ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់ ពី​បទ​ចែកចាយ​ និង​ប្រើប្រាស់​គ្រឿងញៀន

ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់ ពី​បទ​ចែកចាយ​ និង​ប្រើប្រាស់​គ្រឿងញៀន



កំពង់ធំ ៖ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​បុរស​៣​នាក់ ដែល​ជា​មុខសញ្ញា​ចែកចាយ​ និង​ជួញដូរ​គ្រឿងញៀន​ត្រូវ​បាន​កម្លាំង​នគរបាល នៃ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្តកំពង់ធំ ចាប់បញ្ជូន​ទៅកាន់​តុលាការ ខណៈ​ពេល​ដែល​មុខសញ្ញា​កំពុងតែ​ធ្វើ​សកម្មភាព​ជួញដូរ​គ្រឿងញៀន កាលពី​រសៀល​ថ្ងៃ​ទី​២២​ ខែ​មីនា ​ឆ្នាំ​២០១៦។

លោក​វរសេនីយ៍ទោ ងួន​ ហៀ​ង ប្រធាន​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​កំពង់ធំ​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទាំង​៣​នាក់ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​នៅ​ផ្លូវ​ចូល​ឃុំ​ប្រឡាយ ស្រុក​ស្ទោង ខេត្ត​កំពង់ធំ ខណៈ​ពេល​ដែល​ជនសង្ស័យ​កំពុង​ទូរស័ព្ទ​ទៅ​ទិញ​ថ្នាំញៀន​យក​មក​លក់​បន្ត ​និង​ប្រើប្រាស់​គ្រឿងញៀន​នៅ​ក្នុង​ស្រុក​ស្ទោង។

សមត្ថកិច្ច​រឹបអូស​វត្ថុតាង​បាន​មួយ​ចំនួន​មាន​ម៉ូតូ​១​គ្រឿង ព្រមទាំង​ទូរស័ព្ទ​៣​គ្រឿង​ ធ្វើ​ចរាចរ​ទិញ​លក់​ពី​មេខ្លោង ហើយ​ជនសង្ស័យ​ខាងលើនេះ ​ទី​១​-ឈ្មោះ​ ជន ​សំណាង ភេទ​ប្រុស ​អាយុ​១៩​ឆ្នាំ​រស់នៅ​ឃុំ​ប្រឡាយ ស្រុក​ស្ទោង ខេត្ត​កំពង់ធំ។ ទី​២​-ឈ្មោះ ​អួន សំ​អូន ភេទ​ប្រុស ​អាយុ​២៨​ឆ្នាំ​ រស់​នៅ​ផ្សារ​ក្រោម សង្កាត់​ស្វាយដង្គំ ខេត្ត​សៀមរាប។ ទី​៣​-ឈ្មោះ ​ហួត ឈុន​ហៃ អាយុ​២៤​ឆ្នាំ ​នៅ​ភូមិ​អង្គ​ឃ្លាំ ឃុំ​ប្រឡាយ ស្រុក​ស្ទោង ខេត្ត​កំពង់ធំ​។

តាម​ចម្លើយ​ ជនសង្ស័យ​បាន​សារភាព​ថា ពួកគេ​គ្រាន់តែ​បាន​ប្រើប្រាស់​ថ្នាំញៀន​បន្តិចបន្តួច​ ទោះបីជា​យ៉ាង​នេះ​ក៏ដោយ សមត្ថកិច្ច​បាន​បន្ត​ថា ជនសង្ស័យ​ទាំង​បី​នាក់​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​គ្រឿងញៀន​ខាងលើនេះ ត្រូវ​បាន​កម្លាំង​នគរបាល​ខេត្ត​កំពង់ធំ​បញ្ជូន​ទៅកាន់​តុលាការ​នៅ​ព្រឹក​ថ្ងៃទី​២៤​ ខែ​មីនា​នេះ ដើម្បី​ចាត់ការ​បន្ត​ទៅ​តាម​ផ្លូវ​ច្បាប់​៕