កុមារី​ម្នាក់​ ក្ដៅ​ខ្លាំង​ពេក​​ ចុះ​ទឹក​ស្ទឹង​ ​ត្រូវ​លង់​ស្លាប់​យ៉ាង​អាណោចអាធ័ម

កុមារី​ម្នាក់​ ក្ដៅ​ខ្លាំង​ពេក​​ ចុះ​ទឹក​ស្ទឹង​ ​ត្រូវ​លង់​ស្លាប់​យ៉ាង​អាណោចអាធ័ម



ពោធិ៍សាត់​ ៖​​ ឪពុកម្ដាយ​ចំណាកស្រុក​ទៅ​រក​ស៊ី​របរ​ធ្វើ​ពាង​លក់ ​ទុក​កូនស្រី​អាយុ​៤​ឆ្នាំ​ នៅ​ជាមួយ​ជីតា​ ​ពេល​​ក្ដៅ​ពេក​ ​កុមារ​នោះ​ក៏​ចុះទៅ​ងូតទឹក​ក្នុង​ស្ទឹង​បាត់​ជាច្រើន​ម៉ោង​ ទើប​រក​សព​​​ឃើញ​ក្នុង​ទឹក​កាលពី​វេលា​ម៉ោង​៤​និង​៥០​នាទី​ ល្ងាច​ថ្ងៃ​ទី​២៣ ខែ​មីនា ឆ្នាំ​២០១៦​ នៅ​ក្នុង​​​ស្ទឹង​ពោធិ៍សាត់​ ស្ថិត​ក្នុង​ភូមិ​ថ្នល់​ជប៉ុន សង្កាត់​រលាប ​ក្រុង​ពោធិ៍សាត់។

ក្មេង​ស្រី​រងគ្រោះ​ត្រូវ​បាន​លោក​អ៊ុន​ហូ​ នាយ​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​រលាប​ប្រាប់​ថា ​មាន​ឈ្មោះ​​ច្រី​ក​សៅ​នី ​អាយុ​​៤​ឆ្នាំ ​មាន​ទីលំនៅ​ភូមិ​វាលវង់ ឃុំ​ស្នាអន្សា ​ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់។ រូប​នាង​​​បាន​មក​ស្នាក់នៅ​រកស៊ី​របរ​ធ្វើ​ពាង​លក់​ជាមួយ​ឪពុក​ ឈ្មោះ​វ៉ា ​ឡៃអ៊ី អាយុ​៣៥​ឆ្នាំ​ និង​ម្ដាយ​ឈ្មោះ ម៉ៅ សុ​ភី ​អាយុ​២៨​ឆ្នាំ​ ក្នុង​ភូមិ​កើតហេតុ​ខាង​លើ។

លោក​បន្ត​ថា ​មុន​ពេល​កើតហេតុ ​បើ​តាម​ការ​រៀបរាប់​ពី​ក្រុម​គ្រួសារ​គឺ ​ក្រោយ​ពេល​អាហារ​ថ្ងៃត្រង់​​រួច ​ឪពុក​ក្មេង​ស្រី​រងគ្រោះ​បាន​ដឹក​ពាង​យក​ទៅ​លក់​ ឯ​ម្ដាយ​ចេញទៅ​ធ្វើ​ពាង​ ដោយ​ទុក​ក្មេង​ស្រី​រងគ្រោះ ​ត្រូវជា​កូនបង្កើត​នោះ​ នៅ​ជាមួយ​ជីតា​ ​ដែល​មាន​លំនៅឋាន​ជាប់មាត់​ស្ទឹង​ពោធិ៍សាត់។ លុះ​​នៅ​ម៉ោង​ប្រមាណ​ជា​១​រសៀល​នោះ​ ជីតា​ បាន​បាត់​ចៅ​ដើរ​រក​មិន​ឃើញ ​រហូត​ភ្ញាក់ផ្អើល​ដល់​ម៉ោង​៤​និង​៥០​នាទី​ល្ងាច​ ទើប​នាំគ្នា​ចុះ​ទៅ​រក​នៅ​កំពង់​ទឹក​ក្នុង​ស្ទឹង​ពោធិ៍សាត់​ ក៏​ឃើញ​កុមារី​រងគ្រោះ​នោះ​លង់ទឹក​ស្លាប់​បាត់​ទៅ​ហើយ ​ដោយ​ទំនងជា​​នាង​ក្ដៅ​ខ្លាំង ​ហើយ​ជីតា​នាង​ប្រហែស​ទៀត​ក៏បាន​ចុះទៅ​ងូតទឹក​ក្នុង​ស្ទឹង​នោះ ​រហូត​លង់​ស្លាប់​តែម្ដង។ សព​ត្រូវ​បាន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ខ្មែរ៕