Microfinanza វាយតម្លៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អម្រឹត​ក្នុង​ចំណាត់ថ្នាក់ « A-Stable »

រាជធានី​ភ្នំពេញ ៖ កាលពី​ពេល​ថ្មី​ៗ​នេះ​Microfinanza ជាទី​ភ្នាក់ងារ​អន្តរជាតិ​ឈានមុខ​គេ​មួយ​ដែល​មាន​ជំនាញ​វាយតម្លៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ បាន​ផ្តល់​ការ​វាយតម្លៃ​ខ្ពស់​ចំពោះ​ប្រតិបត្តិការ​អាជីវកម្ម​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អម្រឹត ក្នុង​ចំណាត់ថ្នាក់ «A-Stable» (A-​រឹង​មាំ​) ដែល​ជា​ចំណាត់​ថ្នាក់ខ្ពស់​បំផុត​ក្នុង​ចំណោម​គ្រឹះស្ថាន​មីក្រូហិរញ្ញ​វត្ថុ​ទាំងអស់​នៅ​ក្នុង​ប្រទេស​កម្ពុជា ។

ថ្លែង​ក្នុង​កិច្ច​សម្ភាសន៍​មួយ​កាលពី​ថ្ងៃ​ទី​២២ មីនា លោក ជា ផល្លា​រិ​ន អគ្គនាយក​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អម្រឹត បាន​ឲ្យ​ដឹង​ថា ៖ « របាយការណ៍​វាយតម្លៃ​ដែល​បាន​ចេញផ្សាយ​កាលពីដើម​ឆ្នាំ​នេះ Microfinanza បាន​កោតសរសើរ​ពី « ប្រសិទ្ធភាព​ប្រតិបត្តិការ និង​កម្រិត​ផលិតភាព​ខ្ពស់ » របស់​អម្រឹត និង​បាន​បង្ហាញ​ថា អម្រឹត « បន្ត​ក្តោប​ក្តាប់​ទីផ្សារ​ល្អ​ប្រសើរ » ។

លោក​បន្ដ​ថា ៖ « ទីភ្នាក់ងារ Microfinanza ក៏​បាន​រំលេច​នូវ​ចំណុចខ្លាំង​នៃ​រចនាសម្ព័ន្ធ​ម្ចាស់​ភាគហ៊ុន​ថ្មី​របស់​អម្រឹត​ផង​ដែរ ដោយ​លើក​សរសើរ​ថា « បាន​ពង្រឹង​ចក្ខុវិស័យ​យុទ្ធសាស្ត្រ និង​ស្ថិរភាព​ហិរញ្ញវត្ថុ » របស់​អម្រឹត » ។

លោក​អគ្គនាយក​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អម្រឹត បាន​មាន​ប្រសាសន៍​ថា ៖ « ជាមួយនឹង​ការ​វាយតម្លៃ និង​ផ្តល់​នូវ​ចំណាត់​ថ្នាក់ខ្ពស់​ពី Microfinanza បូក​ផ្សំ​នឹង​ហិរញ្ញប្បទាន​បន្ថែម​ពី IFC ដែល​ជា​ម្ចាស់​ភាគហ៊ុន​មួយ​របស់​យើង ខ្ញុំ​ជឿជាក់​ថា នៅ​ឆ្នាំ​២០១៦​នេះ អម្រឹត​នឹង​រីក​ចម្រើន​កាន់តែ​ខ្លាំង​ថែម​ទៀត ហើយ​យើង​នឹង​ពង្រីក​សមត្ថភាព​ក្នុង​ការ​ទទួល​ប្រាក់​បញ្ញើ​បន្ថែម​ដើម្បី​អាច​ផ្តល់​ប្រាក់​កម្ចី​ដល់​ប្រជាជន​ខ្មែរ​កាន់តែ​ច្រើន ដែល​កំពុង​ប្រឹងប្រែង​អភិវឌ្ឍន៍​ជីវភាព និង​ងើប​ចេញពី​ភាព​ក្រីក្រ » ។

« បន្ទាប់​ពី​ទទួល​បាន​អាជ្ញាប័ណ្ណ​ដែល​អនុញ្ញាត​ឲ្យ​ខ្លួន​ទទួល​ប្រាក់​បញ្ញើ​ពី​អតិថិជន​ជា​លើក​ដំបូង ហើយ​គិត​ត្រឹម​ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ អម្រឹត​មាន​សមតុល្យ​ប្រាក់​បញ្ញើ​សរុប​ប្រមាណ​២១៤​លាន​ដុល្លារ​អា​មេ​រិ​ក និង​បាន​ផ្តល់​ប្រាក់​កម្ចី​សរុប​ប្រមាណ​៤៥០​លាន​ដុល្លារ​អា​មេ​រិ​ក​ដល់​អតិថិជន​របស់​ខ្លួន » ។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​ពី​លោក​អគ្គនាយក ។

គណៈកម្មការ​នាយក​របស់​អម្រឹត​បាន​ឲ្យ​ដឹង​ថា អម្រឹត​ជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ឈានមុខ​គេ​មួយ​នៅ​កម្ពុជា ដែល​បាន​បង្ហាញ​ពី​ភាព​រីក​ចម្រើន​នៃ​ដំណើរការ​អាជីវកម្ម​របស់​ខ្លួន និង​បង្ហាញ​ពី​ការ​បោះ​ជំហាន​ទៅ​មុខ​ថែម​ទៀត​សម្រាប់​ឆ្នាំ​២០១៦​នេះ​។ ទន្ទឹម​នឹង​នេះ ក៏​មានការ​វាយតម្លៃ​ខ្ពស់ ការ​គាំទ្រ​រឹង​មាំ​ពី​ដៃគូ​អន្តរជាតិ និង​ការ​ទទួល​បាន​កម្ចី​ឥណទាន​ថ្មី​បន្ថែម​ទៀត​ចំនួន​៥០​លាន​ដុល្លារ​អា​មេ​រិ​ក​ពី​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ (IFC) ។

លោក​អគ្គនាយក​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អម្រឹត​បាន​បន្ដ​ថា ៖ « កាលពី​ខែមីនា ឆ្នាំ​២០១៥ អម្រឹត​បាន​ប្រកាស​ពី​ការ​កែទម្រង់​ដ៏​ធំ​មួយ​ទៅ​លើ​រចនាសម្ព័ន្ធ​ម្ចាស់​ភាគហ៊ុន​របស់​ខ្លួន​ដោយពេល​នោះ​ក្រុមហ៊ុន Advans SA ដែល​ជា​ក្រុមហ៊ុន​វិនិយោគ​មាន​មូលដ្ឋាន​នៅ​ប្រទេស លុ​ច​សំបួ បាន​បង្កើន​ចំណែក​ភាគហ៊ុន​របស់​ខ្លួន​និង​ក្លាយទៅជា​ម្ចាស់​ភាគហ៊ុន​ធំ ខណៈ​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ (IFC) ក៏​បាន​វិនិយោគ​ជាមួយ​អម្រឹត​ចំនួន​១៩,៩% ផង​ដែរ » ។

កាលពី​ខែ​មុន សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ (IFC) បាន​ប្រកាស​ថា ខ្លួន​នឹង​ផ្តល់​កញ្ចប់​ហិរញ្ញប្បទាន​ចំនួន​៥០​លាន​ដុល្លារ​អា​មេ​រិ​ក​ដល់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អម្រឹត ដើម្បី​ជួយ​ពង្រីក​លទ្ធភាព​ផ្តល់​ប្រាក់​កម្ចី​បន្ថែម​ដល់​អតិថិជន ដែល​ជា​ម្ចាស់​អាជីវកម្ម​ខ្នាត​តូច និង​មធ្យម ជា​ពិសេស​នៅ​ក្នុង​វិស័យ​កសិកម្ម និង​តាម​ទី​ជនបទ ។

លោក ជា ផល្លា​រិ​ន មាន​ប្រសាសន៍​ទៀត​ថា ៖ « មុន​នឹង​ក្លាយជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អម្រឹត​ក្នុង​ឆ្នាំ​២០០៤ ស្ថាប័ន​មួយ​នេះ​បាន​ចាប់ផ្តើម​ប្រតិបត្តិការ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​តាំងពី​ឆ្នាំ​១៩៩១​មក​ម្ល៉េះ ។ កាលពី​ឆ្នាំ​២០០៩ អម្រឹត ទទួល​បាន​អាជ្ញាប័ណ្ណ​ដែល​អនុញ្ញាត​ឲ្យ​ខ្លួន​ទទួល​ប្រាក់​បញ្ញើ​ពី​អតិថិជន​ជា​លើក​ដំបូង ហើយ​គិត​ត្រឹម​ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ អម្រឹត​មាន​សមតុល្យ​ប្រាក់​បញ្ញើ​សរុប​ប្រមាណ​២១៤​លាន​ដុល្លារ​អា​មេ​រិ​ក និង​បាន​ផ្តល់​ប្រាក់​កម្ចី​សរុប​ប្រមាណ​៤៥០​លាន​ដុល្លារ​អា​មេ​រិ​ក​ដល់​អតិថិជន​របស់​ខ្លួន»។

គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អម្រឹត មាន​ទីស្នាក់ការ​កណ្តាល​នៅ​ក្នុង​រាជធានី​ភ្នំពេញ និង​កំពុង​ផ្តល់​ការងារ​ដល់​បុគ្គលិក​ជាង​៣.៦០០​នាក់ ដែល​បម្រើ​ការ​នៅ​ក្នុង​សាខា​ចំនួន​១៣៨​កន្លែង​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា ៕