឡាករ​កម្ពុជា​កាន់តែ​ល្បី​កាន់តែ​ធ្លាក់ដៃ ព្រោះ​មិនសូវ​ហ្វឹកហាត់​បាន​ល្អ ដូច​គ្នា​នឹង​កីឡាករ​ថៃ ។ លោក ថៃ អ៊ូ បាន​អះអាង​ថា កីឡាករ ឃុន ភេ​ន គឺជា​កីឡាករ​ម្នាក់​ដែល​មាន​ថ្វីដៃ​មុត​ស្រួច ហើយ​បើ​ទោះជា ផា​ន់ គ្រាន់ ជា​ជើង​ខ្លាំង​ម្នាក់​របស់​កម្ពុជា ក៏​ទំនងជា​មិន​ងាយ​ទប់ទល់​បាន​ដែរ​សម្រាប់​ការ​ប៉ះ​គ្នា​នៅ​រសៀល​ថ្ងៃស្អែក ។

ទោះបី​យ៉ាងណា លោក​បាន​បង្ហាញ​ការ​ព្យាករ​ថា ប្រសិនបើ​កីឡាករ​កម្ពុជា​អាច​បញ្ចេញថ្វីដៃ​ដូច​ជា​កែង និង​ម៉ាត់​បាន​ល្អ និង​រស់​រវើក​ជាង​ដូច​គ្នា​នឹង​អ្វី​ដែល​គេ​ធ្លាប់​បង្ហាញ នោះ​កីឡាករ​របស់​លោក​នឹង​ក្លាយជា​អ្នក​យ៉ាប់​វិញ​ក៏​ថា​បាន ។ លោក​ថា កីឡាករ ឃុន ភេ​ន ធ្លាប់​ប្រកួត​បាន​៨៩​ដង ឈ្នះ​៦៨​ដង ចាញ់​១៨​ដង និង​ស្មើ​៣​ដង ដោយ​ការ​ប្រកួត​របស់​កីឡាករ​រូប​នេះ លោក​ហ៊ាន​អះអាង​ដោយ​ជំនឿ​ចិត្ត​ថា ថ្វីដៃ​ក្នុង​ការ​វាយលុក​របស់​គេ​គឺ​កាន់តែ​ល្អ ដោយសារ​តែ​មុន​យក​មក​គេ​បាន​ហ្វឹកហាត់​គ្រប់គ្រាន់ ។ លោក​ថា ការ​ប្រកួត​ប៉ុន្មាន​លើក​ចុង​ក្រោយ​របស់​កីឡាករ​រូប​នេះ ធ្វើ​ឲ្យ​អ្នក​ស្នេហា​ការ​ប្រដាល់​នៅ​ក្នុង​ប្រទេស​ថៃ​សុទ្ធតែ​ទទួលស្គាល់​ថ្វីដៃ​របស់​គេ​នៅ​លើ​សង្វៀន ។

យ៉ាងណា​ក៏​ដោយ ផ្ទុយ​ពី​ការ​ព្យាករ​របស់​លោក ក្រុម​អ្នកគាំទ្រ​កីឡាករ​ផា​ន់ គ្រាន់ ក៏​បាន​បញ្ចេញ​ជំនឿ​ចិត្ត​បែប​នេះ​ផង​ដែរ​ថា ការ​យល់​ឃើញ​របស់​លោក​ថៃ អ៊ូ នឹង​មិន​អាច​កើតឡើង​នៅ​ពេល​ការ​ប្រកួត​លេច​ចេញ​ជា​ផ្លូវការ ។ មនុស្ស​ជា​ច្រើន​មិន​យល់​ឃើញ​ថា​កីឡាករ​ផា​ន់ គ្រាន់ ទៅ​មិន​រួច​ជាមួយ​កីឡាករ​ថៃ​នោះ​ទេ ដោយសារ​សំអាង​ថា​គេ​មាន​ថ្វីដៃ​រស់​រវើក ហើយ​កម្លាំង​ក៏​ខ្លាំង ។ ម្យ៉ាង​កីឡាករ​ផា​ន់ គ្រាន់ ធ្លាប់​ស៊ី​កីឡាករ​បរទេស​រាប់​មិន​អស់នោះ​ផង ទើប​ការ​ប្រកួត​សម្រាប់​ថ្ងៃស្អែក​មិន​អាច​ក្លាយជា​ឧបសគ្គ​របស់​គេ​នោះ​ឡើយ ។ ថ្វី​ដ្បិតតែ​ប្រវត្តិ​ប្រកួត​របស់​គេ​តិច​ជាង​កីឡាករ​ថៃ​ក៏​ពិតមែន ក៏​ភាព​រហ័ស និង​បទ​ពិសោធន៍​នៅ​លើ​សង្វៀន គឺ​អាច​គ្រប់គ្រាន់​សម្រាប់​ការ​ប្រកួត​នៅ​រសៀល​ស្អែក ។ ផា​ន់ គ្រាន់ ឆ្លងកាត់​ការ​ប្រកួត​បាន​៧៧​លើក ឈ្នះ​៦៦​លើក ចាញ់​១០​លើក និង​ស្មើ​១​លើក ដោយ​មិន​ទាន់​រាប់​បញ្ចូល​ការ​ប្រកួត​ក្រៅផ្លូវការ​ដែល​បាន​ធ្វើ​ឡើង​នៅឡើយ ។ ដូច្នេះ​ទាំង​បទ​ពិសោធន៍ និង​ភាព​ប៉ិន​ប្រសប់​គេ​ចាត់​ទុក​ថា​កីឡាករ​រូប​នេះ ក៏​ចាស់ទុំ​ណាស់​ដែរ​សម្រាប់​អាជីព​ជា​អ្នក​ប្រដាល់​របស់​គេ ។ ក្រុម​អ្នក​ទុកចិត្ត​គ្រូបង្វឹក​លោក ផា​ន់ ផា​ណាត របស់​ក្លិប​គជសារ​កីឡា នៅ​តែ​ផ្ដល់​ទំនុកចិត្ត​មួយ​ភាគ​ធំ​ថា​កីឡាករ​កម្ពុជា​រូប​នេះ​នឹង​ទទួល​បាន​ជ័យជម្នះ​សម្រាប់​ការ​ប៉ះ​គ្នា​ជាមួយ​កីឡាករ ឃុន ភេ​ន ។

នៅ​លើ​សង្វៀន​នេះ​ដែរ កីឡាករ ឡៅ ចិ​ត្ត្រា មក​ពី​ក្លិប​កងទ័ព​ឆត្រយោង​៩១១ របស់​លោកគ្រូ ហង្ស ស៊ឺ​ន ក៏​នឹង​ត្រូវ​ប៉ះ​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ មង្គល ភេ​ច ក្នុង​នាម​ជា​គូ​អន្តរជាតិ​បើក​ឆាក ។ កីឡាករ​ថៃ​រូប​នេះ​ក៏​មិនធម្មតា​ដែរ​សម្រាប់​ការ​ប្រកួត​របស់​គេ​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​កន្លង​មក​។ គេ​ធ្លាប់​ប្រកួត​បាន​៥១​លើក ឈ្នះ​៤៧​លើក ចាញ់​៤​លើក និង​មិន​ដែល​ស្មើ ខណៈ​ដែល​ប្អូនប្រុស​របស់​ឡៅ ច​ន្ទ្រា ដែល​ជា​ជើង​ខ្លាំង​ឯណេះ​វិញ គេ​ទើបតែ​ប្រកួត​បាន​១៦​លើក ឈ្នះ​១១​លើក ចាញ់​៣​លើក និង​ស្មើ​២​លើក​ប៉ុណ្ណោះ​នៅ​លើ​សង្វៀន តែ​ត្រូវ​បាន​គណៈកម្មការ​រៀបចំ​ការ​ប្រដាល់​សាកល្បង​ឲ្យ​ឡើង​វាយ​គូ​អន្តរជាតិ​ដើម្បី​ស្ទាបស្ទង់​សមត្ថភាព ។ គូ​នេះ មានការ​ព្យាករ​១០០%​ថា កីឡាករ​ថៃ​នឹង​ឈ្នះ បើ​ទោះជា​កីឡាករ​ឡៅ ចិ​ត្ត្រា នៅ​ក្មេង​ពេញកម្លាំង និង​មាន​ថ្វីដៃ​មិន​អន់​ក្ដី ៕