តំណាង​​​រាស្ត្រ​​​​​​ស្នើ​​​​​​ឲ្យ​​​បេសកជន​​​សហប្រជា​​​ជាតិ​​​​​​លើក​​​កម្ពស់​​​វប្បធម៌​​​សន្ទនា

បេសក​​​ជន​​​សិទ្ធិ​​​មនុស្ស​​​សហ​​​ប្រជា​​​ជាតិ​​​​​​បាន​​​ជួប​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ជាមួយ​​​លោក អេង ឆៃ​​​អ៊ាង តំណាង​​​រាស្ត្រ​​​គណបក្ស​​​ប្រឆាំង​​​​​​ដែល​​​ដឹក​​​នាំ​​​គណៈ​​​កម្មការ​​​សិទ្ធិ​​​មនុស្ស​​​នៃ​​​រដ្ឋ​​​សភា ហើយ​​​សុំ​​​ស្នើ​​​​​​ការ​​​ជួយ​​​​​​​​​ពី​​​អ្នក​​​រាយ​​​ការណ៍​​​ពិសេស​​​​​​ក្នុង​​​ការ​​​​​​​​​បង្កើត​​​ឡើង​​​វិញ​​​នូវ​​​ទំនាក់​​​ទំនង​​​​​​វិជ្ជ​​​មាន​​​ជា​​​មួយ​​​គណ​​​បក្ស​​​កាន់​​​អំណាច។​​​​​​

នៅ​​​ថ្ងៃ​​​ទី​​​២​​​​​​​​​នៃ​​​កិច្ច​​​ប្រជុំ​​​​​​ជា​​​ផ្លូវ​​​ការ អ្នកស្រី រ៉ូណា ស្មីត បាន​​​ជួប​​​ជា​​​មួយ​​​លោក ឆៃអ៊ាង និង​​​សមាជិក​​​៨​​​រូប​​​ផ្សេង​​​ទៀត​​​​​​នៃ​​​គណៈកម្មការ​​​ទ្វេបក្ស​​​ ដើម្បី​​​ស្តាប់​​​​​​ដំណើរ​​​​​​ការ​​​ងារ​​​របស់​​​ខ្លួន។

តំណាង​​​រាស្ត្រ​​​គណ​​​បក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​រូប​​​នេះ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​បាន​​​ជម្រាប​​​​​​អ្នក​​​រាយការណ៍​​​ពិសេស​​​​​​ថា គណៈកម្ម​​​ការ​​​​​​នេះ​​​បាន​​​ទទួល​​​​​​ពាក្យ​​​បណ្តឹង​​​​​​​​​ជាង​​​៥០០​​​បណ្តឹង​​​​​​នៅ​​​ឆ្នាំ​​​២០១៥​​​ ក្នុង​​​នោះ​​​មាន​​​ប្រហែល​​​៧០​​​​​​ភាគ​​​រយ​​​​​​គឺ​​​ទាក់​​​ទង​​​នឹង​​​​​​ជម្លោះ​​​ដី​​​ធ្លី ហើយ​​​​​​​​​​​​បណ្តឹង​​​ផ្សេង​​​ទៀត​​​​​​ជាប់​​​ទាក់​​​ទង​​​នឹង​​​ប្រព័ន្ធ​​​តុលាការ។​​​​​​

លោក ឆៃ​​​អ៊ាង បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​ពិភាក្សា​​​អំពី​​​ការ​​​ងារ​​​​​​គណៈ​​​កម្មការ​​​សិទ្ធិ​​​មនុស្ស រួម​​​​​​មាន​​​​​​បណ្តឹង​​​ដែល​​​គណៈ​​​កម្មការ​​​​​​ជួយ​​​ដោះ​​​ស្រាយ ជា​​​ពិសេស​​​​​​ទាក់​​​ទង​​​នឹង​​​ជម្លោះ​​​ដី​​​ធ្លី និង​​​យន្ត​​​ការ​​​​​​ដោះ​​​ស្រាយ​​​ពាក្យ​​​បណ្តឹង”។​​​

តំណាង​​​រាស្ត្រ​​​​​​រូប​​​នេះ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​បាន​​​ស្នើ​​​​​​ឲ្យ​​​អ្នក​​​ស្រី​​​ ស្មីត​​​​​​ប្រើ​​​តួនាទី​​​​​​របស់​​​អ្នក​​​ស្រី​​​ ដើម្បី​​​ព្យាយាម​​​​​​បញ្ចុះ​​​បញ្ចូល​​​​​​មេដឹក​​​នាំ​​​​​​នៃ​​​គណ​​​បក្ស​​​ទាំង​​​ពីរ​​​​​​​​​​​​ធ្វើ​​​ឲ្យ​​​​​​​​​មាន​​​ដូច​​​ដើម​​​វិញ​​​នូវ​​​​​​វប្បធម៌​​​សន្ទនា ជាការ​​​​​​ផ្អាក​​​​​​​​​ជម្លោះ​​​នយោបាយ​​​ដើម្បី​​​​​​នាំមក​​​នូវ​​​ភាព​​​ល្អូក​​​ល្អឺន​​​​​​ក្នុង​​​ឆាក​​​នយោបាយ។​​​ សន្តិភាព​​​រវាង​​​បក្ស​​​និង​​​បក្ស​​​​​​​​​បាន​​​ដួល​​​រលំ​​​កាល​​​ពី​​​ឆ្នាំ​​​មុន នៅ​​​ពេល​​​ដែល​​​​​​​​​មាន​​​តំណាង​​​​​​រាស្ត្រ​​​គណ​​​បក្ស​​​​​​សង្គ្រោះ​​​ជាតិ​​​ពីរ​​​រូប​​​​​​ត្រូវ​​​គេ​​​វាយ​​​ដំ​​​នៅ​​​ខាង​​​ក្រៅ​​​​​​រដ្ឋ​​​សភា​​​ និង​​​មាន​​​ចេញ​​​ដីកា​​​​​​ចាប់​​​ខ្លួន​​​លោក សម រង្ស៊ី មេដឹក​​​នាំ​​​បក្ស​​​ប្រឆាំង។​​​​​​​​​​​​​​​​​​​​​

លោក ឆៃអ៊ាង បាន​​​មាន​​​ប្រសាសន៍​​​ថា “​​​នៅ​​​ចុង​​​បញ្ចប់​​​នៃ​​​កិច្ច​​​ប្រជុំ​​​ ខ្ញុំ​​​ស្នើ​​​ថា អ្នក​​​ស្រី​​​​​​ជំរុញ​​​មេដឹក​​​នាំ​​​​​​នៃ​​​គណបក្ស​​​ទាំង​​​ពីរ​​​​​​ឲ្យ​​​ពង្រឹង​​​វប្បធម៌​​​សន្ទនា ព្រោ​​​ះ​​​​​​ជួន​​​កាល​​​​​​​​​យើង​​​ប្រឈម​​​នឹង​​​​​​បញ្ហា​​​លំបាក​​​​​​ក្នុង​​​ការ​​​ធ្វើ​​​ការងារ​​​​​​របស់​​​យើង ពី​​​ព្រោះ​​​​​​វា​​​ទាក់​​​ទង​​​នឹង​​​នយោបាយ”។

​​​​​​​​​តំណាង​​​រាស្ត្រ​​​រូប​​​នេះ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​បាន​​​សម្រេច​​​ចិត្ត​​​​​​មិន​​​​​​​​​លើក​​​យក​​​ករណី​​​ផ្ទាល់​​​​​​របស់​​​លោក រង្ស៊ី​​​ ដែល​​​កំពុង​​​​​​រស់​​​នៅ​​​និរទេស​​​ខ្លួន​​​​​​​​​ដើម្បី​​​​​​គេច​​​ពី​​​ការ​​​ផ្តន្ទា​​​ទោស​​​ឲ្យ​​​ជាប់​​​ពន្ធនាគារ​​​រយៈ​​​ពេល​​​២​​​ឆ្នាំ​​​ពី​​​បទ​​​​​​បរិហារ​​​កេរ្តិ៍​​​លោក​​​ ហោ​​​ ណាំហុង រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​ការ​​​បរទេស ឬ​​​​​​លើក​​​ករណី​​​របស់​​​លោក កឹម សុខា អនុប្រធាន​​​គណបក្ស​​​ប្រឆាំង​​​ ដែល​​​ត្រូវ​​​គេ​​​បណ្តេញ​​​ចេញ​​​ពី​​​តំណែង​​​​​​អនុ​​​ប្រធាន​​​ទី​​១​​​នៃ​​​រដ្ឋ​​​សភា​​​​​​ក្នុង​​​ខែ​​​តុលា​​​ ជា​​​វិធាន​​​ការ​​​​​​មួយ​​​ដែល​​​អ្នក​​​ជំនាញ​​​ចាត់​​​ទុក​​​ថា​​​ខុស​​​ច្បាប់​​​​​​​​​​​​​​នោះ​​​ទេ​​​។

​​​​​​​​​​​​​​​​​តំណាង​​​រាស្ត្រ​​​រូប​​​នេះ​​​បាន​​​មាន​​​ប្រសាសន៍​​​​​​ដោយ​​​សំដៅ​​​លើ​​​កិច្ច​​​ប្រជុំ​​​​​​រវាង​​​អ្នក​​​ស្រី និង​​​លោក ងួន ញ៉ិល​​​​​​ ប្រធាន​​​សភា​​​ស្តី​​​ទី​​​ថា “​​​ខ្ញុំ​​​មិន​​​និយាយ​​​អំពី​​​​​​រឿង​​​នេះ​​​ទេ ព្រោះ​​​ខ្ញុំ​​​​​​គិត​​​ថា អ្នកស្រី រ៉ូណា ស្មីត​​​ ទំនង​​​បាន​​​​​​ពិភាក្សា​​​​​​ជាមួយ​​​​​​សភា​​​​​​ទាក់​​​ទង​​​នឹង​​​រឿង​​​ទាំង​​​នោះ”៕

 

The post តំណាង​​​រាស្ត្រ​​​​​​ស្នើ​​​​​​ឲ្យ​​​បេសកជន​​​សហប្រជា​​​ជាតិ​​​​​​លើក​​​កម្ពស់​​​វប្បធម៌​​​សន្ទនា appeared first on ខេមបូឌា ដេលី.