ប្លែក​មែន​! ថ្ងៃ​ចូល​រោងការ​ហើយ កូនក្រមុំ​ធ្វើ ​អុីចឹង​ទៀត

ខេត្តកំពង់ឆ្នាំង៖ មានការ​ភ្ញាក់ផ្អើល​មួយ​កើតឡើង ស្ថិត​ក្នុង​ភូមិ​ថ្មី ឃុំ​ចោ​ង​ម៉ោង ស្រុក​ទឹកផុស ដោ​យ​សារតែថ្ងៃ​ចូល​​រោងការ​​ បាត់​កូន​ក្រមុំ ធ្វើ​ឱ្យ​ក្រុម​គ្រួសារ​ ស្វះ​ស្វែង​រក​គ្រប់​ច្រកល្ហក និង​បាន​កាន់​រូបថត​ កូនក្រមុំ​ជា​ច្រើន​សន្លឹក ទៅ​ដាក់​តាម​ នគរបាល​ប៉ុស្តិ៍​ស្រុក និង​ក្រុង​​ឱ្យ​ជួយ​អន្តរាគមន៍​ តាម​រក​ផង​ដែរ ដែល​ហេតុការណ៍​នេះ កាលពី​ព្រឹក​ថ្ងៃ​ទី​២៣ មីនា ឆ្នាំ​២០១៦ ។

ប្រភព​បានឱ្យ​ដឹង​ថា កូនក្រមុំ​បាត់​ខ្លួន​​​មាន​ឈ្មោះ​ ជា សា​វី អាយុ​១៩​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​-​ឃុំ​ខាងលើ ។ ទោះបី​យ៉ាងណា កូនក្រមុំ ត្រូវ​បាន​​រក​ឃើញ​​វិញ នៅ​វេលា​ម៉ោង​១១​យប់​ ថ្ងៃ​ដដែល ស្ថិត​នៅ​ចំណុច​បរិវេណ​ សាលា​វិទ្យាល័យ ស្រុក​ទឹកផុស ដោយ​ក្នុង​អាកា​រៈ​រវើរវាយ ដែល​ត្រូវ​គ្រួសារ​​​អះ​អាង​ថា ​​ត្រូវ​ថ្នាំ​​សណ្តំគេ និង​បាត់​គ្រឿង​​​អលង្ការ​ អស់​​មួយ​​ចំនួន ។

ក្នុង​​​ពិធី​​​មង្គល​កា​រ​​​នេះ នៅ​​វេលា​​ព្រឹក​​ មុន​ពេល​ចូល​រោង​ពេលល្ងាច​នោះ កូនក្រមុំ​និង​ក្រុម​គ្រួសារ​​ នាំ​គ្នា​មក​ផ្សារ​ស្រុក​ទឹកផុស ដើម្បី​ទិញ​របស់របរ​មួយ​ចំនួន ។ ​ស្រាប់តែ​បាត់​កូនក្រមុំ​ រហូត​តែ​ម្តង ធ្វើ​ឱ្យ​ក្រុម​គ្រួសារ​ ជ្រួលច្របល់​គ្រប់​គ្នា ហើយ​បាន​តាម​រក​នៅ​គ្រប់​ទី​កន្លែង ។

ការ​បាត់​កូនក្រមុំ​នេះ ត្រូវ​ក្រុម​គ្រួសារ​យក​រូបថត​ ដាក់​តាម​ប៉ុស្តិ៍​នគរបាល​គ្រប់កន្លែង ក្នុង​នោះ​មាន​នគរបាល​ក្រុង​កំពង់ឆ្នាំង ក៏​ទទួល​បាន​រូបថត​ កូនក្រមុំ​មួយ​សន្លឹក​ដែរ ហើយ​សមត្ថកិច្ច​នគរបាល ក៏​បាន​ចេញ​ស្ទាក់​ គ្រប់កន្លែង​តាម​ផ្ទះសំណាក់ ក៏​ត្រូវ​តាម​រក​ដែរ តែ​ពុំ​ទទួល​បាន​លទ្ធផល​ឡើយ ។

ទីបំផុត គឺ​បាន​ទទួល​ដំណឹង​ពី​ក្រុម​គ្រួសារ​ថា បាន​រក​ឃើញ​កូនក្រមុំ​ហើយ​ នៅ​វេលា​ម៉ោង​១១​យប់​ ថ្ងៃ​ដ​ដេ​ល ត្រង់​បរិវេណ​សាលា​វិទ្យាល័យ​ ស្រុក​ទឹកផុស ។

បើ​តាម​ប្រភព​បុរស​ម្នាក់​ ត្រូវជា​បងជីដូនមួយ​ឱ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​១១​យប់​នោះ ក្រុម​គ្រួសារ​កូនក្រមុំ​ បាន​ទទួល​ទូរ​សព្ទ័​ពី​កូនក្រមុំ តែ​និយាយ​មិន​ច្បាស់ ក្នុង​ភាព​រវើរវាយ ម្តង​ថា​នៅ​ត្រង់នេះ ម្តង​ថា​នៅ​ត្រង់នោះ និង​ចុង​ក្រោយ​ថា​នៅ​សាលារៀន ទើប​ក្រុម​គ្រួសារ
បាន​ទៅ​រក​ឃើញ​នៅ​សាលារៀន​មែន តែ​នាង​ទន់​ខ្លួន​រវើរវាយ និង​បាត់​អស់​គ្រឿងអលង្ការ​ពី​ខ្លួន ។

ហេតុនេះ​ហើយ ទើប​ក្រុម​គ្រួសារ​សន្និដ្ឋាន​ថា ត្រូវ​ថ្នាំ​សន្តំ និង​ដោះ​យក​គ្រឿងអលង្ការ​អស់ បន្ទាប់​មក​បាន​យក​មក​ សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។

ប្រភព​ដដែល​បន្ត​ថា ពី​ធី​មង្គលការ​ត្រូវ​កាត់​ខ្លះ ដោយ​ខាន​សូត្រ​មន្ត​ ចូល​រោង​ពី​ល្ងាច និង​ពី​ធី​ហែ​ជំនូន ក៏​ត្រូវ​លើក​មក ធ្វើ​ពិធី​ដង្ហែ​នៅ​ម៉ោង​ ១០និង​៣០​នាទី​ ព្រឹក​ថ្ងៃ​ទី​២៤ និង​ពេល​នេះ ពី​ធី​មង្គលការ​កំពុង​តែ​ប្រព្រឹត្ត​ទៅ​ជា​ធម្មតា​វិញ ដោយ​ខាង​កូន​ក​ម្លោះ ព្រម​ការ​បន្ត ។

ទោះបី​មានការ​បកស្រាយ​ពី​ក្រុម​គ្រួសារ​ យ៉ាងនេះ​ក្តី ក៏​មានការ​លើក​ឡើង​ ពី​មជ្ឈដ្ឋាន​នានា និង​ពី​សមត្ថកិច្ច​ថា មិន​គួរ​មានរឿង​នេះ​ កើត​ឡើង​​ឡើយ ។ តាម​ចាស់​បុរាណ​តែង​ប្រាប់ត​ៗ​គ្នា​ថា កូន​ក​ម្លោះ​-​កូនក្រមុំ មុន​ថ្ងៃ​ចូល​រោងការ មិន​ត្រូវធ្វើ​អ្វី​ឡើយ ពិសេស​ការ​កាន់​កាំបិត​​​ពូថៅ​កាប់​នេះ កាប់​នោះ ព្រោះ​ខ្លាច​មុត​ដៃ​មុត​ជើង​ ខាន​បានការ និង​ម្យ៉ាងវិញទៀត ការ​ដើរទៅ​ណា​ឆ្ងាយ​ពី​ផ្ទះ ក៏​ត្រូវ​បាន​ហាម​ដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត