គួរ​ដឹង​អ្វីខ្លះ​ពី​ស្ពាន​ឫស្សី​កោះ​ប៉ែន

ខេត្តកំពង់ចាម ៖ ស្ពាន​ឫស្សី​ដែល​មាន​សសរ​រហូត​ដល់​ទៅ​ចំនួន​១៥.០០០​ដើម និង​ប្រវែង​៩០០​ម៉ែត្រ​សម្រាប់​ឆ្លង​ពី​ក្រុង​កំពង់ចាម​ទៅ​កោះ​ប៉ែន​នោះ អាច​ត្រូវ​បាន​ចាត់ទុកជា​ស្ពាន​ដែល​មាន​សសរ​ច្រើន​បំផុត​ឆ្លងទន្លេ​មេគង្គ​នៅ​រដូវប្រាំង ហើយ​ទំនង​ជាប់​ក្នុង​សៀវភៅ​កំណត់​ត្រា​ជា​ស្ពាន​ឫស្សី​ដែល​វែង​ជាងគេ​បំផុត​នៅ​ប្រទេស​កម្ពុជា ។ ជាមួយ​នោះ​កំពុង​តែ​បាន​ទាក់ទាញ​ភ្ញៀវ​បរទេស​ចម្រុះ​ជាតិ​សាសន៍​នាំ​គ្នា​មក​ទស្សនា​ស្ពាន​ឫស្សី សម្រស់​ធម្មជាតិ ឆ្នេរ​ខ្សាច់​កោះ​ប៉ែន និង​ការ​រស់នៅ​របស់​អ្នកស្រុក ព្រមទាំង​ទទួលទាន​ផ្លែ​ក្រូចថ្លុង មាន​រសជាតិ​ផ្អែម ទៀត​ផង ។

លោកតា អ៊ុ​ច លី​ម អាយុ​៧០​ឆ្នាំ រស់នៅ​ភូមិ​កោះ​ប៉ែន​«​ខ​» ឃុំ​កោះមិត្ត ស្រុក​កំពង់សៀម មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា រូប​គាត់​រួម​ជាមួយនឹង​អ្នក​ផ្សេង​ទៀត​បាន​នាំ​គ្នា​ទៅ​ដឹក​ភ្ញៀវ​បរទេស​ចេញពី​ក្រុង​កំពង់ចាម ដោយ​ក្នុង​មួយ​រទេះដឹក​ភ្ញៀវ​ម្នាក់ ឬ​ពីរ​នាក់ ដើម្បី​ឆ្លងស្ពាន​ឫស្សី​នា​ព្រឹក​ថ្ងៃ​ទី​២៤​មីនា ដើម្បី​មក​លេង​នៅ​វត្ត​កោះ​ប៉ែន ដែល​ស្ថិត​នៅ​ភូមិ​របស់​គាត់ ។ លោកតា​លី​ម បាន​រំលឹក​ថា ចាប់តាំងពី​ក្រោយ​ឆ្នាំ​១៩៧៩​មក រូប​គាត់​បាន​ប្រកប​របរ​រត់​រទេះសេះ​ដើម្បី​រក​ថវិកា​ដោះស្រាយ​ជីវភាព​គ្រួសារ ដោយ​បាន​ដឹក​កសិផល​ពី​កោះ​ប៉ែន ក្នុង​នោះ​មាន​ដូច​ជា ពោត ថ្នាំជក់ គ្រួ​ស ខ្សាច់ បន្លែបង្ការ យក​ទៅ​លក់​នៅ​លើ​ទីផ្សារ ជា​មធ្យម​អាច​រកបាន​ប្រាក់​ពី​២​ម៉ឺន​រៀល​ទៅ​៤​ម៉ឺន​រៀល​ក្នុង​១​ថ្ងៃ ។ ទោះបីជា​ស្ថិត​នៅ​ក្នុង​វ័យ​៧០​ឆ្នាំ​ប្លាយ​ក្តី ក៏​រូប​លោក​នូវ​តែ​បន្ត​រក​ដដែល​មិន​ទាន់​សម្រាក​នោះ​ទេ ព្រោះ​មិន​ចង់​ពឹង​ទៅ​លើ​កូន​ៗ នៅ​ពេល​ណា​ដែល​កម្លាំង​ថមថយ​នោះ​នឹង​ត្រូវ​ទៅ​វត្ត​សុំ​សីល​នឹង​គេ​ហើយ ។ កន្លង​មក​គាត់​មិន​ដែល​បាន​ដឹក​ភ្ញៀវ​បរទេស​មក​មើល​ប្រ​ឌឹ​សកោះ​ប៉ែន និង​មើល​ពី​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​នៅ​ភូមិ​កោះ​ប៉ែន​«​ខ​»ទេ រូប​លោក​ទើបតែ​ដឹក​បរទេស​តាម​រទេះសេះ​បាន​ប្រហែល​១០​លើក​ប៉ុណ្ណោះ​ក្នុង​ឆ្នាំ​២០១៦​នេះ ។

លោក DA VINN អ្នក​នាំ​ភ្ញៀវ​បរទេស​ចំនួន​១៣​រទេះសេះ ស្មើនឹង​២៤​នាក់ ប្រាប់​ឲ្យ​ដឹង​ដែរ​ថា​ ជនជាតិ​បរទេស​ទាំងនោះ​មាន​ជនជាតិ​អា​ល្លឺ​ម៉​ង់ ស្វី​ស និង​អូ​ទ្រី​ស ដែល​ពួក​គាត់​មក​លេង​ភាគច្រើន​ជា​ប្តី​ប្រពន្ធ បាន​នាំ​គ្នា​មើល​ការ​ចាប់អារម្មណ៍​ដំបូង​គឺ​ស្ពាន​ឫស្សី​កោះ​ប៉ែន និង​បាន​បររទេះ​សេះ​កាត់​តាម​ភូមិ​ឃើញ​មាន​ដើមឈើ​មាន​ស្លឹក​ពណ៌​បែ​តង​ដុះ​អម​នៅ​សងខាង​ផ្លូវ​បេតុង ព្រមទាំង​ដំណាំ​ហូប​ផ្លែ​របស់​អ្នក​ភូមិ​កោះ​ប៉ែន ៕