ភ្ងៀវទេសចរ​ខេត្តសៀមរាប នឹង​កើនឡើង​បន្ទាប់​ភាពល្បីល្បាញ​កាល​ពីស​ង្ក្រា​ន្ត​ឆ្នាំមុន​

​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ ដែលជា​ពិធី​បុណ្យជាតិ​ធំជាងគេ​ប្រចាំឆ្នាំ​នៅក្នុង​ប្រទេស​កម្ពុជា​ក៏បាន​កៀក​នឹង​មកដល់​។ ប្រជាពលរដ្ឋ​កម្ពុជា​ក៏​កំពុងតែ​រៀបចំ​ផែនការ​ដំណើរ​កម្សាន្ត​តាម​រមណីយដ្ឋាន​នានា ជាពិសេស​នៅក្នុង​ប្រទេស​របស់ខ្លួន​ដើម្បី​អបអរសាទរ​មហា​ស​ង្ក្រា​ន្ត​ថ្មី​។ ខេត្តសៀមរាប​បានក្លាយ​ទៅជា​រមណីយដ្ឋាន​ដែល​កំពុង​ទទួលបាន​ចំណាប់​អារ​ម្ម​ណ៏​ខ្លាំងជាងគេ សម្រាប់​ភ្ងៀ​វ​ទេសចរ​ជាតិ និង​អន្តរជាតិ នៅក្នុង​ឱកាស​ចូលឆ្នាំ​ខ្មែរ​ខាងមុខនេះ​។​

 

​រំលឹក​ពី​ម​ហាស​ង្ក្រា​ន​ឆ្នាំ​២០១៥ ខេត្តសៀមរាប​បាន​បង្កើត​ភាព​ល្បី​រន្ទឺ​ទៅដល់​ពិភពលោក ដោយបាន​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ទទួលបាន​នូវ​កំណត់ត្រា​ពិភពលោក Guinness World Record ចំនួន​ពីរ  តាមរយៈ​ការធ្វើ​នំអន្សម​យក្ស​ដែលមាន​ទម្ងន់​ជាង​៤​តោន ដោយបាន​ចំណាយពេល​ចម្អិន​ជិត​៥០​ម៉ោង និង​ក្រុម​រាំ​ចង្វាក់​ម៉ា​ឌី​ហ្សុ​ន​ដែលមាន​អ្នកចូលរួម​ច្រើនជាងគេ​រហូតដល់ ២,០១៥ នាក់ ចំណាយពេល​៥​នាទី  ដែល​បាន​ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ា​នី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ។ ក្រៅពីនេះ ក៏មាន​ការប្រកួត​អុក ការ​រាំ​កម្សាន្ត ការលេង​ល្បែង​ប្រជាប្រិយ​ខ្មែរ​នៅ​តំបន់​រមណី​ដ្ឋា​ន​អង្គរ​ផងដែរ ដែល​ធ្វើ​ភ្ងៀ​វ​ទេសចរ ទាំង​ជាតិ និង​អន្តរជាតិ​មាន​ភាពសប្បាយ​រីករាយ​ជាខ្លាំង​។​

 

​ដោយសារតែ​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ កាលពី​ឆ្នាំ​២០១៥​ទាំងនេះហើយ ទើប​ធ្វើ​ឲ្យ​អ្នកទេសចរ​ជាតិ និង​អន្តរជាតិ បានរៀបចំ​ផែនការ​ទៅ​កម្សាន្ត​នៅ​ខេត្តសៀមរាប ដើម្បី​ចូលរួម​រីករាយ​នឹង​ការចូល​មកដល់​នូវ​ម​ហាស​ង្ក្រា​ន្ត​ថ្មី ហើយក៏​នឹង​ទន្ទឹង​រងចាំ​មើល​ភាព​ដ៏​អស្ចារ្យ​ថ្មីៗ​ទៀត ក្នុងឱកាស​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​ខាងមុខនេះ ៕

 

Author: អត្ថបទដោយ៖ សារពេជ្រSource: