ក្រសួងមហាផ្ទៃ​ស្នើ​រដ្ឋាភិបាល​សុំ​ធ្វើ​ពន្ធនាគារ​ថ្មី​នៅ​ខេត្តពោធិសាត់ ដែល​ដាក់​អ្នកទោស​បាន​ ៧​ពាន់​នាក់​

ភ្នំពេញ​:
សម្តេច​ក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រី​ស្តីទី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ថ្លែង​បញ្ជាក់ថា ក្រសួងមហាផ្ទៃ​នឹង​ស្នើសុំ​ទៅ​រាជរដ្ឋាភិបាល ដើម្បី​ធ្វើ​ពន្ធនាគារ​មួយ​នៅ​ខេត្តពោធិសាត់ (​ម​៤) លើ​ផ្ទៃដី​ប្រមាណ​ជា ៨០០​ហិកតា ដែលមាន​ចម្ងាយ​ពី​៣០ ទៅ​៤០​គីឡូម៉ែត្រ ពី​ទី​រួម​ខេត្ត​។ ហើយ​សម្តេច​បាន​ឲ្យ​គេ​ធ្វើ​ធ្វើ​របង និង​ជីក​ប្រឡាយ​ជុំវិញ​ពន្ធនាគារ​នោះ ដើម្បី​ការពារ​កុំ​ឲ្យ​បាត់​ដី និង​ប្រជាពលរដ្ឋ​ដែល​ប៉ះពាល់ គឺ​បាន​ដោះស្រាយ​រួចរាល់​អស់ហើយ​។​

​ការ​ថ្លែង​បែបនេះ បានធ្វើ​ឡើង​ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៥ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០១៦ របស់​អគ្គនាយកដ្ឋាន​ភស្តុភារ និង​ហិរញ្ញវត្ថុ នៅ​ទិ​ស្តី​ការ​ក្រសួងមហាផ្ទៃ កាលពី​រសៀល​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០១៦​។​

​សន្និបាត​បូល​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៥ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០១៦ របស់​អគ្គនាយកដ្ឋាន​ភស្តុភារ និង​ហិរញ្ញវត្ថុ គឺមាន​រយៈពេល​២​ថ្ងៃ ចាប់ពី​ថ្ងៃទី​២២ ដល់​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០១៦​។​

​សម្តេច​ក្រឡាហោម ស ខេង បាន​មានប្រសាសន៍ថា “​ខ្ញុំ​សម្រេច​ថា​ត្រូវ ធ្វើ​ពន្ធនាគារ មួយ ហៅថា ម​៤ នៅ​ខេត្តពោធិសាត់ ដី​វា​ធំ​៨០០​ហិកតា ហើយ​វា​អត់​ឆ្ងាយ​ទេ ពីព្រោះ​វា​នៅ ៣០ ទៅ​៤០​គីឡូ ពី​ខេត្តពោធិសាត់​ប៉ុន្តែ​វា​មាន​ផ្លូវ​កៅស៊ូ​ដល់​...​ដែល​កន្លងទៅ​ខ្ញុំ​ចាត់​ឲ្យ​គេ​ធ្វើ របង​សម្រាប់​ពន្ធនាគារ ហើយ​និង​ជីក​ប្រឡាយ​ជុំវិញ ដើម្បី​កុំ​ឲ្យ​ដី​នឹង​វា​បាត់​ពីព្រោះ​បើ​មិន​ជីក​ប្រឡាយ​​ដី​នឹង​វា​ចេះតែ​រឿង​ទៅៗ តែ​មិន​ស្រួល​ពិបាក​នឹង​ដោះស្រាយ​ជាមួយ​ប្រជាពលរដ្ឋ​ទៀត ហើយ​ខ្ញុំ​បាន​ប្រាប់​ទៅ​ចៅហ្វាយខេត្ត​ថា ប្រជាពលរដ្ឋ​ដែល​ពាក់ព័ន្ធ​ទាំង​ប៉ុន្មាន ដោះស្រាយ​ចេញ​ឲ្យ​អស់ យើង​សុំ​ចិត្ត​កាត់​ដីជូ​ន​គាត់ កុំ​ឲ្យ​មាន​បញ្ហា ឥឡូវ​ដូចជា​អត់​មានអី​ទេ ដោះ​ចប់​អស់ហើយ​”​។​

​សម្តេច​ក្រឡាហោម បាន​បញ្ជាក់ថា ពន្ធនាគារ​ដែល​ធ្វើ​នៅ​ខេត្ត​ពោធិ​សាស​ត់ គឺអាច​ដាក់​អ្នក​ជាប់ឃុំ​បាន​ចំនួន​៧០០០​នាក់ ដោយ​សម្តេច​បានលើកឡើង​ថា បើ​ប៉ូលិស​មិន​ចាប់ ថា ប៉ូលិស​នឹង​អន់ ដល់ពេល​ចាប់​ច្រើន​ទៅ​វា​គ្មាន​កន្លែង​ដាក់​។

​សម្តេច​បាន​រម្លឹកថា សម្តេច​បាន​ទៅ​ខេត្តព្រៃវែង ដូរ​ពន្ធនាគារ​ពី​ទី​រួម​ខេត្ត ទៅ​ក្រៅ​ក្រុង ហើយ​អ្នក​ជាប់ឃុំ មានតែ​ចំនួន​៣០០​នាក់ ហើយ​នៅ​ខេត្តតាកែវ​អ្នក​ជាប់ឃុំ​ក្នុង​រង្វង់​៤០០​នាក់ ប៉ុន្តែ​នៅ​ខេត្តបាត់ដំបង​ដូចជា អ្នក​ជាប់ឃុំ​ជាង​១០០០​នាក់ ខេត្តសៀមរាប ជាង​១០០០​នាក់ និង​នៅ​ខេត្តបន្ទាយមានជ័យ​ជាង​១០០០​នាក់​ដែរ​។ ហើយ​ចំពោះ​បញ្ហា​ពន្ធនាគារ​ដែល​ទ្រុឌទ្រោម គឺ​បាន​ដោះស្រាយ​មួយចំនួន​ហើយ​។ សូម្បីតែ​នៅ​ពន្ធនាគារ​ព្រៃ​ស គឺមាន​ពីរ មួយ​សម្រាប់​ស្ត្រី និង​មួយ​សម្រាប់​បុរស ដាក់​ច្របូកច្របល់ ប៉ុន្តែ​ដាក់​ច្របូកច្របល់​ពេញ​ទឹក ពេញ​ដី អ្នកញៀន និង​អ្នក​មិន​ញៀន នៅ​ជាមួយគ្នា អីចឹង​វា​ទៅជា​ញៀន​ទាំងអស់គ្នា​ដែរ អា​អត់​ញៀន វា​ទៅ​ញៀន​ដែរ អត់​ស្រួល​មាណ​ទេ ហើយ​ត្រូវ​រក​វិធី​បំបែក​៕​