បំណែក​រក​ឃើញ​នៅ​ម៉ូ​ហ្សំ​ប៊ិក​ហាក់ដូចជា​ពិត​មក​ពី​យន្តហោះ​MH370

ក្រោយ​ការ​វិភាគ​បំណែក​របស់​ពួក​អ្នកជំនាញ​ការ​ដែល​ស៊ើបអង្កេត​លើ​ការ​បាត់ដាន​យន្តហោះ​ប៊ូ​អុ​ី​ង​៧៧៧​មួយ​គ្រឿង របស់​ម៉ា​ឡេ​ស៊ី កាលពី​២​ឆ្នាំ​មុន​បង្ហាញ​ថា បំណែក​២​ដែល​រក​ឃើញ​កាលពី​ខែធ្នូ បន្ទាប់​មក​នា​ដើមខែ​មីនា នៅ​ប្រទេស​ម៉ូ​ហ្សំ​ប៊ិក​ស្ទើរតែ​ច្បាស់​ជា​បំណែក​នៃ​យន្តហោះ​ជើងហោះហើរ MH370 នោះ ។

រដ្ឋមន្ត្រី​ដឹក​ជញ្ជូន​អូស្ត្រាលី លោក DARREN CHESTER គូសបញ្ជាក់​កាលពី​ថ្ងៃ​ទី​២៤ មីនា ក្នុង​សេចក្តី​ប្រកាស​មួយ​ថា បំណែក​ទាំងនេះ​មក​ពី​ប៉ាណូ ដែល​គេ​អាច​ឃើញ​ក្នុង​យន្តហោះ​ប៊ូ​អីុ​ង​៧៧៧​របស់​ម៉ា​ឡេ​ស៊ី ។

ប្រទេស​អូស្ត្រាលី​ជា​អ្នកសម្របសម្រួល​ការ​រុករក​យន្តហោះ MH370 ក្នុង​សមុទ្រ ។ ការ​រុករក​លាតសន្ធឹង​ក្នុង​ទំហំ​ប្រមាណ​ជា​១២០.០០០​គីឡូម៉ែត្រ​ក្រឡា រួច​នឹង​ត្រូវ​បញ្ចប់​ក្នុង​ខែមិថុនា ឬ​កក្កដា ខាង​មុខ​នេះ ។ សម្រាប់​ពេល​នេះ​គេ​ទើប​រក​ឃើញ​បំណែក​ស្លាប​មួយ​កាលពី​ខែកក្កដា ឆ្នាំ​២០១៥ នៅ​លើ​កោះ REUNION បារាំង ។ បំណែក​២​ទៀត​រក​ឃើញ​នៅ​ម៉ូ​ហ្សំ​ប៊ិក​ដាច់​ដោយឡែក​ពី​គ្នា​លើ​ឆ្នេរ​ខ្សាច់ ដោយ​បំណែក​មួយ​ប្រទះ​ឃើញ​ដោយ​ក្មេង​ជំទង់​អាហ្វ្រិក​ខាងត្បូង​ម្នាក់​កាលពី​ខែធ្នូ រួច​បំណែក​មួយទៀត​រក​ឃើញ​ដោយ​អ្នកទេសចរ​អា​មេ​រិ​ក​ម្នាក់​កាលពីដើម​ខែមីនា​នេះ ។ បំណែក​ទាំង​២​នេះ​ត្រូវ​បាន​បញ្ជូន​ទៅ​អូស្ត្រាលី​ដើម្បី​ធ្វើការ​ពិនិត្យ​ដោយ​ពួក​អ្នកជំនាញ​ការ​របស់​ប៊ូ​អីុ​ង ។ បំណែក​រក​ឃើញ​ដោយ​អ្នកទេសចរ​អា​មេ​រិ​ក​មាន​ទំហំ​៥៧​សង្ទីម៉ែត្រ លើ​៩០​សង្ទីម៉ែត្រ ហើយ​មាន​ចារ​អក្សរ​ថា NO STEP ៕