​ការ​ផ្ទុះ​នូវ​ជំងឺ សារ ឆ្នាំ ២០០៣ ធ្វើ​ឲ្យ​លោក Liu Qiangdong ​ក្លាយ​ជា​មហាសេដ្ឋី​ផ្នែក​អាជីវកម្ម​អនឡាញ​ដ៏​ធំ​មួយ​នៅ​ចិន​

លោក Liu Qiangdong ឬ​ហៅ​ឈ្មោះ​ម៉្យាង​ទៀត​ថា Richard Liu គឺ​ជា​មហាសេដ្ឋី​សហគ្រិន​ផ្នែក​អ៊ីនធឺណិត​ សញ្ជាតិ​ចិន​ដ៏​ល្បីល្បាញ​មួយ​រូប។ លោក គឺ​ជា​ស្ថាបនិក​ក្រុមហ៊ុន JD.com ឬ Jingdong Mall ដែល​ជា​ក្រុមហ៊ុន​នាំ​មុខ​ផ្នែក​អាជីវកម្ម​អេឡិចត្រូនិក e-commerce នាំ​មុខ​មួយ​នៅ​ក្នុង​ប្រទេស​ចិន។ នៅ​ជិត​ពាក់​កណ្តាល​ដើម​ឆ្នាំ ២០១៦ នេះ​លោក​ត្រូវ​បាន​គេហទំព័រ Forbes ចុះ​ផ្សាយ​ថា​ជា​មហាសេដ្ឋី​មាន​ជាង​គេ​មួយ​រូប​លើ​ពិភពលោក​ក្នុង​ចំណាត់​ថ្នាក់​លេខ ១៨៤ ពិភពលោក ជា​មួយ​ទ្រព្យ​សម្បត្តិ ៧,៣ ពាន់​លាន​ដុល្លារ។ តើ​មហាសេដ្ឋី​លេខ ១៨៤ ពិភពលោក​រូប​នេះ​មាន​ប្រវត្តិ និង បទពិសោធន៍​ អាជីវកម្ម​ក្នុង​ជីវិត​យ៉ាង​ដូច​ម្តេច​ខ្លះ?

 

លោក Liu Qiangdong កើត​នៅ​ថ្ងៃ ១៤ កុម្ភៈ ឆ្នាំ ១៩៧៤ នៅ​ក្នុង​ទីក្រុង Suqian ខេត្ត Jiangsu ម្តាយ​ឪពុក​ជា​អ្នក​ជំនួញ​ខាង​ផ្នែក​ដឹក​ជញ្ជូន​ធ្យូងថ្ម ពី​ភាគ​ខាង​ជើង ទៅ ភាគ​ខាង​ត្បូង​ប្រទេស​ចិន។ ក្នុង​វ័យ​ជា​យុវជន លោក Liu Qiangdong មាន​ចំណាប់​អារម្មណ៍​ខាង​ផ្នែក​នយោបាយ ដោយ​លោក​បាន​ចុះ​ឈ្មោះ​ចូល​រៀន​ផ្នែក សង្គមវិទ្យា នៅ​សាកលវិទ្យាល័យ People University of China ដែល​ជា​សាលា​ល្បី​មួយ​ជាប់​ទាក់ទង​និង​ ឥស្សរជន​នយោបាយ​ល្បីៗ​ជា​ច្រើន​របស់​ប្រទេស​ចិន។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ការ​រៀន​មុខ​វិជ្ជា​នេះ​មិន​មាន​ធានា​ថា​វា​នឹង​ផ្តល់​ឱកាស​ការងារ​មួយ​ល្អ​មក​ឲ្យ​ខ្លួន​ឡើយ លោក Liu Qiangdong បាន​ចំណាយ​ពេល​ទំនេរ​របស់​លោក​ស្ទើរ​ទាំង​អស់ រៀន​ផ្នែក​សរសេរ​កម្មវិធី​កុំព្យូទ័រ ដោយ​លោក​បាន​បញ្ចប់​ការ​សិក្សា​ផ្នែក​សង្គមវិទ្យា​នៅ​ឆ្នាំ ១៩៦៦ ក្រោយ​មក​ទៀត​លោក​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់ EMBA ពី​សាលា China Europe International Business School។

 

កាល​នៅ​ជីវិត​ជា​និស្សិត លោក Liu Qiangdong និង គ្រួសារ​បាន​វិនិយោគ​ជាមួយ​នឹង​ប្រាក់​ដដែល​ទទួល​បាន​ពី​ការ​សរសេរ​កម្មវិធី​របស់​លោក ជាមួយ​គ្រួសារ​ដែល​បាន​ខ្ចី​ប្រាក់​បើក​ភោជនីយដ្ឋាន​ប៉ុន្តែ​អាជីវកម្ម​នេះ​បាន​បរាជ័យ​ទៅ​វិញ​ ធ្វើ​ឲ្យ​លោក​នឹង​គ្រួសារ​ត្រូវ​ជំពាក់​បំណុល​របស់​គេ។ បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា លោក Liu Qiangdong បាន​ចូល​បម្រើ​ការងារ​ឲ្យ​ក្រុមហ៊ុន Japan Life ដែល​ជា​សហគ្រាស​ជប៉ុន​ផ្គត់ផ្គង់​ផលិតផល​សុខភាព ដែល​នៅ​ពេល​នោះ​លោក​មាន​មុខងារ​ជា អ្នក​គ្រប់​គ្រង​ផ្នែក​កុំព្យូទ័រ អ្នក​គ្រប់គ្រង​ផ្នែក​ពាណិជ្ជកម្ម និង ជា​អ្នក​ប្រឹក្សា​យោបល់​ផ្នែក​ដឹក​ជញ្ជូន។

 

ពីរ ឆ្នាំ​ក្រោម​មក​ពោល​គឺ​នៅ​ខែ មិថុនា ឆ្នាំ ១៩៩៨ លោក​បាន​ចាប់​ដំណើរ​ការ​អាជីវកម្ម​ផ្ទាល់​ខ្លួន​ឈ្មោះ​ថា Jingdong នៅ​តំបន់​សួន​ឧស្សាហកម្ម Zhongguancun High-Tech ក្នុង​ទីក្រុង ប៉េកាំង ដែល​ពេល​នោះ​អាជីវកម្ម​របស់​លោក​គឺ​ជា​អ្នក​ចែកចាយ​ផលិត​ផល​បច្ចេកវិទ្យា Magneto-Optical ដែល​ប្រើប្រាស់​ក្នុង​ម៉ាស៊ីន​កុំព្យូទ័រ។ មក​ដល់​ឆ្នាំ ២០០៣ លោក​បាន​បើក​សាខា​ចំនួន ១២ ផ្សេង​ទៀត​ដើម្បី​ចែកចាយ​ផលិតផល​នេះ។

 

នៅ​ឆ្នាំ ២០០៣ ដដែល​នៅ​ពេល​ដែល​ផ្ទុះ​ឡើង​នូវ​ជំងឺ សារ (SARS) ធ្វើ​ឲ្យ​បុគ្គលិក​និង អតិថិជន​ត្រូវ​នៅ​ក្នុង​ផ្ទះ​ដើម្បី​សុវត្ថិភាព ដែល​ជា​ហេតុ​នាំ​ឲ្យ​លោក Liu Qiangdong គិត​ឡើង​វិញ​ពី​អាជីវកម្ម​របស់​ខ្លួន ដោយ​បង្វែរ​វា​ទៅ​ជា​អាជីវកម្ម​អនឡាញ​វិញ។ លោក Liu Qiangdong បាន​បើក​គេហទំព័រ​អាជីវកម្ម​អនឡាញ​ដំបូង​របស់​ខ្លួន​នៅ​ឆ្នាំ ២០០៤ បន្ទាប់​ពី​នោះ​មក​ទើប​លោក​បើក​ដំណើរ​ការ​ក្រុមហ៊ុន JD.com នៅ​ឆ្នាំ ២០០៥ ដោយ​លោក​បាន​បិទ​ចោល​នូវ​សាខា​ទាំង​អស់​របស់​ខ្លួន​ដែល​ធ្លាប់​មាន​កន្លង​មក។ ក្រុមហ៊ុន JD.com បាន​ក្លាយ​ជា​ក្រុមហ៊ុន​នាំ​មុខ​មួយ​ផ្នែក​អាជីវកម្ម​អនឡាញ​នៅ​ក្នុង​ប្រទេស​ចិន​មក​ទល់​ពេល​បច្ចុប្បន្ន ដោយ​ក្រុមហ៊ុន​នេះ​បាន​សុំ​សិទ្ធ​បើក​ដំណើរ​ការ​ជា​ផ្លូវ​ការ​នៅ​អាមេរិក​ ក្នុង​ខែ​មករា ឆ្នាំ ២០១៤ ផងដែរ។

 

Author: ​ប្រែ​សម្រួល​៖ ជី លី​ស៊ុន Source: en.wikipedia.org, forbes.com,biography.com