ក្រុមហ៊ុន​ហ្រី្គ​ន​រ៉ាប់​ប៊ឺ បំពាន​លើដី​ធ្លី​ពលរដ្ឋ​ក្នុង​ខេត្តសៀមរាប និង​ព្រះវិហារ ហើយ​ប្ដឹង​ពលរដ្ឋ​ថែមទៀត​

ក្រុមមន្ត្រី​អង្គការសិទ្ធិមនុស្ស​កំពុង​តាមដាន​ដោយ​យកចិត្តទុកដាក់​រឿង​ជម្លោះដីធ្លី​រវាង​ក្រុមហ៊ុន​ហ្រី្គ​ន​រ៉ាប់​ប៊ឺ ជាមួយ​ប្រជាពលរដ្ឋ​នៅ​ស្រុក​គូលែន ខេត្តព្រះវិហារ និង​ស្រុក​ស្វាយ​លើ ខេត្តសៀមរាប ក្រោយពេល​ក្រុមហ៊ុន​នេះ​បំពាន​លើ​ដីធ្លី​ប្រជាពលរដ្ឋ​ហើយ ប្ដឹង​ប្រជាពលរដ្ឋ​ទៅ​តុលាការ​ថែមទៀត​។ មន្ត្រី​អង្គការសិទ្ធិមនុស្ស​បាន​លើកឡើង​ថាបើ​ក្រុមហ៊ុន​ហ្រី្គ​ន​រ៉ាប់​ប៊ឺ មិន​បំពាន​លើ​ដីធ្លី​របស់​ពលរដ្ឋ​ទេនោះ គឺ​ពលរដ្ឋ​មិន​ដុត​រោង​យាម​និង​សម្ភារៈ​របស់​ក្រុមហ៊ុន​ឡើយ ដូច្នេះ​លោក អ៊ុំ ម៉ា​រ៉ា អភិបាលខេត្ត​ព្រះវិហារ និង​លោក ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប គួរ​ការពារ​ផលប្រយោជន៍​ប្រជាពលរដ្ឋ​រងគ្រោះ​ខ្លះ​ផង​។

ទាក់ទង​បញ្ហា​ខាងលើនេះ អាជ្ញាធរ​មូលដ្ឋាន​ក្នុងស្រុក​គូលែន ខេត្តព្រះវិហារ និង​ស្រុក​ស្វាយ​លើ ខេត្តសៀមរាប កំពុង​ព្រួយបារម្ភ​ថា​ប្រជាពលរដ្ឋ​ខ្លះ​អាច​ប្រឈម​នឹង​ចំណាត់ការ​របស់​តុលាការ​ទាក់ទង​ទៅនឹង​ការបំផ្លាញ​ទ្រព្យសម្បត្តិ​ក្រុមហ៊ុន​ហ្រី្គ​ន​រ៉ាប់​ប៊ឺ​។ ដោយហេតុថា តុលាការ​តែងតែ​ការពារ​ផលប្រយោជន៍​ក្រុមហ៊ុន​យ៉ាង​គឃ្លើន បើទោះបី​ក្រុមហ៊ុន​ឯកជន​គឺជា​អ្នក​ប្រើ​អំណាច​បំពាន​លើ​ដីធ្លី​ប្រជាពលរដ្ឋ​យ៉ាងណាក៏ដោយ​។ សេចក្ដី​ព្រួយបារម្ភ​របស់​មន្ត្រី​អាជ្ញាធរ បាន​កើតឡើង​ក្រោយពេល​អ្នកភូមិ​ប្រមាណ​៣០០​នាក់​ក្នុងស្រុក​គូលែន និង​ស្រុក​ស្វាយ​លើ បាននាំគ្នា​តវ៉ា​ប្រឆាំង​ក្រុមហ៊ុន​ហ្រី្គ​ន​រ៉ាប់​ប៊ឺ ដែល​ធ្វើ​សកម្មភាព​រំលោភ​លើដី​ធ្លី​ស្រែចម្ការ​របស់​ពួកគាត់ ទើប​ពួកគាត់​ដុត​រោង​យាម​និង​សម្ភារៈ​មួយចំនួន​របស់​ក្រុមហ៊ុន​កាលពី​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៦​។ មន្ត្រី​អង្គការសិទ្ធិមនុស្ស​បាន​លើកឡើងថា ក្រុមហ៊ុន​គឺជា​អ្នក​បំពាន​លើដី​ស្រែចម្ការ​របស់​ប្រជាពលរដ្ឋ ទើប​ប្រជាពលរដ្ឋ​តវ៉ា​ប្រឆាំងនឹង​ក្រុមហ៊ុន​ដើម្បី​ការពារ​ដីធ្លី​របស់ខ្លួន​។

ក្រុមមន្ត្រី​អង្គការសិទ្ធិមនុស្ស​ដែល​តាមដាន​ករណីនេះ បាន​ឲ្យ​ដឹងថា ពួកគេ​កំពុង​ឃ្លាំមើល​ដោយ​យកចិត្តទុកដាក់​បន្ទាប់​ពី​ទទួល​ព័ត៌មាន​ថា យ៉ាងហោចណាស់​អ្នកភូមិ​ប្រមាណ​២០​នាក់​ត្រូវបាន​ក្រុមហ៊ុន​ហ្រី្គ​ន​រ៉ាប់​ប៊ឺ ប្ដឹង​ពី​រឿង​ដុតបំផ្លាញ​ទ្រព្យសម្បត្តិ​រប​ស់​ក្រុមហ៊ុន​។ មន្ត្រី​អង្គការសិទ្ធិមនុស្ស​បាន​អំពាវនាវ​ឲ្យ​តុលាការ​ចាត់វិធានការ​ប្រកបដោយ​តម្លាភាព​នៅក្នុង​សំណុំ​រឿងនេះ ដោយសារ​ថាបើ​ក្រុមហ៊ុន​ហ្រី្គ​ន​រ៉ាប់​ប៊ឺ មិន​រំលោភបំពាន​លើ​ដីធ្លី​ស្រែចម្ការ​របស់​ប្រជាពលរដ្ឋ​មុន​ទេនោះ គឺមាន​ហេតុផល​អ្វីដែល​ប្រជាពលរដ្ឋ​ក្នុងស្រុក​គូលែន ខេត្តព្រះវិហារ និង​ស្រុក​ស្វាយ​លើ ខេត្តសៀមរាប តវ៉ា​ប្រឆាំង​ក្រុមហ៊ុន​ឡើយ​។ ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ ក៏​គួរពិនិត្យមើល​បញ្ហា​នេះ​ផងដែរ ព្រោះ​ក្រុមហ៊ុន​ហ្រី្គ​ន​រ៉ាប់​ប៊ឺ ដែល​ទទួលបាន​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល​សម្រាប់​ដាំ​កៅស៊ូ បាន​បំពាន​ទៅលើ​ដីធ្លី​ប្រជាពលរដ្ឋ​យ៉ាង​គឃ្លើន​បំផុត​៕

10លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប 053លោក អ៊ុំ ម៉រ៉ា អភិបាលខេត្តព្រះវិហារ