លោក យឹម សុវណ្ណ បញ្ជាក់ថា​ពលរដ្ឋ​ជា​អ្នក​កាត់ទោស​ចំពោះ​អ្នកបង្ក​បញ្ហា​លើ​គណបក្ស​សង្គ្រោះ​ជាតិ​

ក្នុងពេល​ដែលមាន​អ្នកបង្ក​បញ្ហា​មកលើ​គណបក្ស​សង្គ្រោះ​ជាតិ​ជា​បន្តបន្ទាប់​នោះ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ បាន​បញ្ជាក់ថា ប្រជាពលរដ្ឋ​ជា​ម្ចាស់ឆ្នោត​នឹង​មើលឃើញ​ពី​ឥរិយាបទ និង​ចេតនា​មិនល្អ​របស់​ពួកគេ​មកលើ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ខិតខំ​បម្រើ​ប្រទេសជាតិ និង​ប្រជាពលរដ្ឋ​ដោយស្មោះ​ស្ម័គ្រ ហើយ​ប្រជាពលរដ្ឋ​នឹង​កាត់ទោស​ពួកគេ​តាមរយៈ​ការបោះឆ្នោត​តាមបែប​ប្រជាធិបតេយ្យ​នៅ​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨ ខាងមុខនេះ​។​

លោក យឹម សុវណ្ណ ដែលជា​អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​ភ្នំពេញ​ដែរនោះ បានបញ្ជាក់​បន្ទាប់ពី​បញ្ចប់​ការសួរសុខទុក្ខ​អ្នក​ជាប់ឃុំ​ទាំង​១៥​នាក់ នៅ​ពន្ធនាគារ​ព្រៃ​ស​ថា មានការ​ធ្វើបាប​គណបក្ស​សង្គ្រោះ​ជាតិ​ពីក្រោយ​ខ្នង​យ៉ាង​អយុត្តិធម៌ ។ លោក យឹម សុវណ្ណ បាន​បន្ថែមថា សកម្មភាព​កន្លងមក មានការ​ប៉ុនប៉ង​ធ្វើបាប​គណបក្ស​សង្គ្រោះ​ជាតិ ប៉ុន្តែ​លោក​ជឿថា ប្រជាពលរដ្ឋ​ជា​អ្នក​កាត់សេចក្តី​ក្នុងការ​បោះឆ្នោត ឆ្នាំ​២០១៧-២០១៨​ខាងមុខ​។ ក្នុងនាម​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ បាន​សង្កត់ធ្ងន់ថា គណបក្ស​សង្គ្រោះ​ជាតិ ដឹកនាំ​ដោយមាន​យន្តការ និង​យុទ្ធសាស្ត្រ​រឹងមាំ ដូច្នេះ​មិនអាច​ធ្វើ​ឲ្យ​គណបក្ស​នេះ​រលាយ​បានទេ​។

សកម្មជន និង​មន្ត្រីជាន់ខ្ពស់​គណបក្ស​ស​ង្គ្រោះ​ជាតិ​ដែល​កំពុង​ជាប់ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​ស​យ៉ាង​អយុត្តិធម៌​នោះ បាន​ផ្តាំផ្ញើ​ដល់​ថ្នាក់ដឹកនាំ និង​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ថា ត្រូវខិតខំ​ធ្វើ​ការងារ​ដើម្បី​បម្រើ​ប្រទេសជាតិ និង​ប្រជាពលរដ្ឋ​ឲ្យ​មានការ​រីកចម្រើន នេះ​ជាការ​បញ្ជាក់​របស់លោក យឹម សុវណ្ណ ។ លោក យឹម សុវណ្ណ បានបញ្ជាក់​ទៀតថា បើទោះជា​មាន​ឧបសគ្គ​ជា​បន្តបន្ទាប់​ក៏ដោយ ក៏​អង្គសមាជ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ គ្រោង​រៀបចំឡើង នា​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០១៦ នឹង​លើកយក​ប្រធានបទ​សំខាន់ៗ​មក​ពិភាក្សា​មានដូចជា ស្ថានការណ៍​នយោបាយ គោលនយោបាយ និង​ផែនការ ក៏ដូចជា​សកម្មភាព​ដែល គណបក្ស​សង្គ្រោះ​ជាតិ​គ្រោង​នឹងធ្វើ នាពេលខាងមុខ ព្រមទាំង​សកម្មភាព​ការងារ​ដែល បានធ្វើ​ក្នុង​រយៈពេល ២​ឆ្នាំ​កន្លងមកនេះ​ជាដើម​។

ជុំវិញ​បញ្ហា​ខាងលើនេះ លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ​កន្លងមក​បានបញ្ជាក់​ថា ធម្មតា​គណបក្សនយោបាយ​នីមួយៗ តែងតែមាន​របៀបវារៈ​នយោបាយ​របស់ខ្លួន​។ ដូច្នេះ យើង​ត្រូវធ្វើ​តាមរបៀប​វារៈ​រប​ស់​យើង គេ​ធ្វើតាម​របៀបវារៈ​របស់​គេ​។ លោក កឹម សុខា បាន​សង្កត់ធ្ងន់ថា ជា​ចុងក្រោយ មានតែ​ប្រជាពលរដ្ឋ​ជា​ម្ចាស់ឆ្នោត​ទេ ដែលជា​អ្នក​វិនិច្ឆ័យ​តាមរយៈ​ការបោះឆ្នោត​ដោយ សេរី ត្រឹមត្រូវ និង​យុត្ដិធម៌ ថា​តើ​អ្នកដឹកនាំ​ណា​? ឬ គណបក្សនយោបាយ​ណា​? ដែល​ធ្វើ​ត្រូវ ឬ ខុស គួរ​គាត់​គាំទ្រ ឬ មិន​គាំទ្រ​៕

12800250_884640184987541_8175673169034956812_n 1918927_884640334987526_744377250578671614_n