ក្រសួងយុត្តិធម៌ ៖ កន្លងមក ចៅក្រម ព្រះរាជអាជ្ញា មួយចំនួន​មានការ​ធ្វេស​ប្រហែល ក្នុង​វិជ្ជាជីវៈ ដែលជា​ការទទួលខុសត្រូវ របស់ខ្លួន​

ភ្នំពេញ:
​សិក្ខាសាលា ស្តីពី​ក្រមសីលធម៌​ចៅក្រម ធ្វើឡើង​នៅ​ថ្ងៃទី​២៤​ខែមីនា ឆ្នាំ​២០១៦ ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម អគ្គលេខាធិការដ្ឋាន ក្រោម​អធិបតីភាព​លោក​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ដោយមាន​ការចូលរួម​ពី ប្រធាន ព្រះរាជអាជ្ញា ទូទាំងប្រទេស ចៅក្រម ព្រះរាជអាជ្ញា តុលាការ​កំពូល សាលាឧទ្ធរណ៍ សរុប​ប្រមាណ ១០០​នាក់​។ សិក្ខាសាលា​នេះ​ប្រព្រឹត្តិ​ទៅ​រយៈពេល​ពីរ​ថ្ងៃ នៅ​វិមាន​ព្រឹទ្ធសភា​។       

​លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ បាន​បញ្ចាក់​ទៀតថា កន្លងមក ចៅក្រម ព្រះរាជអាជ្ញា មួយចំនួន​មានការ​ធ្វេស​ប្រហែល ក្នុង​វិជ្ជាជីវៈ ដែលជា​ការទទួលខុសត្រូវ របស់ខ្លួន​បាន​បណ្តែតបណ្តោយ ឲ្យ​ក្រឡាបញ្ជី​ពិនិត្យ ចាត់ការ លើ​សំណុំ​រឿងក្តី​ផ្សេងៗ ការសាកសួរ និង ធ្វើ​កំណត់ហេតុ​លើ​គូភាគី ឬ​ជន​ត្រូវ​ចោទ ដោយ​គ្មាន​វត្តមាន​ចៅក្រម ឬ​ព្រះរាជអាជ្ញា ការចេញ​ដីកា និង​កា​រប​ញ្ចូ​ន​ដីការ កោះ​ខ្វះ​ការ ត្រួតពិនិត្យ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ ដល់​ដំណើរការ នីតិវិធីរឿងក្តី សិទ្ធិ និង​ផលប្រយោជន៍​របស់​រដ្ឋ​។ ជាពិសេស ចៅក្រម ព្រះរាជ អាជ្ញា មួយចំនួន មិនបាន​គោរព​ពេលវេលា នៃ​ការបំពេញ​ការងារ អវត្តមាន​ដោយ​គ្មាន​ច្បាប់ទម្លាប់​មក បំពេញការងារ មិនបាន​ទៀង ទាត់ មិន​គោរព​អំពី​វេលា ប្រចាំការ កត្តា​អស់ទាំង​នេះ បាន​ជះឥទ្ធិពល និង​ភាពទន់ខ្សោយ ដល់​វិស័យ​យុត្តិធម៌ ធ្វើ​ឲ្យ​បាត់​ជំនឿ​ទុក ចិត្ត​ពី​សាធារណជន​។​

​លោក​បញ្ជាក់ថា ចៅក្រម​ម្នាក់ គឺជា​យុទ្ធជន ដ៏​អង់អាច​ក្លា​បាន​ម្នាក់ ក្នុងការ​ការពារ សិទ្ធិសេរីភាព ផលប្រយោជន៍​ស្របច្បាប់ អាយុជីវិត រូបរាងកាយ សេចក្តីថ្លៃថ្នូរ​របស់​ម​នុស្ស​ជាតិ និង​សង្គម​ទាំងមូល តាមរយៈ​ការការពារ និង​ការ អនុវត្ត រដ្ឋធម្មនុញ្ញ ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​ផ្សេងទៀត ធ្វើការ​តស៊ូ ប្រយុទ្ធប្រឆាំង នឹង​អំពើ​ល្មើស និង​បុគ្គល​លើ្ម​ស​ច្បាប់ ទៅ តាម​នីតិវិធី​ច្បាប់ ជា​ធរមាន​។​ដូច្នេះ​ចៅក្រម ត្រូវតែ​ជាម​នុស្ស ដែលមាន​សមត្ថភាព ជំនាញ​វិជ្ជាជីវៈ​ច្បាប់​ខ្ពង់ខ្ពស់ មានចំណេះដឹង​ជ្រៅជ្រះ​ខាងច្បាប់ តុលាការ ខាង​សង្គមសាស្ត្រ​មនុស្សសាស្ត្រ សង្គម​ចិត្តសាស្ត្រ និង​ជា​បុគ្គល​គំរូ​។​

​សូម​បញ្ចាក់​ដែរ​ថា ដោយ​ផ្អែកលើ​ចក្ខុវិស័យ កំណែទម្រង់​ប្រព័ន្ធយុត្តិធម៌ និង​ច្បាប់ រាជរដ្ឋាភិបាល នីតិកាល​ទី​៥ នៃ​រដ្ឋសភា បាន យកចិត្តទុកដាក់​ជា​អាទិភាព លើ​ការរៀបចំ ច្បាប់​គោល​រួម ច្បាប់​ស្តីពី​ការរៀបចំ អង្គការ​តុលាការ ច្បាប់​ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្ត ទៅ នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម ឲ្យ​បាន​ឆាប់រហ័ស និង​ជាពិសេស​ត្រូវ​គិត​គួរ ឲ្យ​គ្រប់​ជ្រុងជ្រោយ អំពី​គោលការណ៍ គ្រឹះ​ទាំង ឡាយ ដើម្បី​ធានា​នូវ​ឯករាជភាព​នៃ​អំណាចតុលាការ​ស្របតាម បទដ្ឋាន​ជា​អន្តរជាតិ ព្រមទាំង​ការ ធ្វើ​ឲ្យ​ប្រសើរឡើង នូវ​ដំណើរការ ការងារ របស់​តុលាការ ក្នុងការ​លើកកម្ពស់​កា​រ ផ្តល់​សេវា​យុត្តិធម៌ សម្រាប់​សាធារណជន​៕​

ក្រសួងយុត្តិធម៌ ៖ កន្លងមក ចៅក្រម ព្រះរាជអាជ្ញា មួយចំនួន​មានការ​ធ្វេស​ប្រហែល ក្នុង​វិជ្ជាជីវៈ ដែលជា​ការទទួលខុសត្រូវ របស់ខ្លួន​

ក្រសួងយុត្តិធម៌ ៖ កន្លងមក ចៅក្រម ព្រះរាជអាជ្ញា មួយចំនួន​មានការ​ធ្វេស​ប្រហែល ក្នុង​វិជ្ជាជីវៈ ដែលជា​ការទទួលខុសត្រូវ របស់ខ្លួន​