សេដ្ឋី​ស្រុក​ខ្មែរ ​ត្រូវ​យកចិត្តទុកដាក់​ដល់​កាតព្វកិច្ច​សង្គម​ជាង​នេះ

កម្ពុជា​​បច្ចុប្បន្ន​​មាន​សេដ្ឋី​ច្រើន​នាក់​ ។ ពួក​គេ​ត្រូវ​បាន​ចាត់ទុកជា​ក្រុម​នុស្ស​ ដែល​បាន​ទទួលផល​ប្រយោជន៍​ច្រើន​ជាងគេ​ ​ពី​ការ​រីក​ចម្រើន​​សេដ្ឋកិច្ច​នៅ​​កម្ពុជា​ ។

នៅ​ទីក្រុង​ភ្នំពេញ មាន​មនុស្ស​ជា​ច្រើន ​ដែល​មាន​លុយ​ដល់​លាន​ដុល្លារ ​។ ពួក​គេ​បាន​ក្លាយទៅជា​អ្នកមាន​តាម​រយ​:​​មុខរបរ​រៀង​ៗ​ខ្លួន។ ប៉ុន្តែ​អ្វី​ដែល​គួរ​ឱ្យ​​កត់សម្គាល់​នោះ សេដ្ឋី​ស្រុក​ខ្មែរ​​ភាគច្រើន ​បាន​បរិ​ច្ចាគ​​លុយ​តិចតួច​ ឬ​ក៏​គ្មាន​សោះ​ ដើម្បី​ជួយ​ដល់​សង្គម​។ នេះ​ ជា​អ្វី​ដែល​ពួក​គេ ​ត្រូវ​ពិចារណា​។

ការ​ធ្វើ​ជំនួញ​ប្រកបដោយ​ការ​ទទួលខុសត្រូវ​ គឺ​មិន​អាច​កាត់​ផ្តាច់​ពី​ការ​ចូលរួម​ក្នុង​សង្គម​បាន​ទេ​ ។ ការ​ចូលរួម​នៅ​ក្នុង​ការ​ជួយ​​សង្គម​នឹង​អាច​ធ្វើ​ឱ្យ​​កេ​រ្តិ៍​​ឈ្មោះ​របស់​ពួក​គេ​ និង​មុខរបរ​របស់​ពួក​គេ​​កាន់តែ​មានការ​ទុកចិត្ត ​និង​ជឿជាក់​ពី​សាធារណជន​ថែម​ទៀត ​ដោយ​ធ្វើ​ឱ្យ​​ពួក​គេ​កាន់តែ​មានការ​​រីក​ចម្រើន ​។

បើសិនជា​ពួក​គេ​មិន​មានការ​ចូលរួម​ចំណែក​ ដើម្បី​ជួយ​សង្គម​ឱ្យ​​បាន​ច្រើន​ទេ​នោះ វា​នឹង​បង្កើត​ឱ្យ​​មាន​គម្លាត​កាន់តែ​ខ្លាំង​ រវាង​អ្នកមាន​និង​អ្នកក្រ ​។ ដូច្នេះ វា​អាច​នឹង​នាំ​ដល់​ភាព​អយុត្តិធម៌​មួយ ​នៅ​ក្នុង​សង្គម​ដែល​ផ្លែ​ផ្កា​ការ​នៃ​ការ​រីក​ចម្រើន​សេដ្ឋកិច្ច ​ត្រូវ​បាន​មនុស្ស​មួយ​ក្រុម​តូច​ គឺ​ពួក​អ្នកមាន​ក្រសោប​យក​​អស់ ​។ ចំណែក​អ្នកក្រ ​បាន​ទទួលផល​តិចតួច​ប៉ុណ្ណោះ​ ពី​ការ​រីក​ចម្រើន​នេះ ​។

នៅ​ក្នុង​ប្រទេស​ជឿនលឿន គេ​តែងតែ​ឃើញ​មហាសេដ្ឋី​ស្តុកស្តម្ភ​ ធ្វើការបរិច្ចាគ​​លុយកាក់​ជា​ច្រើន​ សម្រាប់​ជួយ​ដល់​សង្គម​ ដូច​ជា​ការ​កសាង​សាលារៀន ការ​ជួយ​ដល់​អ្នក​ក្រីក្រ ការ​សាងសង់​មន្ទីរពេទ្យ​។​ល​។ ​និង​ល​។ ជាក់ស្តែង​បំផុត លោក ម៉ាក ហ្សា​ក់​កឺ​បឺ​ក ( Mark Zuckerberg) មហាសេដ្ឋី​វ័យក្មេង​នៃ​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក បាន​សម្រេចចិត្ត​ចំណាយ​លុយ​រហូត​ដល់​៩៩​ភាគរយ​របស់​លោក​ នៅ​ក្នុង​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក ​ដើម្បី​កិច្ចការ​មនុស្សធម៌​។ នេះ​គឺជា​ការ​បរិ​ច្ចាគ​ដ៏​ធំ​មិន​ធ្លាប់​មាន​ពី​មុន​​មក ​។

ដូច្នេះ ​សេដ្ឋី​ស្រុក​ខ្មែរ​ ត្រូវ​ចាប់ផ្តើម​គិត​ឡើង​វិញ​អំពី​តួនាទី​របស់​ពួក​គេ​នៅ​ក្នុង​​សង្គម​៕