ជំនួញ​ឈើ​គ្រញូង​ឆ្លងកាត់​ខេត្តឧត្ដរមានជ័យ នៅតែ​កើតឡើង​ឥតឈប់ឈរ​

ប្រភពពី​មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​ឲ្យ​ដឹងថា រហូតមកដល់​ពេលនេះ​បទល្មើស​ជួញដូរ​ឈើ​គ្រញូង​នៅតែ​បន្ត​កើតមាន​យ៉ាង​ពេញបន្ទុក​ដដែល ព្រោះ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​និង​អាជ្ញាធរខេត្ត មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​ឡើយ​។ ជាងនេះទៅទៀត​ករណី​ឈ្មួញ​បញ្ចុះបញ្ចូល​ឲ្យ​ប្រជាពលរដ្ឋ​ក្រីក្រ​ចូលទៅ​កាប់​ឈើ​គ្រញូង​លើទឹក​ដី​សៀម​យកមក​លក់​ឲ្យ​ពួកគេ​នៅតែ​កើតឡើង​ដដែល ជាក់ស្តែង​ថ្មីៗ​នេះ​យោធា​ការពារ​ព្រំដែន​សៀម​បាន​ចាប់​ឃាត់ខ្លួន​ប្រជាពលរដ្ឋ​ខ្មែរ​ជា​បន្តបន្ទាប់​។ មានការ​រិះគន់ថា មន្ត្រីជាន់ខ្ពស់​ក្នុង​ខេត្តឧត្ដរមានជ័យ និង​មន្ត្រី​យោធា​ក្នុង​ខេត្ត​នេះ គឺជា​អ្នក​ជាប់​ពាក់ព័ន្ធ​នឹង​ជំនួញ​ឈើ​គ្រញូង​ខុសច្បាប់​ទើប​គ្មាន​សមត្ថកិច្ច​ណា​បង្ក្រាប​។

កាលពី​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០១៦ មន្ត្រី​ផ្នែក​រដ្ឋបាល​ព្រៃឈើ​អន្លង់វែង និង​មន្ត្រី​សង្កាត់រដ្ឋបាល​ព្រៃឈើ​ត្រពាំង​ប្រាសាទ បាន​សហការ​ជាមួយ​កងរាជអាវុធហត្ថ​ស្រុក​ត្រពាំង​ប្រាសាទ បាន​បង្ក្រាប​បទល្មើស​ដឹក​ជញ្ជូន​ឈើ​ប្រណីត​ខុសច្បាប់​មួយ​ករណី​នៅ​ភូមិ​ទួល​តាសេក ឃុំ​បាក់​អន្លង់ ស្រុក​ត្រពាំង​ប្រាសាទ​។ នៅក្នុង​ប្រតិបត្តិការ​នោះ​សមត្ថកិច្ច​ឃាត់​រថយន្ត​ឡិច​ស៊ី​ស​៤៧០​មួយគ្រឿង ពាក់​ស្លាក​លេខ​ភ្នំពេញ​2X-0012 និង​ឈើ​គ្រញូង​៥១​ដុំ ទម្ងន់​៥០១​គីឡូក្រាម ហើយ​ឃាត់ខ្លួន​មនុស្ស​២​នាក់​ផងដែរ​។ ទោះជា​យ៉ាងណា​សមត្ថកិច្ច​មិនទាន់​ស្រាវជ្រាវ​វែកមុខ​មេខ្លោង​ដែល​នៅ​ពីក្រោយ​បទល្មើស​ជួញដូរ​ឈើ​គ្រញូង​ខុសច្បាប់​ដែល​សមត្ថកិច្ច​បង្ក្រាប​ក្នុងស្រុក​អន្លង់វែង​នៅឡើយ​ទេ​។

​គួរ​រំលឹក​ដែរ​ថា កន្លងមក​បទល្មើស​ជួញដូរ​ឈើ​គ្រញូង​ក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ ជាប់​ពាក់ព័ន្ធ​ទៅនឹង​មន្ត្រីជាន់ខ្ពស់​ក្នុង​ខេត្ត ក៏ដូចជា​មន្ត្រី​យោធា​ដែល​ពាក់​ផ្កាយ​លើ​ស្មា​ទៀតផង​។ ក្រុម​ឈ្មួញ​ធំៗ​ជួញដូរ​ឈើ​គ្រញូង​ក្នុង​ខេត្តឧត្ដរមានជ័យ មិនដែល​ត្រូវបាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ ចាត់វិធានការ​តាមច្បាប់​ឡើយ គឺ​គេ​បង្ក្រាប​បានតែ​ឈ្មួញ​តូចតាច​ដើម្បី​ជាការ​ព្រមាន និង​យក​ស្នាដៃ​បង្ហាញ​ថ្នាក់លើ​។ ការពិត​ឈ្មួញ​ធំៗ​ដែលជា​មន្ត្រីជាន់ខ្ពស់ មន្ត្រី​យោធា​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍ នៅតែ​អាច​បញ្ចុះបញ្ចូល​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ក្រីក្រ​ឆ្លងដែន​ខុសច្បាប់​ចូល​កាប់​ឈើ​គ្រញូង​លើទឹក​ដី​សៀម​ដដែល​។ ដូច្នេះ​ដើម្បី​ទប់ស្កាត់​បទល្មើស​ជួញដូរ​ឈើ​គ្រញូង​នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ គឺ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​វែកមុខ​ឈ្មួញ​ធំៗ​យកទៅ​ផ្ដន្ទាទោស​តាមច្បាប់ ដើម្បី​កុំ​ឲ្យ​កើតមាន​ឧក្រិដ្ឋកម្ម​ឈើ​គ្រញូង​ប្រឡាក់​ឈាម​តទៅទៀត​៕

12891620_686331214842149_1325976312140051444_o 12898206_686331218175482_724571001566491494_o 12885985_686331211508816_1948500119434056906_o