​លោក សម រង្ស៊ី បញ្ជាក់ថា​អាមេរិក​យកចិត្តទុកដាក់​លើ​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​

នៅថ្ងៃនេះ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​បញ្ជាក់ថា​សមាជិក​សភា​សហរដ្ឋអាមេរិក​មកពី​គណបក្ស​សាធារណរដ្ឋ និង​គណបក្ស​ប្រជាធិបតេយ្យ បានប្រកាស​ពី​ការបង្កើត​ក្រុម​ពិភាក្សា​ក្នុង​សភា​មកពី​គណបក្ស​ទាំងពីរ  ពិភាក្សា​លើ​បញ្ហា​ប្រទេស​កម្ពុជា​ទាក់ទង​ពី​ស្ថានការណ៍​នយោបាយ​ដ៏​ពិបាក​ក្នុងប្រទេស​កម្ពុជា ជំរុញ​ឲ្យ​កម្ពុជា​ឈានទៅរក​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ​។​

លោក សម រង្ស៊ី បាន​បញ្ជាក់ថា​តំណាងរាស្ត្រ អាមេរិកាំង ២ រូប មកពី​គណបក្ស​ធំៗ​ទាំង ២ គឺ លោក Alan Lowenthal និង លោក Steve Chabot ប្រកាស​បង្កើត នៅ​ថ្ងៃ ២២ មីនា កន្លងទៅនេះ នូវ​ក្រុមតំណាងរាស្ត្រ​មួយក្រុម ហៅថា Cambodia Caucus ដើម្បី​តាមដាន​ស្ថានការណ៍​នៅ​ប្រទេស​កម្ពុជា ហើយ​ជំរុញ​ឲ្យ​ប្រទេស​យើង​ឈានទៅរក​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ​។​

ជុំវិញ​បញ្ហា​ខាងលើនេះ ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ លោក កឹម សុខា កន្លងមក​បានបញ្ជាក់​ថាបើ​ទោះជា​គណបក្ស​សង្គ្រោះ​ជាតិ​មិនទាន់បាន​ដឹកនាំ​ប្រទេស​កម្ពុជា​ក៏ដោយ ក៏​គណបក្ស​សង្គ្រោះ​ជាតិ​បាននិងកំពុង​រៀបចំ​យន្តការ​ផ្ទេរអំណាច​ឲ្យ​យុវជន ហើយ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ក្រាញ​អំណាច​នោះទេ ហើយ​ថា​ក្នុង​កាលៈទេសៈ​ក្នុងពេល​បច្ចុប្បន្ននេះ វា​ចាំបាច់​ឲ្យ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រួសត្រាយ​ផ្លូវ​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ ។​

លោក កឹម សុខា បាន​បញ្ជាក់ថា​គណបក្ស​សង្គ្រោះ​ជាតិ​មាន​គោលនយោបាយ​ឲ្យ​ប្រជាពលរដ្ឋ និង​យុវជន អាច​បញ្ចេញមតិ អាច​ពិភាក្សា និង​ការ​មាន​សិទ្ធិ​បោះឆ្នោត ហើយ​គណបក្ស​សង្គ្រោះ​ជាតិ​ក៏​មិន​យក​យុវជន និង​ប្រជាពលរដ្ឋ​ឲ្យ​ទៅ​ឈ្លោះ​គ្នា ច្បាំង​គ្នា ដោយ​អត់​ប្រយោជន៍ និង​ធ្វើ​ឲ្យ​មានការ​ប្រេះឆា​នៅក្នុង​សង្គម​នោះទេ ផ្ទុយទៅវិញ​គណបក្ស​ស​ង្គ្រោះ​ជាតិ​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ និង​យុវជន​ទៅ​បោះឆ្នោត​ដើម្បី​ធ្វើការ​ផ្លាស់ប្តូរ​៕

1622019_1068808863175846_1690817252201869669_n 995363_1068807999842599_8067785332362762945_n