ទីតាំង​ទិញ​ស្តុក​ដំឡូង​មី​២​កន្លែង​នៅ​ស្រុក​ភ្នំព្រឹក ធ្វើ​ឲ្យ​ប៉ះពាល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ជិតខាង​

ប្រជាពលរដ្ឋ​រស់នៅក្នុង​ភូមិ​អូរ​ដា ឃុំ​សំបួរ ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ឃុំ និង​អាជ្ញាធរ​ស្រុក ជួយ​ដោះស្រាយ​ដល់​ពួកគាត់​ជាបន្ទាន់​រឿង​ទីតាំង​ប្រមូល​ទិញ​និង​ស្តុក​ទុក​ដំឡូង​មី​២​កន្លែង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ពួកគាត់​។ តាម​ការអះអាង​របស់​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​នៅក្នុង​ភូមិ​អូរ​ដា បាន​ឲ្យ​ដឹងថា ទីតាំង​ប្រមូល​ទិញ​និង​ស្តុក​ទុក​ដំឡូង​មី​ក្នុង​មូលដ្ឋាន​របស់​ពួកគាត់​មាន​ម្ចាស់​ឈ្មោះ សុវណ្ណ និង​ឈ្មោះ លាន សល់ ដោយ​ឈ្មួញ​ទាំង​២​នេះ​មិនដែល​គិតពី​ផលប៉ះពាល់​ទៅលើ​អ្នកជិតខាង​ឡើយ​។

​សេចក្ដីរាយការណ៍​ពី​អ្នកភូមិ​ដែល​រង​ផលប៉ះពាល់​បាន​ឲ្យ​ដឹងថា នៅពេលដែល​ឈ្មួញ​ធ្វើ​សកម្មភាព​កាយ​ដំឡូង​ស្ងួត​ដាក់​រថយន្ត​ម្តងៗ​បានធ្វើ​ឲ្យ​កម្ទេច​ដំឡូង​ហុយ​ទៅលើ​លំនៅដ្ឋាន​របស់​ពួកគាត់ ធ្វើ​ឲ្យ​កូនចៅ​តូចៗ​កើត​ជំងឺ​ផ្លូវដង្ហើម​ជា​បន្តបន្ទាប់​។ ជាងនេះទៅទៀត​នៅពេល​រថយន្ត​ធំៗ​ចូលមក​ដឹក​ដំឡូង​ចេញពី​ទីតាំង​ប្រមូល​ទិញ​និង​ស្តុក​ទុក​ទាំង​២​កន្លែង​នោះ គឺ​បង្ក​សំឡេង​រំខាន​និង​ដី​ហុយ​ប៉ះពាល់​ដល់​ការរស់នៅ​របស់​អ្នកជិតខាង​យ៉ាងខ្លាំង​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​មន្ត្រី​អាជ្ញាធរ​ឃុំ និង​អាជ្ញាធរ​ស្រុក ក៏ដូចជា​អាជ្ញាធរខេត្ត​បាត់ដំបង ជួយ​ដោះស្រាយ​ពួកគាត់​ជាបន្ទាន់​។

មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុងភូមិ​អូរ​ដា ឃុំ​សំបួរ ស្រុក​ភ្នំព្រឹក បាន​ឲ្យ​ដឹងថា ទីតាំង​ប្រមូល​ទិញ​និង​ស្តុក​ទុក​ដំឡូង​មី​ស្ងួត​របស់​ឈ្មោះ សុវណ្ណ​និង​ឈ្មោះ លាន សល់ មិន​ត្រឹមតែ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​រស់នៅ​ជិតខាង​ប៉ុណ្ណោះ​ទេ គឺ​ថែមទាំង​ធ្វើ​ឲ្យ​ប៉ះពាល់​បរិស្ថាន​ផងដែរ​។ ជាពិសេស​ពេល​ឈ្មួញ​កាយ​ដំឡូង​ដាក់​លើ​រថយន្ត​ម្តងៗ​ធ្វើ​ឲ្យ​កម្ទេច​ដំឡូង​ហុយ​សំពោង​ទៅលើ​លំនៅដ្ឋាន​អ្នកជិតខាង ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ពួកគាត់​យ៉ាងខ្លាំង ហើយ​អ្នកខ្លះ​ត្រូវ​បិទទ្វារ​ពេល​ហូបបាយ​ទៀតផង​។ បញ្ហា​នេះ​អាជ្ញាធរខេត្ត​បាត់ដំបង មិនត្រូវ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ ព្រោះ​ទីតាំង​ប្រមូល​ទិញ​ដំឡូង​មី​និង​ស្តុក​ទុក​ទាំង​២​កន្លែង​នោះ កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​យ៉ាង​ពេញបន្ទុក​៕

d b