ជិះ​ម៉ូតូ​ចេញ​ពី​​ធ្វើ​ម្ហូបការ​ត្រូវ​​​រថយន្ត​បុក​​​ស្លាប់​

ខេត្ត​ត្បូងឃ្មុំ​ ៖ ទោះបីជា​ច្បាប់​ចរាចរ​ណ៍ថ្មី​មាន​ភាព​តានតឹង​យ៉ាងណា​ក្តី ​ក៏​គេ​សង្កេត​ឃើញ​មនុស្ស​មួយចំនួន​​​នៅតែ​​​ធ្វេសប្រហែស​ និង​មិន​គោរព​ច្បាប់​ចរាចរ​ណ៍​ដោយ​ជិះ​ម៉ូតូ​មិន​ពាក់មួក​សុវត្ថិភាព ។ ជាក់ស្តែងកាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៣ ​មីនា ២០១៦ ​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៧ ត្រង់​ចំណុច​ភូមិ​ពោន ឃុំ​មង់​រៀវ ស្រុក​ត្បូង​ឃ្មុំ  មាន​ករណី​គ្រោះថ្នាក់​ចរាចរ​ណ៍​មួយ​បាន​កើតឡើង​រវាង​ម៉ូតូ​និងរថយន្ត​ម៉ាក​សាំ​យ៉ុ​ង ​ពណ៌បៃតងចាស់ ​ពាក់​ស្លាក​លេខ​ភ្នំពេញ​2AF-8817 ​បណ្តាល​ឲ្យ​អ្នក​ជិះ​ម៉ូតូ​​មិន​ពាក់​មួក​សុវត្ថិភាព​ម្នាក់​ស្លាប់ភា្ល​ម​ៗ​នៅ​កន្លែង​កើតហេតុ ​​។

លោក​អនុ​សេនី​យ៍​ឯក គង់ ​សី​ហុង អធិការរង​នគរបាល​ស្រុក​ត្បូងឃ្មុំ ​បាន​​ឲ្យ​ដឹងថា ម៉ូតូ​​ម៉ាក​​កូរ៉េ​ ធុន​សេ​១០០​ ពណ៌​ក្រហម មួយ​គ្រឿង​ មិន​មាន​ស្លាក​លេខ បើកបរ​ដោយ​បុរស ​ឈ្មោះ រស់ សា​រិ​ន អាយុ​៤៤​ឆ្នាំ ​ជាចុង​ភៅ​ធ្វើ​ម្ហូប​ការ មាន​ទីលំនៅ​ភូមិ​ក្រពើ ឃុំ​មង់​រៀវ ​ស្រុក​ត្បូងឃ្មុំ ​​ជិះ​តែ​ម្នាក់ឯង​ ​ពី​កើត​ទៅ​លិច ​​​​លុះ​មក​​​ដល់​ចំណុច​កើត​ហេតុ​​​ក៏ត្រូវ​រថយន្ត​ដឹក​អ្នកដំណើរ​ បើក​​ពី​លិចទៅ​កើត​បញ្ច្រាស​ទិស​គ្នា​ បុក​​ពេញទំហឹង​​បណ្តាល​ឲ្យ​​​អ្នក​បើក​បរ​ផ្លោង​ចេញពី​ម៉ូតូ​ស្លាប់​ភ្លាម​ៗ​ ចំណែក​ម៉ូតូ​​​កៀប​​ជាប់​នៅ​ពីក្រោម​រថយន្ត​អូស​បែក​ផ្កាភ្លើង​ព្រាត​ចម្ងាយ​​១០០​ម៉ែត្រ​ទើប​ឈប់ ​។ ក្រោយ​កើត​ហេតុ ​​អ្នកបើកបរ​រថយន្ត​​​បាន​​រត់គេចខ្លួន​បាត់​ស្រមោល​ បន្សល់​ទុក​រថយន្ត​ និង​អ្នកដំណើរ​ជិះ​លើ​រថយន្ត ​៕​