ឈ្មួញ​នាំចូល​ឆ្អឹង​មាន់ខូចគុណភាព​មាន​ផ្ទុក​សារធាតុ​គីមី ដល់​ខេត្តសៀមរាប​រាប់តោន

​រហូតមកដល់​ពេលនេះ​ឈ្មួញ​នៅតែ​អាច​នាំចូល​ឆ្អឹង​មាន់ ជង្គង់​មាន់ ស្លាបមាន់ និង​ប្រហិត ខូចគុណភាព​មាន​ផ្ទុក​សារធាតុ​គីមី​មក​ចែកចាយ​នៅលើ​ទីផ្សារ​ប្រទេស​កម្ពុជា​បាន​យ៉ាង​រលូន​ដដែល ដោយសារ​សមត្ថកិច្ច​ច្រកព្រំដែន​ជាពិសេស​មន្ត្រី​កាំកុងត្រូល​គិតគូរ​តែ​រឿង​ប្រមូល​លុយ​ដាក់​ហោប៉ៅ​។ ជាក់ស្តែង​កាលពី​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០១៦ សមត្ថកិច្ច​ខេត្តសៀមរាប បាន​បង្ក្រាប​ទីតាំង​លួច​នាំចូល​ឆ្អឹង​មាន់​ខូចគុណភាព​ពី​ប្រទេស​សៀម​មួយកន្លែង​ក្នុងភូមិ​មណ្ឌល​៣ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប ហើយ​រឹបអូស​យក​ឆ្អឹង​មាន់​ខូចគុណភាព​និង​មាន​លាយ​សារធាតុ​គីមី​ជាង​២​តោន​។

កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តសៀមរាប មិនបាន​បញ្ជាក់​អំពី​ច្រកព្រំដែន​ដែល​ឈ្មួញ​នាំចូល​ឆ្អឹង​មាន់​ខូចគុណភាព​ជាង​២​តោន​យកមក​ចែកចាយ​លើ​ទីផ្សារ​ក្នុង​ខេត្តសៀមរាប​នោះទេ ដោយ​គ្រាន់តែ​អះអាងថា​ឈ្មួញ​នាំចូល​ពី​ប្រទេស​សៀម​។ ក្នុងការ​បង្ក្រាប​ជាក់ស្តែង​សមត្ថកិច្ច​រកឃើញ​ឆ្អឹង​មាន់​ខូចគុណភាព​ចំនួន​២៤០​ថង់​ស្មើនឹង​២៤៥៧​គីឡូក្រាម​។ ឆ្អឹង​មាន់​ខូចគុណភាព​នេះ​អាចធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សុខភាព​ប្រជាពលរដ្ឋ​ខ្មែរ​ដែលជា​អ្នក​ទទួលទាន ព្រោះ​ឈ្មួញ​មិន​យកទៅលក់​ឲ្យ​អ្នក​ចិញ្ចឹម​ក្រពើ​ទេ គឺ​គេ​ចែកចាយ​លើ​ទីផ្សារ​សម្រាប់​ប្រជាពលរដ្ឋ​ក្រីក្រ​ទិញយក​ទៅ​ចំ​អិនបរិភោគ​។​

ការបង្ក្រាប​កន្លែង​នាំចូល​ឆ្អឹង​មាន់​ខូចគុណភាព​នៅ​ភូមិ​មណ្ឌល​៣ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប​នោះដែរ សមត្ថកិច្ច​ឃាត់ខ្លួន​មនុស្ស​ម្នាក់​ឈ្មោះ លុយ តាំង​ឈ​យ អាយុ​៤៣​ឆ្នាំ ភេទ​ប្រុស ជនជាតិខ្មែរ រស់នៅ​កន្លែង​នោះ​តែម្តង​។ ម្ចាស់​ឆ្អឹង​មាន់​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​និង​វត្ថុតាង​ឆ្អឹង​មាន់​ខូចគុណភាព​២៤៥៧​គីឡូក្រាម ត្រូវ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តសៀមរាប ប្រគល់ជូន​មន្ត្រី​កាំកុងត្រូល​ជា​អ្នកចាត់ការ​តាម​នីតិវិធី​។ ទោះជា​យ៉ាងណា​មជ្ឈដ្ឋាន​នានា​អំពាវនាវ​ឲ្យ​មានការ​វែកមុខ​សមត្ថកិច្ច​គយ និង​មន្ត្រី​កាំកុងត្រូល​នៅ​ច្រកព្រំដែន ដែល​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ឆ្អឹង​មាន់​ខូចគុណភាព​មាន​ផ្ទុយ​សារធាតុ​គីមី ដើម្បី​ចាត់វិធានការ​តាមច្បាប់​ផងដែរ​។ បើ​មិន​ដូច្នេះ​ទេ​ការបង្ក្រាប​បទល្មើស​នាំចូល​ឆ្អឹង​មាន់ ស្លាបមាន់ ជង្គង់​មាន់ ឬ​ប្រហិត ខូចគុណភាព​មាន​ផ្ទុក​សារធាតុ​គីមី ពុំមាន​ប្រសិទ្ធភាព​ឡើយ​៕

d08dd396bf2ecdefcb5af55e72c1fda0