តំណាងរាស្ត្រ​មណ្ឌល​កំពត​ជួប​សំណេះសំណាល​និង​ដោះស្រាយ​សំណូមពរ​ប្រជាពលរដ្ឋ​

​កំពត:
លោក នឹម ច័ន្ទ​តារា អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពត​និង​លោក កៅ លឹម​គ្រី​ជំនួយការ​ផ្ទាល់​បាន​ចុះមក​សួរសុខទុក្ខ​និង​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ជិត​២០០​គ្រួសារ​មកពី​ភូមិ​អូរ ឃុំ​ត្រពាំង​រាំង ស្រុក​ជុំ​គី​រី ខេត្តកំពត​កាលពី​ព្រឹក​ថ្ងៃទី​២៤ ខែ​មិនា ឆ្នាំ​២០១៦​កន្លងមកនេះ ។​

លោក កៅ​ លឹម​គ្រី ​បាន​មានប្រសាសន៍​ឲ្យ​ដឹងថា ការ​ចុះមក​សួរសុខទុក្ខ​របស់​តំណាងរាស្ត្រ​នាពេលនេះ​គឺ​ចង់ដឹង​ពី​សុខទុក្ខ​និង​ជីវភាព​រស់នៅ​ប្រជាពលរដ្ឋ​ក៏ដូចជា​ដោះស្រាយ​នូវ​តម្រូវការ​និង​សំណូមពរ​មួយចំនួន​របស់​ប្រជាពលរដ្ឋ​ផងដែរ​។​
​នៅ​ចំពោះមុខ​ប្រជាពលរដ្ឋ​លោក​នឹម ច័ន្ទ​តារា បាន​សម្តែង​នូវ​ការរីករាយ​ដោយបាន​ជួប​ជាមួយ​ប្រជាពលរដ្ឋ​នៅ​ទីនោះ​ដោយ​មើលឃើញ​ពី​កម្រិតជីវភាព​មាន​ភាពល្អប្រសើរ​ជាង​មុន​។

​លោក​តំណាងរាស្ត្រ​បាន​មានប្រសាសន៍ថា​រដ្ឋាភិបាល​និង​អា​ជ្ញ​ធរ​គ្រប់​ជាន់ថ្នាក់​មានការ​ព្រួយ​បារ​ម្មណ៍​ខ្លាំង​ពី​បញ្ហា​កង្វះខាត​ទឹក​សម្រាប់​ប្រជាជន​ប្រើប្រាស់​ដោយសារ​ឆ្នាំនេះ​អាច​នឹង​ជួប​គ្រោះរាំងស្ងួត​ខ្លាំង ដូច្នេះ​ពុក ម៉ែ បង ប្អូន ធ្វើតាម​ការណែនាំ​របស់​ក្រសួង​ធនធានទឹក​និង​ឧ​ត្តុ​និយម​កន្លែង​ណា​មាន​បឹង​ឬ​ស្រះ​ត្រូវ​រក្សា​ទឹក​ទុក​សម្រាប់​ប្រើប្រាស់​នៅពេល​រាំងស្ងួត​ខ្លាំង​។​

​ជាមួយគ្នា​នោះ​លោក​បាន​សំណូមពរ​ដល់​អាជ្ញាធរ​កងកម្លាំង​គ្រប់លំដាប់​ថ្នាក់​ត្រូវ​បន្ត​ខិតខំ​ថែរក្សា​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ​ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ដល់​ពួកគាត់​ក្នុងការ​ប្រកបការងារ​ចិញ្ចឹមជីវិត​ប្រចាំថ្ងៃ​។​ហើយ​អាជ្ញាធរ​ត្រូវខិតខំ​រក​ប្រភពទឹក​ឬ​កែលម្អរ​នូវ​ប្រព័ន្ធធារាសាស្ត្រ​ដែលមាន​ស្រាប់​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​មានទឹក​ប្រើប្រាស់​គ្រប់គ្រាន់​និង​ស្រោចស្រព​បន្លែបង្ការ​ផ្សេងៗ​។​

ជាការ​ឆ្លើយតប​ប្រជាពលរដ្ឋ​ភូមិ​អូរ​ទាំងអស់​បាន​ថ្លែងអំណរគុណ​ដល់​លោក​នឹម ច័ន្ទ​តារា ដែល​តែងតែ​យកចិត្តទុកដាក់​ពី​សុខទុក្ខ​និង​ការលំបាក​របស់​ប្រជាពលរដ្ឋ​គ្រប់ពេលវេលា​និង​បាន​ដោះស្រាយ​រាល់​សណូ​ម​ពរ​របស់​ប្រជាពលរដ្ឋ​ជាពិសេស​បញ្ហាដីធ្លី​។​

គួររំលឹកថា​នា​ឪ​កាស​នោះ​លោក​នឹម ច័ន្ទ​តារា បាន​ជូន​ថវិកា​ដល់​អ្នកចូលរួម​ទាំងអស់​ក្នុង​ម្នាក់ៗ​ទទួលបាន​ថវិកា​៥​ពាន់​រៀល នុំ​ប័ង​ពីរ​ដើម និង ទឹក​សុទ្ធ​១​ដប​ផងដែរ​៕​