​​ដី​ជាង​១​ហិ​កតា​នៅ​ពញាក្រែក ​ប្ដឹង​ឡើង​តុលាការខេត្ត

ខេត្តកំពង់ចាម ៖ ដី​សាលារៀន​មាន​ទាំង​តារាង​បាល់ទាត់ និង​ដី​បញ្ចុះសព​ផង​ទំហំ​ជាង​១​ហិ​កតា ត្រូវ​បាន​ពលរដ្ឋ​ខ្មែរ​អ៊ិ​ស្លា​ម​២​ក្រុម​នៅ​ភូមិ​ថ្មី ឃុំ​ពពេល ស្រុក​ពញាក្រែក​ប្តឹងប្តល់​គ្នា ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​២៣ មីនា សាលាដំបូង​ខេត្ត បាន​បើក​សវនាការ​កាត់ក្តី តែ​មិន​ទាន់​ប្រកាស​សាលក្រម​ឱ្យ​ភាគី​ណាមួយ​ឈ្នះក្តី​នោះ​ទេ ដោយ​រង់ចាំ​លទ្ធផល​ប្រកាស​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៤ មេ​សា​ខាង​មុខ ។

លោក​សា សុះ អាយុ​៦៧​ឆ្នាំ ជា​ភាគី​ដើមបណ្តឹង​បាន​ប្រាប់​ឲ្យ​ដឹង​ថា ដើមដំបូង​គឺ​ប្រជាពលរដ្ឋ​ក្នុង​ភូម​ថ្មី បាន​នាំ​គ្នា​រៃ​ប្រាក់​ដើម្បី​ទិញ​ដី​ភូមិ​មួយ​កន្លែង​យក​មក​សាងសង់​សាលារៀន តារាង​បាល់ទាត់ ព្រមទាំង​ដី​សម្រាប់​បញ្ចុះសព​ដែល​ជា​របស់​សមាគម  ។

លោក​ប្រាប់​បន្ត​ថា បន្ទាប់​មក​ទៀត​ស្រាប់តែ​មាន​លេចឮ​ថា មាន​គេ​ប្រុង​យក​ដី​រួម​នោះ​ទៅ​ឱ្យ​អ្នក​ផ្សេង​កាន់កាប់ ទើប​ពួក​គាត់​បាន​នាំ​គ្នា​ដាក់​ពាក្យបណ្តឹង​មក​សាលាដំបូង​ខេត្ត​តាំងពី​មិន​ទាន់​បំបែក​ខេត្ត​ម្លេ​៉ះ​។ សម្រាប់​ជា​ប្រយោជន៍​រួម​គឺ​នៅ​ក្នុង​បណ្តឹង​បង្ការ​មិន​ឲ្យ​ដី​នេះ​ធ្លាក់​ទៅ​ក្នុង​ដៃ​បុគ្គល​ណា​ម្នាក់​នោះ​ទេ ដូច្នេះ​សូម​ឲ្យ​ស្ថាប័ន​សាលាដំបូង​ខេត្ត មេត្តា​កាត់ក្តី​ដោយ​មាន​ភាព​យុត្តិធម៌​ធ្វើ​យ៉ាងណា​ឲ្យ​បាន​រក្សា​ដី​ជា​ដី​សម្រាប់​សមាគម​ដដែល  ។

លោក​ម៉ា​ន់ អ៊ែ​ល  ជា​គ្រូបង្រៀន​ម្នាក់​បាន​ប្រាប់​ឲ្យ​ដឹង​ថា ចាប់តាំងពី​ពេល​ដែល​រូប​លោក​បាន​ចូល​មក​បង្រៀន​រហូត​ដល់​សព្វ​ថ្ងៃនេះ​គឺ​មាន​រយៈពេល​ជាង​១០​ឆ្នាំ​ហើយ ។ ជាមួយ​នោះ​ក៏​ធ្លាប់​បាន​បង្រៀន​នៅ​សាលារៀន​បឋម​សិក្សា​ភូមិ​ថ្មី ដោយ​បាន​បង្រៀន​ពី​ប្រពៃណី​របស់​ខ្មែរ​អ៊ិ​ស្លា​ម និង​សាលា​រដ្ឋ​ថ្នាក់​ទី​៣​បាន​ចំនួន​៣​ឆ្នាំ ។ ចាប់តាំងពី​មាន​បញ្ហា​នេះ​មក​រូប​លោក​មិន​បាន​ចូល​បង្រៀន​ទៀត​ទេ ។

លោក​បាន​រំលឹក​ថា ដោយសារ​តែ​អ្នកស្រុក​ជួប​ការ​លំបាក​ក្នុង​ជីវភាព​គ្រួសារ ពួក​គាត់​បាន​រៃ​អង្គាសប្រាក់​គ្នា​ទិញ​ដី​នេះ​រហូត​ដល់​ទៅ​៤​ដំណាក់កាល​ជា​បន្តបន្ទាប់​ទើប​ទិញ​ដី​នេះ​បាន​ជាង​១​ហិ​កតា​យក​មក​ធ្វើ​ជា​ប្រយោជន៍​រួម ដូច្នេះ​សំណូមពរ​សូម​រក្សា​ដី​នេះ​ឱ្យ​ស្ថិត​នៅ​សភាព​ដើម​ដដែល  ។ 

ចំណែក​ភាគី​ចុងចោទ​ឈ្មោះ ទើ សុះ ខ្មែរ​អ៊ិ​ស្លា​ម អាយុ​៧៥​ឆ្នាំ បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា ចំពោះ​ប្រវត្តិ​ដំបូង​ដី​ខាងលើ​ត្រូវ​បាន​សាងសង់​មាន​សាលារៀន​តារាង​បាល់ទាត់ បន្ទាប់​មក​ទៀត​លោក វ៉ា​ន់ ម៉ាត់ បាន​ទាក់ទង​ជាមួយ នឹង​សមាគម​មួយ​ដើម្បី​កសាង​សាលារៀន​បន្ថែម​ទៀត​នៅ​លើ​ដី​ចាស់​នោះ​ទៅ​ជា​អនុ​វិទ្យាល័យ និង​វិទ្យាល័យ សម្រាប់​ឲ្យ​បាន​កូនចៅ​ពលរដ្ឋ​បាន​រៀនសូត្រ ។

តែ​គំរោង​នេះ​មិន​បាន​ធ្វើ​ទៅ​វិញ ដោយសារ​តែ​មាន​ប្រជាពលរដ្ឋ​បាន​ប្តឹង​ជំទាស់ ។ លោក​ថា ការ​សាងសង់​នោះ​មិន​ឲ្យ​មាន​ផល​ប៉ះពាល់​ដី​បញ្ចុះសព តារាង​បាល់ទាត់​ទេ ហើយ​ក៏​មិន​បាន​យក​ទៅ​ធ្វើ​អ្វី​ក្រៅពី​នេះ​ឡើយ ៕