ព្រៃ​លិច​ទឹក​និង​អូរ​ធម្មជាតិ​តំបន់​ស្ពាន​ឆេះ ក្រុងព្រះសីហនុ នៅតែ​ត្រូវ​អ្នកមាន​លុយ អ្នកមានអំណាច ទន្ទ្រាន​កាន់កាប់​

ប្រជាពលរដ្ឋ​ក្នុងភូមិ​លេខ​៦ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ បាន​រិះគន់ថា វិធានការ​របស់លោក យន្ត មីន ក្នុងការ​ទប់ស្កាត់​បទ​ល្មើស​ទន្ទ្រាន​កាន់កាប់​ដី​រដ្ឋ​ធ្វើជា​កម្មសិទ្ធិ​គឺជា​រឿង​ឥតន័យ ព្រោះ​បច្ចុប្បន្ននេះ​បទល្មើស​នៅតែ​កើតឡើង​យ៉ាង​ពេញបន្ទុក​ដដែល​។ មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​ឲ្យ​ដឹងថា ព្រៃ​លិច​ទឹក ព្រៃកោងកាង និង​អូរ​ធម្មជាតិ ទំហំ​ប្រមាណ​១០​ហិកតា​នៅ​តំបន់​ស្ពាន​ឆេះ ភូមិ​លេខ​៦ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ត្រូវ​អ្នកមាន​លុយ អ្នកមានអំណាច ចាក់ដី​លុប​រំលោភ​យក​ធ្វើជា​កម្មសិទ្ធិ​ដោយ​មិន​ញញើត​ទៅនឹង​វិធានការ​របស់​អាជ្ញាធរ​ខេត្ត​ឡើយ​។ កន្លងមក​អាជ្ញាធរខេត្ត​ព្រះសីហនុ ធ្លាប់​ដាក់​កំហិត​អ្នក​ជាប់​ពាក់ព័ន្ធ​កាយ​ដី​ចេញពី​ព្រៃ​លិច​ទឹក​និង​អូរ​ធម្មជាតិ​វិញ ក៏ប៉ុន្តែ​វិធានការ​នោះ​គ្មាន​ន័យ​អ្វី​ទាំងអស់​។

ប្រជាពលរដ្ឋ​បាន​រិះគន់ថា អូរ​ធម្មជាតិ​ដែលមាន​ទទឹង​ប្រមាណ​៤០​ម៉ែត្រ​នោះ ត្រូវ​អ្នកមាន​លុយ អ្នកមានអំណាច ចាក់ដី​លុប​តាម​អំពើ​ចិត្ត ហើយ​ព្រៃ​លិច​ទឹក​ដើម​កោង​កាង ដើមកា​ញឹម ជាច្រើន​ហិកតា​ត្រូវគេ​ចាក់ដី​លុប​ជា​បន្តបន្ទាប់​។ ចំណែក​មន្ទីរ​ពាក់ព័ន្ធ​ដូចជា មន្ទីរ​បរិស្ថាន និង​មន្ទីរ​កសិកម្ម​ជាដើម មិនដែល​យកចិត្តទុកដាក់​ទប់ស្កាត់​បទល្មើស​បំផ្លាញ​បរិស្ថាន និង​បំផ្លាញ​ព្រៃ​លិច​ទឹក​នៅ​តំបន់​ស្ពាន​ឆេះ សង្កាត់​លេខ​៤ នោះទេ​។ មិនតែប៉ុណ្ណោះ​កន្លងមក​ពេលដែល​លោក ហ៊ុន ភី នៅ​ធ្វើជា​ប្រធាន​មន្ទីរ​សុរិយោដី​ខេត្ត​ព្រះសីហនុ បានចេញ​ប្លង់​កម្មសិទ្ធិ​ឲ្យ​ឈ្មួញ អ្នកមាន​លុយ អ្នកមានអំណាច កាន់កាប់​ដី​រដ្ឋ​នៅក្នុង​តំបន់​ស្ពាន​ឆេះ ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។

ប្រភពពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ ដែល​ចូលកាន់​តំណែង​ជំនួស​លោក ឈិ​ត សុខុន មិនអាច​ទប់ស្កាត់​បទ​ល្មើស​រំលោភ​កាន់កាប់​ដីព្រៃ​លិច​ទឹក អូរ​ធម្មជាតិ បឹង​ព្រែក​ទប់ និង​ដីព្រៃ​របស់​រដ្ឋ​បានឡើយ​។ ជាក់ស្តែង​បទល្មើស​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​លិច​ទឹក​និង​អូរ​ធម្មជាតិ​នៅ​តំបន់​ស្ពាន​ឆេះ ក៏ដូចជា​នៅ​តំបន់​អូរត្រេះ បន្ត​កើតឡើង​ឥតឈប់ឈរ​ហើយ​មិនឃើញ​មន្ទីរ​ពាក់ព័ន្ធ និង​លោក​អភិបាលខេត្ត ចាត់វិធានការ​ទប់ស្កាត់​សកម្មភាព​របស់​អ្នកមាន​លុយ អ្នកមានអំណាច​នោះទេ​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​គ្មាន​ជំនឿ​លើ​ការប្ដេជ្ញាចិត្ត​របស់លោក យន្ត មីន ព្រោះ​វិធានការ​ជា​បន្តបន្ទាប់​ក​ន្ល​ង​ទៅនេះ​ត្រូវ​បរាជ័យ​១០០​ភាគរយ ព្រោះ​លោក យន្ត មីន មិន​ហ៊ាន​ប៉ះពាល់​អ្នក​ទន្ទ្រាន​កាន់កាប់​ព្រៃ​លិច​ទឹក អូរ​ធម្មជាតិ ដីភ្នំ និង​ដី​បឹង​ព្រែក​ទប់​នោះឡើយ​៕

KA-23-03-2016-10 KA-23-03-2016-07 KA-23-03-2016-12-2 KA-23-03-2016-11-2 KA-23-03-2016-09