​កម្ពុជា ប្រមូល​​បាន​មេដាយ​មាស​៩​ហើយ ក្នុង​ពាន Goodwill Mekong Game​ នៅ​ថៃ

​ក្រុម​អត្ត​ពលិក​នៅ​លើ​ប្រភេទ​កីឡាចំនួន​៥​របស់​កម្ពុជា ​បាន​ឈ្នះ​មេដាយ​មាស​រហូត​៩ ប្រាក់​៣ និង​សំរឹទ្ធ៣ ក្នុង​ការ​ប្រកួត​ពានរង្វាន់ 12th Goodwill Mekong Game នៅប្រទេសថៃ។ សម្រាប់​ការ​ប្រកួត កាល​ពី​ថ្ងៃ​ពុធ ម្សិល​មិញ កម្ពុជា បាន​ឈ្នះ​មេដាយ​មាស​ចំនួន​២ ទៅ​លើ​ការ​ប្រកួត​វាយ​កូន​ឃ្លី​លើ​តុវិញ្ញាសា​ជា​ក្រុម និង​ការ​ប្រកួត​ប៉េតង់​វាយ​គូ​ចម្រុះ ហើយ​​កម្ពុជា​ក៏​ឈ្នះ​បាន​មេដាយ​ប្រាក់​១ និង​សំរឹទ្ធ១ ក្នុង​ការ​ប្រកួត​ប៉េតង់​លើ​វិញ្ញាសាវាយ​គូ​ចម្រុះ​ផង​ដែរ។

cam-002ចំណែក​ការ​ប្រកួត​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ក្រុម​វាយ​សី​របស់​កម្ពុជាបាន​ឈ្នះ​មេដាយ​មាស​ចំនួន​៤ នៅ​លើ​វិញ្ញាសា​វាយ​ទោល​នារី វាយ​ទោល​បុរស វាយ​គូ​បុរស និង​វាយ​គូចម្រុះ រីឯ​ការ​ប្រកួត​វាយ​គូ​នារី កម្ពុជាបាន​ឈ្នះ​មេដាយ​ប្រាក់ ខណៈ​ក្រុម​ស៊ី​ប៉ាក់​តាក្រ​កម្ពុជាផ្នែក​បុរសរបស់​កម្ពុជា បាន​យក​​មេដាយ​សំរឹទ្ធ១។ ជារឿង​ដ៏​គួរ​ភ្ញាក់​ផ្អើល​មួយ​ទៀត​គឺ ក្រុមបាល់​ទាត់​​ជម្រើស​ជាតិ​អាយុ​ក្រោម​១៩​ឆ្នាំ​របស់​កម្ពុជា បាន​ឈ្នះ​មេដាយ​មាស ជា​លើក​ដំបូង ក្នុង​ព្រឹត្តិការណ៍នេះ បន្ទាប់​ពី​ពួក​គេ​បានបន្ត​​ទៅ​លត់​ក្រុមU19​ឡាវ ៥-១ បន្ថែម​ទៅ​លើ​ការ​ឈ្នះ​ក្រុម U19មីយ៉ាន់ម៉ា ៧-០ កាល​ពី​ថ្ងៃ​ពុធ​ម្សិល​មិញ និង​ស្មើ​ក្រុម​ម្ចាស់​ផ្ទះ​U19ថៃ ៣-៣ កាល​ពី​ថ្ងៃ​អង្គារនោះ។

បន្ថែមលើ​នេះ​​កីឡាករវាយ​កូន​ឃ្លី​លើ​តុ សឺន តុលា និង សំណាង វិរ:បុត្រ បាន​រួម​គ្នា​យក​ឈ្នះ​ក្រុម​ឡាវ ក្នុងប្រកួត​វាយ​ជា​គូ វគ្គ​​ផ្តាច់​ព្រ័​ត្រ ដើម្បី​ឈ្នះ​មេដាយ​មាស១​ទៀតឲ្យ​កម្ពុជា តែ សំណាង វិរ:បុត្រ ​​បាន​ចាញ់​កីឡាករ​ឡាវ ក្នុង​ការ​ប្រកួត​ផ្តាច់​ព្រ័ត្រ​លើ​វិញ្ញាសា​វាយ​ទោល ដោយ​គេ​បាន​ត្រឹម​មេដាយ​ប្រាក់។ រីឯ​​ប៉េតង់ បាន​ឈ្នះ​មេដាយ​មាស​លើ​វិញ្ញាសា​ជា​ក្រុម​បុរស និង​ឈ្នះ​មេដាយ​សំរឹទ្ធ ក្នុង​ការ​ប្រកួត​ជា​ក្រុមនារី។ សរុប​មក​គិត​ត្រឹម​​​រសៀលម៉ោង ៣:៣០ ​ថ្ងៃ​ព្រហស្បតិ៍នេះ កម្ពុជា បាន​ឈ្នះមេដាយ​មាស​សរុប​ចំនួន​៩ ប្រាក់​៣ និង​សំរឹទ្ធ​៣ ពី​ការ​ប្រកួត​នេះ៕

cam-003 cam-001