បន្ទាយ​ទាហាន​លើ​ភ្នំ​ឈើ​កាច់ បញ្ជាការ​ជីកដី​បន្ទាយ​លក់​ក្លាយជា​ជម្លោះ​ក្នុង​អង្គភាព

ខេត្តព្រៃវែង ៖ ប្រភព​ព័ត៌មាន​មួយ​បាន​ឲ្យ​ដឹង​ថា លោក​វរសេនីយ៍ឯក ខៀវ សំណាង មេបញ្ជាការ​វរៈ​ K89 ​លើ​ភ្នំ​ឈើ​កាច់ កំពុង​លក់​អាចម៍ដី​នៅ​ក្នុង​បន្ទាយ​ទៅ​ឲ្យ​ក្រុម​អ្នក​ធ្វើ​ផ្លូវ ដោយ​មានការ​ដឹក​ជញ្ជូន​ចេញ​ទាំងថ្ងៃទាំងយប់ និង​ក្នុង​១​ថ្ងៃ​ៗ​រាប់​សិប​រថយន្ត ។

ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែ​បញ្ជាការដ្ឋាន​វរៈ​ K89 ​នេះ​បាន​ឲ្យ​ដឹង​ថា ទីតាំង​ដែល​គេ​ជីក​យក​អាចម៍ដី​លក់​នេះ​គឺ ស្ថិត​នៅ​ក្នុង​បន្ទាយ K89 កៀក​ជាប់​នឹង​អគារ​សាល​ប្រជុំ​តែ​ម្តង ដោយ​គេ​លក់​ទៅ​ឲ្យ​ក្រុម​កង​វិស្វកម្ម​ដែល​កំពុង​ធ្វើ​ផ្លូវ​នៅ​ខេត្តស្វាយរៀង ក្នុង​១​រថយន្ត​តម្លៃ​ជាង​២០ដុល្លារ ហើយ​គេ​ចាប់ផ្តើម​ជីក​លក់​តាំងពី​ថ្ងៃ​ទី​១៩ ខែមីនា​មក ។

បន្ទាយ​ទាហាន​លើ​ភ្នំ​ឈើ​កាច់ បញ្ជាការ​ជីកដី​បន្ទាយ​លក់​ក្លាយជា​ជម្លោះ​ក្នុង​អង្គភាព

ប្រភព​ពី​ពល​ទាហាន​ក្នុង​បន្ទាយ​ K89​ នេះ​បាន​ឲ្យ​ដឹង​ដែរ​ថា សកម្មភាព​ជីក​យក​អាចម៍ដី​លក់​នៅ​ក្នុង​បន្ទាយ​ K89 ​នេះ មិនមែន​ទើបតែ​ជា​លើក​ទី​១​នោះ​ទេ គឺ​កាលពី​ប៉ុន្មាន​ខែ​មុនគេ​ធ្លាប់​ជីក​លក់​ម្តង​រួច​មក​ហើយ បាន​លុយ​ចំនួន​២៣​លាន​រៀល ។ ប៉ុន្តែ​ការ​ជីក​លក់​នោះ​បាន​បញ្ចប់​ទៅ​វិញ​ដោយសារ​តែ​មាន​ជម្លោះផ្ទៃក្នុង​រឿង​ចែក​លុយ​គ្នា​មិន​ស្មើ ។ លុះ​លើក​ក្រោយ​នេះ​ក៏​កំពុង​មាន​ជម្លោះផ្ទៃក្នុង​ជា​ថ្មី​ដែរ ដោយសារ​តែ​លោក​មេបញ្ជាការ និង​មេបញ្ជាការ​រង​៣​នាក់ បាន​ព្រមព្រៀង​គ្នា​ជីក​លក់ តែ​មេបញ្ជាការ​រង​ម្នាក់​ជំទាស់​មិន​ចូលរួម ដោយសារ​តែ​ការ​ជីក​នេះ​មិន​បាន​រាយការណ៍​ជូន​ថ្នាក់លើ​ឲ្យ​បានដឹង ។

ដោយឡែក ប្រភព​ពី​មន្ត្រី​ស្រុក​បាភ្នំ​បាន​បង្ហើប​ឲ្យ​ដឹង​ថា បើ​ទោះបីជា​មាន​សំឡេង​១​ជំទាស់​ក៏​ដោយ ប៉ុន្តែ​គេ​នៅ​តែ​ជីក​យក​អាចម៍ដី​លក់​ដដែល ហើយ​លោក​មេបញ្ជាការ ខៀវ សំណាង បាន​នាំ​កូនចៅ​ទាំងអស់​ធ្វើ​ពាក្យ​ផ្តិត​មេដៃ​ប្តឹង​ដក​មេបញ្ជាការ​រង​ដែល​ជំទាស់​នោះ​ចេញ ព្រោះ​មិន​ចង់​ឲ្យ​នៅ​ធ្វើ​ជា​ឆ្អឹង​ទទឹង​ក​តទៅ​ទៀត​។ មិន​ទាន់​បាន​ប៉ុន្មាន​ថ្ងៃ​ផង ព័ត៌មាន​នេះ​បាន​លេចឮ​ទៅ​ដល់​ក្រសួងការពារជាតិ និង​បាន​ចាត់​ឲ្យ​មន្ត្រី​ចុះ​មក​ដោះស្រាយ​សម្របសម្រួល​វិញ​កាលពី​រសៀល​ថ្ងៃ​ទី​២១ ខែមីនា តែ​លទ្ធផល​នៃ​ការ​សម្របសម្រួល​យ៉ាងណា​នោះ​នៅ​មិន​ទាន់​ដឹង​នៅឡើយ​ទេ​ ។

បន្ទាយ​ទាហាន​លើ​ភ្នំ​ឈើ​កាច់ បញ្ជាការ​ជីកដី​បន្ទាយ​លក់​ក្លាយជា​ជម្លោះ​ក្នុង​អង្គភាព

ទោះជា​យ៉ាងណា ចំពោះ​ការ​ចោទប្រកាន់​ខាងលើ​នេះ ត្រូវ​បាន​លោក​វរសេនីយ៍ឯក ខៀវ សំណាង បញ្ជាក់​ប្រាប់​កោះសន្តិភាព​ថា លោក​ពិតជា​បាន​ជីក​យក​អាចម៍ដី​ក្នុង​បន្ទាយ​លក់​ពិតមែន ដែល​ការ​ជីក​នេះ​គឺ​ដើម្បី​ជា​ប្រយោជន៍​២ គឺ​ទី​១-​ជីក​ដើម្បី​បាន​ស្រះ​ទឹក​សម្រាប់​ប្រើប្រាស់ និង​ទី​២-​ដើម្បី​បាន​ថវិកា​ដោះស្រាយ​ជីវភាព​ក្នុង​អង្គភាព ព្រោះ​អង្គភាព​ K89 ​នេះ​គ្មាន​ចំណូល​ពី​ណា​នោះ​ទេ​ ។ លោក​មេបញ្ជាការ​បញ្ជាក់​ថា នៅ​ពេល​ដោះស្រាយ​បញ្ហា​ផ្ទៃក្នុង​ចប់ លោក​នឹង​ធ្វើ​របាយការណ៍​សុំ​គោលការណ៍​ទៅ​ក្រសួង​រឿង​ជីក​យក​អាចម៍ដី​លក់​នេះ​ហើយ​ ។

ទោះជា​យ៉ាងណា​ក៏​ដោយ កាលពី​រសៀល​ថ្ងៃ​ទី​២១ ខែមីនា នៅ​ពេល​ក្រុម​អ្នក​សារព័ត៌មាន​ចូល​ទៅ​ថត​សកម្មភាព​គ្រឿងចក្រ​កំពុង​ជីក​យក​អាចម៍ដី​ក្នុង​បន្ទាយ​ K89 ​នេះ គេ​ឃើញ​លោក​មេបញ្ជាការ ខៀវ សំណាង បញ្ជា​ឲ្យ​គ្រឿងចក្រ​បញ្ឈប់​សកម្មភាព ហើយ​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ថា ឈប់​ឲ្យ​ជីក​តទៅ​ទៀត​ហើយ ។ ប៉ុន្តែ​នៅ​ពេល​ក្រុម​អ្នក​សារព័ត៌មាន​ចេញ​ផុត​បាន​តែ​១​ល្ងាច គឺ​នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែមីនា សកម្មភាព​ជីក​យក​អាចម៍ដី​នេះ​ក៏​ចាប់​បន្ត​ជីក​ទៀត​ដដែល ទាំង​ដែល​មិន​ទាន់​មានការ​អនុញ្ញាត​ពី​ក្រសួងការពារជាតិ​នៅឡើយ​ផង ៕