បើក​សិក្ខាសាលា ក្រោម​ប្រធានបទ​ “ការប្រើប្រាស់​វិទ្យុ​ក្នុង​ការ​ពង្រឹង​អភិបាលកិច្ច​ល្អ​នៅ​មូលដ្ឋាន”​

បើក​សិក្ខាសាលា ក្រោម​ប្រធានបទ​ “ការប្រើប្រាស់​វិទ្យុ​ក្នុង​ការ​ពង្រឹង​អភិបាលកិច្ច​ល្អ​នៅ​មូលដ្ឋាន”​



សៀមរាប ​៖ នៅ​ថ្ងៃ​ទី​២៣​ ខែ​មីនា ​ឆ្នាំ​២០១៦​ វិទ្យុ​អេ​ហ្វ​អឹម​ជាតិ​នគរ​ភ្នំ​១០៣​ នៃ​មន្ទីរ​ព័ត៌មាន​ខេត្ត​សៀមរាប ​សហការ​ជា​មួយ​នឹង​សាជីវកម្ម​សោតទស្សន៍​អូស្ត្រាលី​( A.B.C)​ដែល​កំពុង​អនុវត្ត​លើ​គម្រោង​ជួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​កម្ពុជា​(ccap)​បាន​រៀបចំ​បើក​សិក្ខាសាលា​ក្រោម​ប្រធានបទ ​៖ ​ការ​ប្រើប្រាស់​វិទ្យុ​ក្នុង​ការ​ពង្រឹង​អភិបាលកិច្ច​ល្អ​មូលដ្ឋាន​ក្នុង​បំណង​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ​រវាង​អាជ្ញាធរ​ដែល​ធ្វើការ​ផ្ទាល់​នៅ​មូលដ្ឋាន​ និង​វិទ្យុជាតិ​នគរ​ភ្នំ​ ដើម្បី​ធ្វើយ៉ាងណា​ចែករំលែក​ព័ត៌មាន​ឲ្យ​បាន​កាន់តែ​ទូលំទូលាយ​ ជាពិសេស​ធ្វើ​សេចក្ដីរាយការណ៍​អំពី​ភាព​រីកចម្រើន​ និង​បញ្ហា​ប្រឈម ​ដែល​កើតមាន​ក្នុង​មូលដ្ឋាន​ឲ្យ​មាន​ប្រសិទ្ធភាព ​និង​លើកឡើង​បង្ហាញ​ផង​ដែរ​ពី​សកម្មភាព​ដែល​វិទ្យុ​នគរ​ភ្នំ​បាន​និង​កំពុង​ផលិតកម្ម​វិធី ​គឺ​កម្មវិធី​សន្ទនា​មតិ​ និង​កម្មវិធី​យើង​អាច​ធ្វើ​បាន ​ក្នុងន័យ​រួមគ្នា ​ក្នុង​ការ​ពង្រឹង​អភិបាលកិច្ច​ល្អ​នៅ​មូលដ្ឋាន​។​

លោក រ​ត្ន័​ នា​តា​ ប្រធាន​គម្រោង​ជំនួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​កម្ពុជា​ccap​ស៊ី​ខាប់​) ​បាន​លើក​ឡើង​ថា ជំនួយ​រដ្ឋាភិបាល​អូស្ត្រាលី​តាមរយៈ​ស្ថាប័ន​សោតទស្សន៍​អូស្ត្រាលី​( A.B.C)​មាន​គោលការណ៍​ នៃ​ការ​អនុវត្តន៍​គម្រោង​ គឺ​ផ្តោត​ទៅ​លើ​ការប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ដើម្បី​លើកកម្ពស់​សំឡេង​ និង​ការ​ចូលរួម​របស់​ប្រជាពលរដ្ឋ​ ការ​លើក​កម្ពស់​គណនេយ្យ​ភាព​ និង​តម្លាភាព​របស់​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ការ​ផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ​ និង​ការ​រួម​ចំណែក​កសាង​ទំនាក់ទំនង​វិជ្ជាជីវៈ​រវាង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​។​

លោក​បន្តថា តាមរយៈ​គម្រោង​ជួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​កម្ពុជា​នេះ​ ស្ថាប័ន​សាជីវកម្ម​សោត​ទស្សន៍​អូស្ត្រាលី​បាន​និង​កំពុង​ផ្តល់​ការ​គាំទ្រ​បច្ចេកទេស​ និង​ការ​បណ្ដុះបណ្ដាល​ដល់​មន្ត្រី​ នៃ​វិទ្យុ​ហ្វេ​ស​អឹម​ជាតិ​នគរ​ភ្នំ​ខេត្ត​សៀមរាប​ កំពត បាត់ដំបង​ និង​កំពង់ចាម ​រួមជាមួយ​នឹង​វិទ្យុ​សហគមន៍​ស្ត្រី​នៅ​ខេត្ត​ក្រចេះ​។​

គម្រោង​នេះ​កំពុង​អនុវត្តន៍​ដំណាក់កាល​ទី​២​បន្ទាប់ពី​ដំណាក់កាល​ទី​១​រយៈពេល​៤​ឆ្នាំ​(២០១១​ដល់​២០១៥)​។​ តាមរយៈ​លទ្ធផល​ក្នុង​ដំណាក់កាល​ទី​១ គម្រោង​ដំណាក់កាល​ទី​២​នេះ​ នឹង​ផ្តោត​ពី​កំណើន​ នៃ​ការយល់ដឹង​ និង​ការ​រាយការណ៍​អី​អំពើ​ហិង្សា​លើ​ស្ត្រី រួមជាមួយ​វិធានការ​ដោះស្រាយ​របស់​អាជ្ញាធរ​ដែល​បាន​កើតមាន​រួចមកហើយ​នៅ​ក្នុង​ដំណាក់កាល​ទី​១​ តាមរយៈ​កម្មវិធី​ដែល​យើង​អាច​ធ្វើបាន​។​

កម្មវិធី​ទាំងពីរ​ដែល​វិទ្យុ​អេ​ហ្វ​អឹម​ជាតិ​នគរ​ភ្នំ​កំពុង​ដំណើរការ ​វា​សមស្រប​ទៅនឹង​គោលដៅ​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល ក៏​ដូចជា​ជួយ​បង្កើន​សំឡេង​របស់​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ ​រួម​ទាំង​ប្រជាពលរដ្ឋ​ក្នុងការ​រួមដៃគ្នា​លើកកម្ពស់​អភិបាលកិច្ច​ល្អ​ និង​បញ្ចប់​អំពើ​ហិង្សា​លើ​ស្ត្រី​។

ក្នុង​បទ​បង្ហាញ​របស់​ក្រុមការងារ​វិទ្យុ​អេ​ហ្វ​អឹម​ជាតិ​នគរ​ភ្នំ​បាន​បង្ហាញថា កន្លង​មក​ជួប​បញ្ហា​លំបាក​មួយចំនួន​ដូចជា វាគ្មិន​មួយចំនួន​តូច​មិន​អញ្ជើញ​ចូលរួម​តាម​ការអញ្ជើញ​ក្នុង​កម្មវិធី​គ្មាន​សមត្ថភាព​ ឬ​មិនត្រូវ​ជំនាញ​ ដើម្បី​ពិភាក្សា​វាគ្មិន​ជា​ស្ត្រី​ចូលរួម​ក្នុង​កម្មវិធី​មាន​ចំនួន​តិចតួច​កង្វះខាត​ការទទួលបាន​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ការងារ​របស់​មន្ទីរ​អង្គភាព​ស្ថាប័ន ឬ​អាជ្ញាធរ​លំបាក​ចុះទៅ​មូលដ្ឋាន​ក្នុង​ការយក​ព័ត៌មាន​។​

ថ្លែង​ក្នុងនាម​អាជ្ញាធរ​ខេត្ត​ ថ្នាក់ដឹកនាំ​ខេត្ត លោក ប៊ុន ​ថា​ឬ​ទ្ឋិ​ អភិបាលរង​ខេត្ត​បាន​សំណូមពរ​យ៉ាង​ទទូច​ដល់​ស្ថាប័ន​អាជ្ញាធរ គ្រប់​លំដាប់​ថ្នាក់ វិស័យ​ឯកជន​ និង​អង្គការក្រៅរដ្ឋាភិបាល​នានា ចូល​រួម​ជា​វាគ្មិន តាម​សំណើ​អញ្ជើញ​របស់​អាជ្ញាធរ​ខេត្ត​(​កាលពីមុន​ប្រធាន​មន្ទីរ​ជា​អ្នកធ្វើ​លិខិត​អញ្ជើញ តែ​ចាប់ពីពេលនេះ​ទៅ​ ប្រធាន​មន្ទីរ គ្រាន់តែ​ធ្វើ​តារាង​ប្រក្រតីទិន​បញ្ជូន​មក​អភិបាល ​នៃ​គណៈ​អភិបាល​ខេត្តៗ ​នឹង​ចាត់តាំង​ចំៗ​មន្ត្រី​ដែល​ត្រូវ​ចូល​ជា​វាគ្មិន​។​ ករណីនេះ ដើម្បី​ជៀសវាង​ការ​រក​លេស​គេចវេះ ​ឬ​ក៏​ឲ្យ​មន្ត្រី​ថ្នាក់ក្រោម​ទៅ​ជំនួស​ដែល​មិន​អាច​ដោះស្រាយ​ ឬ​ឆ្លើយតបបាន​សមរម្យ​ទៅ​នឹង​បញ្ហា។

លោក ប៊ុន ថា​ឬ​ទ្ឋិ បាន​ជំរុញ​ដល់​មន្ត្រី អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​ចាត់​ទុក​កម្មវិធី​សន្ទនា​មតិ​ថា​ ជា​វេទិកា​សម្រាប់​ស្ថាប័ន​ជំនាញ​ជួប​ជាមួយ​ប្រជាពលរដ្ឋ​រួម​ដោះស្រាយ​ក្តី​កង្វល់​របស់​សង្គម​ដែល​ទាក់ទិន​ទៅ​នឹង​វិស័យ​ដែល​យើង​ពាក់ព័ន្ធ កម្មវិធី​នេះ​មិនមែនជា​វេទិកា​ជេរប្រមាថ ​ឬ​ក៏​ជា​ការ​ឡើង​ជ្រញ់​នោះ​ដែរ លើកលែងតែ​មន្ត្រី​ឆ្លើយតប ​ឬ​ដោះស្រាយ​មិន​ចំ​គោលដៅ​ទើប​សមជា​សាច់​ជ្រូក​ដែល​ត្រូវ​ឡើង​ជ្រញ់។

លោក​បាន​ស្នើ​ដល់​ក្រុមការងារ​កម្មវិធី​វិទ្យុ អេ​ហ្វ​អឹម​ជាតិ​នគរ​ភ្នំ ត្រូវ​ស្រង់​មតិយោបល់​ និង​សំណូមពរ​ផ្សេងៗ​របស់​ប្រិយមិត្ត​រួច​ផ្តល់ឲ្យ​សាលាខេត្ត ដើម្បី​ដាក់ជូន​ក្រុមប្រឹក្សា​ និង​គណៈ​អភិបាល​ខេត្ត​ពិចារណា​ និង​ដោះស្រាយ​តាម​ជាក់ស្ដែង​។​

ក្នុង​ខេត្ត​សៀមរាប ​បច្ចុប្បន្ន​មាន​វិទ្យុ​សរុប​ចំនួន​៣៣ ​ក្នុង​នោះ​វិទ្យុ​ផ្សាយ​ផ្ទាល់​ចំនួន​២០​ស្ថានីយ ផ្សាយ​បន្ត​ចំនួន​១៣​ស្ថានីយ។ ​វិទ្យុ​អេ​ហ្វ​អឹម​ជាតិ​នគរ​ភ្នំ​១០៣​មេកាហឺត ​ជា​វិទ្យុ​របស់​រដ្ឋ ចាប់​ដំណើរការ​ផ្សាយ​ពី​ខែ​មករា ​ឆ្នាំ​២០១១ ​រហូត​មក ​និង​ធ្វើការ​ផ្សាយ​ពី​ម៉ោង​៥និង​៣០​នាទី​ព្រឹក ដល់​ម៉ោង​១១​យប់ ក្នុង​១​ថ្ងៃ​ផ្សាយ​១៧​ម៉ោង​កន្លះ​។​

ក្នុង​នោះ​ផលិតកម្ម​វិធី​ព័ត៌មាន បទ​យកការណ៍ កម្មវិធី​អប់រំ កម្មវិធី​កម្សាន្ត កម្មវិធី​កសិកម្ម កម្មវិធី​វប្បធម៌​ កម្មវិធី​អភិវឌ្ឍន៍ កម្មវិធី​ច្បាប់ កម្មវិធី​សន្ទនា​មតិ និង​កម្មវិធី​យើង​អាច​ធ្វើ​បាន​៕
បើក​សិក្ខាសាលា ក្រោម​ប្រធានបទ​ “ការប្រើប្រាស់​វិទ្យុ​ក្នុង​ការ​ពង្រឹង​អភិបាលកិច្ច​ល្អ​នៅ​មូលដ្ឋាន”​
បើក​សិក្ខាសាលា ក្រោម​ប្រធានបទ​ “ការប្រើប្រាស់​វិទ្យុ​ក្នុង​ការ​ពង្រឹង​អភិបាលកិច្ច​ល្អ​នៅ​មូលដ្ឋាន”​

បើក​សិក្ខាសាលា ក្រោម​ប្រធានបទ​ “ការប្រើប្រាស់​វិទ្យុ​ក្នុង​ការ​ពង្រឹង​អភិបាលកិច្ច​ល្អ​នៅ​មូលដ្ឋាន”​