៣​ខែ​ដើមឆ្នាំ​២០១៦ គ្រោះថ្នាក់​ចរាចរណ៍​សម្លាប់​មនុស្ស ៤៥២​នាក់

រាជធានី​ភ្នំពេញ ៖ យ៉ាង​ហោច​ណាស់​មនុស្ស​៤៥២​នាក់​បាន​ស្លាប់​និង​របួសធ្ងន់​ស្រាល​១៥០៨​នាក់  ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​៨៨៧​លើក​កើតឡើង​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​ក្នុង​រយៈពេល​៣​ខែ គិត​ចាប់ពី​ថ្ងៃ​ទី​០១ មក​រា ដល់​ថ្ងៃ​ទី​២១ មីនា ២០១៦ ។

តួលេខ​នេះ បាន​ត្រូវ​បង្ហាញ​ឡើង​នៅ​ក្នុង​សិក្ខាសាលា​ស្តី​ពី​ល​ទ្ឋ​ផល​ត្រួតពិនិត្យ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​ប្រចាំត្រីមាស​ទី​១ ឆ្នាំ​២០១៦ រៀបចំ​ឡើង​ដោយ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក សហការ​ជាមួយ​ក្រសួង​ជំនាញ​ពាក់​ព័​ន្ឋ​និង​សង្គម​ស៊ី​វិល ប្រព្រឹត្ត​ធ្វើ​នៅ​ទីស្តីការក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន នា​ព្រឹក​ថ្ងៃ​ទី​២៤ មីនា ២០១៦ ។

បើ​តាម​របាយការណ៍​ដែល​ត្រូវ​បង្ហាញ​ឡើង​នៅ​ក្នុង​សិក្ខាសាលា​ខាងលើ​ដដែល​បាន​បញ្ជាក់​ទៀត​ថា បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០១៥ ចំនួន​គ្រោះថ្នាក់​ចរាចរណ៍​ថយ​ចុះ​១១៥​លើក ស្មើ​១១% ចំនួន​អ្នក​របួស​ថយ​ចុះ​១៨២​នាក់ ស្មើ​១១% តែ​អ្នក​ស្លាប់​កើនឡើង​ម្នាក់ ។

មូលហេតុ​ដែល​បង្ក​ឲ្យ​កើត​មាន​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​៨៨៧​លើក​ក្នុង​ត្រីមាស​ទី​១​ឆ្នាំ​២០១៦​នេះ បណ្តាល​មក​ពី​បើកបរ​លើស​ល្បឿន​កំណត់​៤០% ស្រវឹង ១២% មិន​ប្រកាន់​ស្តាំ​១១% មិន​គោរព​សិ​ទ្ឋិ​អាទិភាព​១១% វ៉ា​ជែង​១១% បត់​១០% និង​កត្តា​ផ្សេង​ៗ ២% ៕