១០ ជំហាន​ដើម្បី​ក្លាយ​ខ្លួន​ជា​អ្នក​ដឹកនាំ​ជោគជ័យ​វ័យ​ក្មេង​ក្នុង​កន្លែង​ធ្វើ​ការងារ

១) ត្រៀម​ខ្លួន​ឲ្យ​ហើយ មុន​ពេល​ចូល​ក្នុង​កន្លែង​ការងារ ៖ ការ​ស្ម័គ្រចិត្ត​ ចូល​បម្រើ​ការងារ​សង្គម ឬ អង្គការ​មិន​រក​ប្រាក់​ចំណូល ពេល​ខ្លះ​អ្នក​អាច​ទទួល​បាន​តួនាទី​មួយ​នៃ​ភាព​ជា​អ្នក​ដឹកនាំ​ និង អាច​បង្កើន​នូវ​ទំនុក​ចិត្ត​ ឲ្យ​សមត្ថភាព​ខ្លួន​ឯង​ ក្នុង​ការ​ដោះ​ស្រាយ​ រាល់​បញ្ហា​ប្រកួត​ប្រជែង​ផ្សេងៗ​ក្នុង​កន្លែង​ការងារ។

 

២) ស្វែង​រក​ដំបូន្មាន​ពី​អ្នក​ដទៃ ៖ គ្មាន​អ្វី​ខុស​ឡើយ​ជា​មួយ​ការ​អោប​ក្រសោប​យក​ធនធាន​នៃ​ភាព​ជា​អ្នក​ដឹក​នាំ​ដែល​អ្នក​អាច​បង្កើត​ចំពោះ​ខ្លួន​ឯង មិន​ថា​ការ​អាន​សៀវភៅ ស្តី​ពី​ភាព​ជា​អ្នក​ដឹក​នាំ ឬ ការ​ចូល​រួម​ក្នុង​វគ្គ​អប់រំ​ណា​មួយ​នោះ​ឡើយ។ ការ​ស្រូប​យក​ចំណេះ​ដឹង​ពី​អ្នក​ដទៃ គឺ​ជា​ជំហាន​វិជ្ជមាន​មួយ​ដែល​ជួយ​ឲ្យ​អ្នក​ដើរ​ចូល​ក្នុង​ទិសដៅ​ត្រឹមត្រូវ​មួយ។

 

៣) ស្វែង​យល់​ពី​វប្បធម៌​ ក្នុង​កន្លែង​ធ្វើ​ការងារ​អ្នក ៖ អ្នក​ត្រូវ​ចេះ​សង្កេត​មើល​ ពី​ទម្លាប់ កាយវិការ ឬ អាកប្បកិរិយា របស់​មិត្ត​រួម​ការងារ​ក្នុង​ក្រុមហ៊ុន។ ស្វែង​យល់​ពី​របៀប​ដែល​ពួក​គេ​ទំនាក់ទំនង ពី​របៀប​ដោះ​ស្រាយ​បញ្ហា ជា​ពិសេស​ថ្នាក់​លើ​របស់​អ្នក។ តើ​អ្វី​ជា​បែបបទ​ធ្វើ​ការ​របស់​ពួក​គេ? លួច​ទម្លាប់​ធ្វើ​ការ​របស់​ពួក​គេ បង្កើត​ជា​ទម្លាប់​ធ្វើ​ការ​ជា​របស់​អ្នក​វិញ។

 

៤) មាន​ចំណូល​ចិត្ត​ខ្ពស់​រៀន​អ្វី​ដែល​ថ្មី ៖ ទោះ​បី​ជា​អ្នក​ជា​មនុស្ស​បញ្ចប់​ការ​សិក្សា​ពី​សាកលវិទ្យាល័យ​ក៏​ដោយ​ អ្នក​គួរ​តែ​បន្ត​ការ​សិក្សា​ពី​អ្វី​ដែល​ថ្មី​ជាប់​ជា​និច្ច។ ការ​ស្រូប​យក​នូវ​ព័ត៌មាន​ថ្មី ហើយ​មិន​ត្រូវ​វិនិច្ឆ័យ​អ្វី​មួយ​តាម​រយៈ​ស្ថានការណ៍ ឬ តាម​រយៈ​ការ​ប៉ាន់​ស្មាន​ដោយ​គ្មាន​ប្រភព​ព័ត៌មាន​ច្បាស់​នោះ​ឡើយ សូម​កុំ​ខ្លាច​ដើម្បី​សុំ​ជំនួយ​ពី​មនុស្ស​ដទៃ ប្រសិន​បើ​អ្នក​ពិត​ជា​ត្រូវ​ការ​វា​មែន​នោះ។

 

៥) ស្វែង​រក​ផ្នែក​ណា​មួយ​ដែល​អ្នក​អាច​ជួយ​ដល់​មនុស្ស​ដទៃ ៖ ត្រូវ​ចងចាំ​ថា​ មនុស្ស​ម្នាក់ៗ​មាន​ទស្សនៈ​ច្រើន​ណាស់​ក្នុង​ខ្លួន ហើយ​ក៏​មាន​ចំណេះ​ដឹង​ផ្សេងៗ​ពី​គ្នា​ផង​ដែរ។ ប្រសិន​បើ​អ្នក​ពូកែ​ផ្នែក​អ្វី​មួយ​ជាង​មិត្ត​រួម​ការងារ​របស់​អ្នក​ ហើយ​អ្នក​គិត​ថា​អ្នក​អាច​ជួយ​ធ្វើ​វា​ឲ្យ​ល្អ​ប្រសើរ សូម​កុំ​ខ្លាច​ក្នុង​ការ​បង្ហាញ​សមត្ថភាព​ខ្លួន​ចំពោះ​ពួក​គេ។

 

៦) ស្ម័គ្រចិត្ត​ធ្វើ​ការ​បន្ថែម​ឲ្យ​ក្នុង​ក្រុមហ៊ុន ៖ ការ​ស្ម័គ្រចិត្ត​ធ្វើ​ការ​បន្ថែម​លើ​គម្រោង​ណា​មួយ វា​មិន​ត្រឹម​ធ្វើ​ឲ្យ​អ្នក​ទទួល​បាន​នូវ​ចំណេះដឹង ឬ ជំនាញ​ថ្មី​ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​បង្កើត​គុណ​តម្លៃ​ឲ្យ​ខ្លួន​ឯង​នូវ​បទពិសោធន៍​ភាព​ជា​អ្នក​ដឹក​នាំ។

 

៧) ត្រូវ​សកម្ម​នឹង​ការងារ ៖ សូម​កុំ​មើល​រំលង​នូវ​មូលដ្ឋានគ្រឹះ​ក្នុង​ការ​ធ្វើ​ការងារ​មួយ។ អ្នក​ត្រូវ​ប្រាកដ​ថា​ ការងារ​ដែល​អ្នក​កំពុង​ធ្វើ គឺ​ជា​អ្វី​ដែល​អ្នក​កំពុង​ប្រឹងប្រែង​ អស់​ពី​សមត្ថភាព​ ទោះ​បី​វា​ជា​ការងារ​តូចតាច​ប្រចាំ​ថ្ងៃ​ក៏​ដោយ។ រាល់​ផ្នែក​តូចៗ​នៃ​ការ​ងារ​គឺ​ជា​គ្រឹះ​ ដើម្បី​ធ្វើ​ការងារ​ធំ​ដែល​លំបាក ព្រោះ​ប្រសិន​បើ​អ្នក​មិន​អាច​ធ្វើ​ការ​តូចតាច​សាមញ្ញ​បាន​ល្អ​នោះ​ទេ គ្មាន​នរណា​ម្នាក់​ជឿ​ថា​អ្នក​អាច​ធ្វើ​កិច្ចការ​ធំ​បាន​ឡើយ។

 

៨) ចេះ​បង្កើត​ទំនាក់ទំនង ៖ អ្នក​ត្រូវ​ស្គាល់​មនុស្ស​ក្នុង​រង្វង់​ការងារ​អ្នក​ទាំង​អស់ មិន​ត្រឹម​តែ​មិត្ត​រួម​ការងារ​ប៉ុណ្ណោះ​ទេ​មនុស្ស​ដទៃ​ក៏​ដូច​គ្នា។ នេះ​ជា​មធ្យោបាយ​មួយ​ដែល​អ្នក​ អាច​ទាក់ទង​និង​បង្កើត​ទំនាក់ទំនង​ល្អ​មិន​ថា​ការងារ ឬ ជីវិត​ឯកជន​នោះ​ឡើយ។ មិន​ត្រូវ​ខ្លាច​ក្រែង​ក្នុង​ការ​ទាក់ទង​ចែក​រំលែក​ចំណេះ​ដឹង​នឹង​បទពិសោធន៍​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​នោះ​ឡើយ។

 

៩) កុំ​យក​គុណ​សម្បត្តិ​តែ​ម្នាក់​ឯង ៖ នៅ​ពេល​ដែល​អ្នក​មិន​អាច​ធ្វើ​អ្វី​មួយ ហើយ​អ្នក​ដទៃ​ជួយ​អ្នក​ឲ្យ​សម្រេច​កិច្ចការ​នោះ​សូម​កុំ​ភ្លេច​ផ្តល់​គុណ​តម្លៃ ឬ គុណ​សម្បត្តិ​ត្រលប់​ទៅ​ពួក​គេ​វិញ ព្រោះ​មេដឹកនាំ​អស្ចារ្យ​តែ​ផ្តល់​ការ​ដឹង​គុណ​ចំពោះ​ក្រុម​ការងារ​ខ្លួន​ជា​និច្ច។

 

១០) ស្វែង​រក​អ្នក​អប់រំ ឬ អ្នក​ប្រឹក្សា​យោបល់​ផ្ទាល់​ខ្លួន ៖ ត្រូវ​ចេះ​បង្កើត​ទំនាក់ទំនង​ជា​មួយ​អ្នក​ថ្នាក់​លើ​របស់​ខ្លួន កត់​ចំណាំ​នូវ​អ្វី​ដែល​ពួក​គេ​ធ្វើ អ្វី​ដែល​នាំ​ឲ្យ​ពួក​គេ​ក្លាយ​ជា​អ្នក​ដឹក​នាំ​អស្ចារ្យ នេះ​ជា​ឱកាស​មួយ​ដែល​អាច​ឲ្យ​អ្នក​ធ្វើ​ការ​ស្រប​ជា​មួយ​ពួក​គេ រៀន​ពី​ពួក​គេ នូវ​ជំនាញ​ភាព​ជា​អ្នក​ដឹក​នាំ​របស់​ពួក​គេ។

Author: ​ប្រែ​សម្រួល​៖ ជី លី​ស៊ុន Source: www.weforum.org