ទូរទស្សន៍​អប្សរា​បើក​សង្វៀន​ប្រដាល់​អន្តរជាតិ​នៅ​កំ​បូល

រាជធានី​ភ្នំពេញ ៖ ស្ថានីយទូរទស្សន៍​អប្សរា​ប៉ុស្តិ៍​លេខ​១១ សហការ​ជាមួយ​សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា​បាន​ធ្វើ​សន្និសីទកាសែត​មួយ​កាលពី​ថ្ងៃ​ទី​២៣ មីនា ដើម្បី​ប្រកាស​ពី​ការ​រៀបចំ​ការ​ប្រកួត​ប្រដាល់​ដណ្ដើម​ខ្សែក្រវាត់​ជា​លក្ខណៈ​អន្តរជាតិ រវាង​កីឡាករ​កម្ពុជា​-​ថៃ​ក្នុង​ប្រភេទ​ទម្ងន់​៥៤​គីឡូក្រាម​នៅ​លើ​សង្វៀន​ថ្មី​ដែល​ស្ថិត​ក្នុង​សង្កាត់​កំ​បូល ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

លោក ស៊ា​ន វិសុទ្ធ អគ្គនាយក​ស្ថានីយទូរទស្សន៍​អប្សរា​ប៉ុស្តិ៍​លេខ​១១​បាន​មាន​ប្រសាសន៍​ថា ព្រឹត្តិការណ៍​ប្រកួត​ប្រដាល់​ដណ្ដើម​ខ្សែក្រវាត់​អន្តរជាតិ​ដែល​ស្ថានីយទូរទស្សន៍​អប្សរា​រៀបចំ​ឡើង​នៅ​ពេល​នេះ​គឺ​បាន​សហការ​ជាមួយ​សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា និង​ការ​ជួយ​ឧបត្ថម្ភ​ពី​ណា​ហ្គា​វើ​ល ។ ការ​ប្រកួត​របៀប​នេះ​ធ្វើ​ឡើង​រយៈពេល​៣​ខែ​ម្ដង និង​បាន​ផ្លាស់​ប្ដូរ​ទីតាំង​សង្វៀន​ផ្សេង​ពី​គ្នា​ដើម្បី​ឱ្យ​មានការ​ចាប់អារម្មណ៍ និង​ទទួល​បានការ​គាំទ្រ​ពី​សំណាក់​ពលរដ្ឋ​ខ្មែរ​កាន់តែ​ច្រើន​ថែម​ទៀត ។ សម្រាប់​ការ​ប្រកួត​លើក​នេះ​គូ​ដណ្ដើម​ខ្សែក្រវាត់​មាន​តែ​មួយគូ​ប៉ុណ្ណោះ​គឺ ម៉​ន វិ​រៈ មក​ពី​ក្លិប​ការិយាល័យ​ទី​៥​កងទ័ពជើងគោក ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​Pha Yanarn​ក្នុង​ប្រភេទ​ទម្ងន់​៥៤​គីឡូក្រាម ។

ជាមួយ​គ្នា​នេះ ក៏​មានការ​ប្រកួត​ជា​លក្ខណៈ​មិត្តភាព​កម្ពុជា​-​ថៃ​មួយគូ​ទៀត​រវាង​កីឡាករ​ព្រំ សំណាង មក​ពី​ក្លិប​កងទ័ព​ឆត្រយោង​៩១១​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​Kenley Thip ។ ក្រៅពី​នោះ​គឺជា​ការ​ប្រកួត​ជា​លក្ខណៈ​មិត្តភាព​រវាង​កីឡាករ​កម្ពុជា និង​កម្ពុជា​ដែល​មាន​ដូច​ជា​កីឡាករ​កំពែង ខ្មៅ មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងកសិកម្ម ប្រកួត​ជាមួយ​កីឡាករ ថា​ន រ៉ា​ឌី មក​ពី​ក្លិប​សម្រែក​រាជសីហ៍ ។ កីឡាករ​លី​ន វិ​រៈ មក​ពី​ក្លិប​បុរី​រាជសីហ៍ ប្រកួត​ជាមួយ​កីឡាករ​ពុទ្ធ សំ​អួន មក​ពី​ក្លិប​ពុទ្ធ​សេរី​វង្ស​ព្រែក​តា​ទែន។ កីឡាករ​រ័ក្ស ជ័យ មក​ពី​សមាគម​កីឡាប្រដាល់​ខេត្តកោះកុង ប្រកួត​ជាមួយ​កីឡាករ​អេ ហនុមាន មក​ពី​ក្លិប​អេ​ភូ​ថង​កីឡា និង កីឡាករ​ទឹម ខ្លា មក​ពី​ក្លិប​ពន្លឺ​វិបុល​ពោធិ៍​សែន​ជ័យ ប្រកួត​ជាមួយ កីឡាករ​ចាន់ ឡុ​ក មក​ពី​សមាគម​កីឡាប្រដាល់​ខេត្តកោះកុង ។ លោក​ឱ្យ​ដឹង​ទៀត​ថា ការ​ប្រកួត​នេះ​បើក​ឱ្យ​ចូល​ទស្សនា​ដោយ​សេរី និង​មានការ​ចាក់​ផ្សាយ​បន្ត​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍​អប្សរា​ប៉ុស្តិ៍​លេខ​១១​ចាប់ពី​ម៉ោង​៣​រសៀល​តទៅ ។

លោក​ឧត្តមសេនីយ៍ តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា មាន​ប្រសាសន៍​ថា ព្រឹត្តិការណ៍​ប្រកួត​ប្រដាល់​ដណ្ដើម​ខ្សែក្រវាត់​ជា​លក្ខណៈ​អន្តរជាតិ​នៅ​ក្នុង​ពេល​នេះ​គឺជា​ការ​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​បំផុស​វិស័យ​កីឡាប្រដាល់​ក្បាច់គុន​បុរាណ​ខ្មែរ​យើង​ឱ្យ​កាន់តែ​មាន​ភាព​រីក​ចម្រើន និង​ទទួល​បានការ​គាំទ្រ​ពី​សំណាក់​ប្រជា​ពល​រដ្ឋ​ខ្មែរ​នៅ​តាម​ទី​ជនបទ និង​ចូលរួម​ចំណែក​បំផុស​វិស័យ​កីឡាប្រដាល់​ឱ្យ​កាន់តែ​មាន​ភាព​ទូលំទូលាយ​ថែម​ទៀត ។ លោក​ឧត្តមសេនីយ៍ តែម ម៉ឺន បន្ត​ថា ដើម្បី​ធ្វើ​ឱ្យ​វិស័យ​កីឡាប្រដាល់​កាន់តែ​ទទួល​បានការ​គាំទ្រ លោក​សូម​សំណូមពរ​ដល់​មន្ត្រី​អាជ្ញាកណ្ដាល ចៅក្រម ក៏​ដូច​ជា​គណៈកម្មការ​រៀបចំ​ការ​ប្រកួត ត្រូវ​ប្រកាន់​យក​ភាព​យុ​ត្ត​ធម៌ កាត់​ក្ដី​ឱ្យ​បាន​ត្រឹមត្រូវ មាន​តម្លាភាព​មិន​លំអៀង មិន​ថា​កីឡាករ​កម្ពុជា ឬ​បរទេស​ឡើយ​ត្រូវ​តែ​ស្មើភាព​គ្នា ។ មិនតែប៉ុណ្ណោះ ត្រូវ​រៀបចំ​ខ្លួន​ឱ្យ​បាន​ល្អ សម្លៀក​បំពាក់​សមរម្យ​ប្រកប​ដោយ​ភាព​ថ្លៃថ្នូរ អត្ត​ចរិត​សក្តិ​សមជា​អាជ្ញាកណ្ដាល​គំរូ​។ យើង​ដឹង​ហើយ​ថា កាលណា​មានកម្ម​វិធី​ប្រកួត​ច្រើន យើង​កាន់តែ​ទទួល​បាន​ចំណូល​ច្រើន​អាច​ជួយ​សម្រួល​ជីវភាព​នៅ​ក្នុង​គ្រួសារ​កាន់តែ​ល្អ​ប្រសើរ​ថែម​មួយ​កម្រិត​ទៀត ៕