លោក អេង ឆៃអ៊ាង បញ្ជាក់ថា មន្ត្រី​អង្គការសហប្រជាជាតិ​ចាប់អារម្មណ៍​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា​

ប្រធាន​គណៈកម្មការ​សិទ្ធិមនុស្ស និង​ទទួល​ពាក្យបណ្ដឹង នៃ​រដ្ឋសភា​ដែល​ដឹកនាំ​ដោយ លោក អេង ឆៃអ៊ាង បាន​បញ្ជាក់ថា អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ផ្នែក​សិទ្ធិមនុស្ស​នៅ​កម្ពុជា លោកស្រី រ៉ូ​ណា ស្មី​ត បាន​ចាប់អារម្មណ៍​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា ពិសេស​យន្តការ បញ្ហា និង​លទ្ធផល​ដែល​គណៈកម្មការ​សិទ្ធិមនុស្ស​នៃ​រដ្ឋសភា​ធ្វើបាន​។​

​លោក អេង ឆៃអ៊ាង បាន​ពន្យល់ថា​មន្ត្រី​អង្គការសិទ្ធិមនុស្ស​នៃ​អង្គការសហប្រជាជាតិ​ក៏បាន​ស្វែងយល់​ពី​បញ្ហា​ទំនាស់​ដីធ្លី និង​ជំរុញ​ឲ្យ​មានច្បាប់​មួយ​ដើម្បី​រួមចំណែក​ដោះស្រាយ​ទំនាស់​ដីធ្លី​នៅ​កម្ពុជា​ឲ្យ​មាន​ប្រសិទ្ធភាព​។ គួរ​បញ្ជាក់ថា អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ផ្នែក​សិទ្ធិមនុស្ស​នៅ​កម្ពុជា លោកស្រី រ៉ូ​ណា ស្មី​ត មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា រយៈពេល​១០​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​២១ ដល់​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ ២០១៦​។​

​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា លោកស្រី រ៉ូ​ណា ស្មី​ត ត្រូវគេ​សង្កេតឃើញថា ក៏បាន​ផ្តោត​សំខាន់​ចំពោះ​បញ្ហា​សុវត្ថិភាព​តំណាងរាស្ត្រ និង​ការព្យួរ​អភ័យឯកសិទ្ធិ តំណាងរាស្ត្រ​។ មន្ត្រី​អង្គការសហប្រជាជាតិ លោកស្រី រ៉ូ​ណា ស្មី​ត ក៏​ចង់ឃើញ​ការ​ថ្កោលទោស និង​ជំរុញ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ ចាត់វិធានការ​ចាប់​ជន​ប្រព្រឹត្ត មក​ផ្ដន្ទាទោស​តាមច្បាប់ ដើម្បី​រក​យុត្តិធម៌​ជូន​ជនរងគ្រោះ និង​គប្បី​បង្កើន​ការយកចិត្តទុកដាក់​ថែមទៀត ចំពោះ​សុវត្ថិភាព​របស់​តំណាងរាស្ត្រ​គ្រប់ៗ​រូប​។​

​ជុំវិញ​បញ្ហា​ខាងលើនេះ លោកស្រី រ៉ូ​ណា ស្មី​ត ក៏បាន​ជំរុញ​ឲ្យ​រដ្ឋសភា ក៏ដូចជា​រដ្ឋាភិបាល​ក​ម្ពុ​ជា គប្បី​ដោះស្រាយ​បញ្ហា​អតុល្យភាព​ស្ត្រី​ក្នុងការ​ដឹកនាំ​ក្នុង​ស្ថាប័នរដ្ឋ​ដែល​លោកស្រី​គិតថា រដ្ឋ​គួរ​មាន​វិធាន ការ​ពិសេស​ក្នុងការ​បង្កើន​ចំនួន​ស្ត្រី​ក្នុង​ស្ថាប័ន​របស់ខ្លួន រួមទាំង​ស្ត្រី​ដែលជា តំណាង​ជនជាតិភាគតិច​ផងដែរ​។ បន្ថែម​លើ​នោះ លោកស្រី រ៉ូ​ណា ស្មី​ត  ក៏បាន​លើកឡើង ពី​ដំណើរការ​នៃ​ការអនុម័ត​ច្បាប់ ដោយ​ផ្ដោតទៅលើ​ច្បាប់​ស្ដីពី​សហជីព​ជាពិសេស​៕

7695_1058737680857646_6992340176828649328_n 1937207_1058737697524311_1665517870205086428_n 12814554_1058737794190968_7995020585128824709_n