បវរកញ្ញា​ចក្កវាឡ​រក​ឃើញ​ម្ចាស់​ស្នេហ៍​ជា​វេជ្ជបណ្ឌិត

បវរកញ្ញា​ចក្កវាឡ ២០១៥ នាង Pia Wurtzbach បាន​រក​ឃើញ​ម្ចាស់​បេះដូង​ជា​វេជ្ជបណ្ឌិត​រាង​សង្ហា វ័យ​២៦​ឆ្នាំ លោក Mikhali Varshavski ។ អ្នក​ទាំង​ពីរ​សារភាព​ថា​បាន​នៅ​ជាមួយ​គ្នា​ដូច​ជា​ញ៉ាំ​អាហារ ហាត់ប្រាណ​ជាមួយ​គ្នា​នៅ​កន្លែង​កាយសម្ព័ន្ធ បន្ទាប់​ពី​បាន​ជួប​គ្នា​កាលពី​ខែកុម្ភៈ ។ 

ទោះបី​ពន្លក​ស្នេហ៍​របស់​ពួក​គេ​កើតឡើង​រយៈពេល​ខ្លី តែ អ្វី​ៗ​ដូច​ជា​ចំណង​ស្នេហ៍​រាប់​ឆ្នាំ​ដោយសារ​តែ​រូបថត​បង្ហាញ​ពី​ភាព​ល្អូកល្អិន​របស់​ពួក​គេ ។ គូស្នេហ៍​វ័យ​ស្របាល​គ្នា​នេះ​មិន​ទាន់​បង្ហើប​ពី​ថ្ងៃ​ភ្ជាប់ពាក្យ ឬ​រឿង​រៀប​ការ​ទេ តែ​ពួក​គេ​ថែរក្សា​ពន្លក​ស្នេហ៍​ឱ្យ​ដុះដាល​សិន ។

លោក Mikhali និយាយ «​ខ្ញុំ​ចាប់អារម្មណ៍​នាង Pia មិនមែន​ដោយសារ​នាង​ជា​ម្ចាស់​មកុដ​បវរកញ្ញា​ចក្កវាឡ​ទេ ពោល​គឺ​ភាព​ទន់ភ្លន់ និង​ស្នាមញញឹម​របស់​នាង​ធ្វើ​ឱ្យ​ខ្ញុំ​ពេញចិត្ត និង​ចាប់ផ្តើម​សុំ​នាង​ញុ​ាំ​អាហារ​តែ​ពីរ​នាក់​ជាមួយ​គ្នា​» ។

Mikhali Varshavski ចាប់ផ្តើម​ល្បីឈ្មោះ​បន្ទាប់​ពី​បាន​ស្ថិត​ក្នុង​តារាង​ជា​កំពូល​វេជ្ជបណ្ឌិត​សង្ហា​បំផុត ដែល​រៀបចំ​ឡើង​ដោយ​ទស្សនាវដ្តី People Magazine ។ ពួក​គេ​ទាំង​ពីរ​នាក់​បាន​ទទួល​ការ​ជូនពរ​ពី​អ្នកគាំទ្រ និង​មិត្តភក្តិ​ជា​ច្រើន​ចំពោះ​ចំណង​ស្នេហ៍​ថ្មីថ្មោង​នេះ ៕