ជម្លោះដីធ្លី​ដ៏​រ៉ាំរ៉ៃ​ក្នុង​ខេត្តបន្ទាយមានជ័យ នៅតែ​មិនទាន់មាន​ដំណោះស្រាយ​

ជម្លោះដីធ្លី​ក្នុង​ខេត្តបន្ទាយមានជ័យ កើតឡើង​ជាច្រើន​ករណី​ហើយ​ជំនាន់​លោក គោ​ស៊ុំ សារឿ​ត កាន់តំណែង​ជា​អភិបាលខេត្ត​នោះ មិន​យកចិត្តទុកដាក់​ដោះស្រាយ​ជម្លោះដីធ្លី​ជូន​ប្រជាពលរដ្ឋ​ឡើយ ហើយ​គិតតែ​ពី​រឿង​ប្រមូល​លុយ​ធ្វើ​មាន​ធ្វើបាន​យ៉ាង​ក្រអឺតក្រទម​។ ហេតុនេះហើយ​ទើប​នៅពេល​លោក សួន បវរ ឡើង​ធ្វើជា​អភិបាលខេត្ត​បន្ទាយមានជ័យ ត្រូវបាន​មជ្ឈដ្ឋាន​នានា​អំពាវនាវ​ឲ្យ​ចាត់វិធានការ​ដោះស្រាយ​បញ្ហា​ជម្លោះដីធ្លី​ឲ្យ​បាន​ឆាប់ ដើម្បី​ប្រជាពលរដ្ឋ​មាន​ដីធ្លី​រស់នៅ​និង​ប្រកប​របរ​កសិកម្ម​ចិញ្ចឹមជីវិត​។ ជាមួយគ្នានេះ​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​ជម្លោះដីធ្លី​នៅ​ស្រុក​ម៉ាឡៃ ស្រុក​អូរជ្រៅ និង​ក្រុង​ប៉ោយប៉ែត បាន​លើកគ្នា​មក​តវ៉ា​ដល់​មុខក្រសួង​យុត្តិធម៌​ផងដែរ​។

កាលពី​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០១៦ ប្រជាពលរដ្ឋ​ជាង​៥០​នាក់​តំណាង​ឲ្យ​ប្រជាពលរដ្ឋ​ជាង​២០០​គ្រួសារ​មកពី​ស្រុក​ម៉ាឡៃ ស្រុក​អូរជ្រៅ និង​ក្រុង​ប៉ោយប៉ែត បាន​ប្រមូល​ផ្ដុំគ្នា​តវ៉ា​ដោយ​លើក​បដា​និង​ដាក់​ញត្តិ​នៅ​ក្រសួងយុត្តិធម៌​ដែលមាន​លោក អង្គ វង្សវឌ្ឍានា ជា​រដ្ឋមន្ត្រី​។ ប្រជាពលរដ្ឋ​ស្នើ​ឲ្យ​ក្រសួងយុត្តិធម៌ ទប់ស្កាត់​សកម្មភាព​របស់​អ្នកមាន​លុយ អ្នកមានអំណាច កុំ​ឲ្យ​បំពាន​លើដី​ធ្លី​ស្រែចម្ការ​របស់​ពួកគាត់​តទៅទៀត និង​ជំរុញ​ឲ្យ​អាជ្ញាធរខេត្ត​បន្ទាយមានជ័យ ក៏ដូចជា​ស្ថាប័ន​ពាក់ព័ន្ធ​ជួញ​ដោះស្រាយ​ឲ្យ​បាន​ឆាប់​។ តំណាង​ប្រជាពលរដ្ឋ​រងគ្រោះ​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា ពួកគាត់​ធ្លាប់​តវ៉ា​មុខ​សាលាខេត្ត​បន្ទាយមានជ័យ ជាច្រើនលើក​មកហើយ​ឲ្យ​ជួយ​ដោះស្រាយ​ជម្លោះដីធ្លី ប៉ុន្តែ​គ្មាន​ចេញ​ជា​លទ្ធផល​អ្វី​ទាំងអស់​។ តំណាង​ប្រជាពលរដ្ឋ​រងគ្រោះ​បាន​អំពាវនាវ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួយ​ដោះស្រាយ​ដល់​ពួកគាត់​ផងដែរ ដើម្បី​កុំ​ឲ្យ​ពួកគាត់​រងទុក្ខវេទនា​តទៅទៀត​។

ក្នុង​ញត្តិ​ដែល​ប្រជាពលរដ្ឋ​មកពី​ស្រុក​អូរជ្រៅ ស្រុក​ម៉ាឡៃ និង​ក្រុង​ប៉ោយប៉ែត ដាក់ជូន​ក្រសួងយុត្តិធម៌ កាលពី​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០១៦ បានបញ្ជាក់​ថា​ដី​ដែល​អ្នកមាន​លុយ អ្នកមានអំណាច រំលោភបំពាន​ទន្ទ្រាន​កាន់កាប់​នោះ គឺ​នៅ​ស្រុក​អូរជ្រៅ​២៦០​ហិកតា នៅ​ស្រុក​ម៉ាឡៃ​២៦៩​ហិកតា និង​នៅ​ក្រុង​ប៉ោយប៉ែត​៤៣​ឡូត៍​។ ប្រជាពលរដ្ឋ​រងគ្រោះ​បាន​លើកឡើងថា មន្ត្រី​អាជ្ញាធរខេត្ត​បន្ទាយមានជ័យ ជាពិសេស​ពេលដែល​លោក គោ​ស៊ុំ សារឿ​ត ធ្វើជា​អភិបាលខេត្ត ពុំមាន​ឆន្ទៈ​ដោះស្រាយ​ជម្លោះដីធ្លី​ដល់​ពួកគាត់​នោះទេ ហើយ​លោក គោ​ស៊ុំ សារឿ​ត តែងតែ​ការពារ​ផលប្រយោជន៍​អ្នកមាន​លុយ អ្នកមានអំណាច ដោយ​គ្មាន​សេចក្ដី​អៀនខ្មាស​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​ខេត្តបន្ទាយមានជ័យ រីករាយ​យ៉ាងខ្លាំង​នៅពេលដែល​លោក គោ​ស៊ុំ សារឿ​ត ត្រូវបាន​ដកចេញ​ពី​តំណែង​អភិបាលខេត្ត​បន្ទាយមានជ័យ​។ ជាមួយគ្នានេះ​ប្រជាពលរដ្ឋ​សង្ឃឹមថា អភិបាលខេត្ត​បន្ទាយមានជ័យ​ថ្មី គឺ​លោក សួន បវរ ចេះ​គិតគូរ​ដោះស្រាយ​ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ​មិន​យក​គំរូ​តាម​លោក គោ​ស៊ុំ សារឿ​ត នោះឡើយ​៕

12573031_1551568678490831_8026042780619315689_nលោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ e9168539-8563-4769-98ac-fabc0c353ce8​    ​