ត្រកូល​«​ខូ​វ ជឺ​លី​»​ជួបជុំ​គ្នា​ក្រោយ​ពេល​បែកបាក់​អស់​៦​ឆ្នាំ

រាជធានី​ភ្នំពេញ ៖ គ្រួសារ​ត្រកូល «​ខូ​វ​» បាន​ជួបជុំ​បាយ​សាមគ្គី ក្រោយ​ពី​ការ​បែកបាក់​៦​ឆ្នាំ ខណៈ​សាលក្រម​សាលាដំបូង​នឹង​ត្រូវ​ប្រកាស​សាលក្រម​ផ្តន្ទាទោស​លោកស្រី ឡាយ ហួង នៅ​ព្រឹក​នេះ ។ រូបថត​អនុស្សាវរីយ៍​មួយ​សន្លឹក បង្ហាញ​ពី​ការ​ជួបជុំ​គ្នា​ស្រស់ស្រូប​អាហារ​សាមគ្គី​រវាង​បងប្អូន កូន និង​ចៅ​ត្រកូល «​ខូ​វ​» នៅ​ក្នុង​ប្រទេស​ថៃ កាលពី​ពេល​ថ្មី​ៗ​នេះ បាន​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល និង​មាន​សុទិដ្ឋិនិយម​យ៉ា​ង​ខ្លាំង​ចំពោះ​ការ​ជួបជុំ​នោះ ។

ក្នុង​រូបថត​ដែល​ប្រភព​ព័ត៌មាន​ផ្តល់​ឱ្យ​នោះ គេ​សង្កេត​ឃើញ​មាន​វត្តមាន​លោកស្រី ខូ​វ ជឺ​ឡា​សា​ឌី ជា​បងធំ​ក្នុង​ត្រកូល ។ បន្ទាប់​មក​លោកស្រី ស៊ុន សុ​ត្ថា ហៅ​ថា​ច ជា​ភរិយា​លោក ស៊ុន ចាន់​ថុ​ល​, លោក ខូ​វ ផល្លា​បុត្រ​, ខូ​វ វរៈ​វ​តី លោក ខូ​វ សូ​វ៉ា​ឌឿ​ន រួម​ទាំង​កូនស្រី​របស់​លោក ស៊ុន ចាន់​ថុ​ល និង​សមាជិក​ក្នុង​គ្រួសារ​ផ្សេង​ទៀត បាន​ជួបជុំ​ហូប​អាហារ​ជាមួយ​គ្នា ដោយ​ទឹកមុខ​ស្រស់ថ្លា រាក់ទាក់​និង​សប្បាយ​រីករាយ ។

ការ​ជួបជុំ​នេះ​មិនមែន​ដោយ​ចៃដន្យ ឬ​ដោយ​ប្រការ​ណាមួយ​ឡើយ ប៉ុន្តែ​ជា​ការ​ស្វែងរក​ការ​ជួបជុំ​គ្នា​ឡើង​វិញ​នៅ​ក្នុង​ចំណោម​បងប្អូន​កូនចៅ ក្នុង​គ្រួសារ​ត្រកូល​ខូ​វ ជឺ​លឺ ក្រោយ​ពី​គ្រួសារ​របស់​ពួក​គេ​ជួប​វិបត្តិ ព្យុះ ភ្លៀង ផ្គរ រន្ទះ បែកបាក់​ស្ទើរតែ​ភ្លេចមុខ​បងប្អូន​អស់​ទៅ​ហើយ​នោះ ។

តើ​មូលហេតុ​អ្វី​ទៅ ដែល​ធ្វើ​ឱ្យ​គ្រួសារ​អភិជន ៥​ជំនាន់​នេះ ជួប​រឿង​អកុសល​ក្នុង​ដំណើរ​ជីវិត​ដ៏​រុងរឿង​របស់​ពួក​គេ ។

បាន​កត់​សម្គាល់ថា នៅ​ថ្ងៃ​ទី​១៣ មិថុនា ២០១០ លោកស្រី ស៊ុន សុ​ត្ថា ភរិយា​លោក ស៊ុ​ន ចាន់​ថុ​ល បាន​ដាក់​ពាក្យបណ្តឹង​ព្រហ្មទណ្ឌ មក​កាន់​សមត្ថកិច្ច​អំពី​បទ​ប៉ុនប៉ង​មនុស្សឃាត និង​រំលោភ​សេពសន្ថវៈ ។ ការ​ស៊ើប​អង្កេត​បឋម​មួយ​បាន​កំណត់​មនុស្ស​៥​នាក់​ថា​ជា​ជនសង្ស័យ​រួម​មានឈ្មោះ ចាន់ សុខា ជា​អ្នកបម្រើ ឈ្មោះ នាង ស៊ី​ណាត ជា​អ្នកបម្រើ​នៅផ្ទះ​លោក ស៊ុន ចាន់​ថុ​ល ឈ្មោះ សុខ ឡាក់ ជា​កម្មករ​យាម​ខុន​ដូ ឈ្មោះ យាន សុធា​រិ​ទ្ធ ជា​កម្មករ​យាម​ខុន​ដូ និង​គោលដៅ​ចម្បង គឺ​លោកស្រី សេង ចិន្តា ភរិយា​លោក​ឧក​ញ៉ា ខូ​វ ជី​លី ។

ជា​បន្តបន្ទាប់ សាលាដំបូង​រាជធានី​ភ្នំពេញ សាលាឧទ្ធរណ៍ និង​តុលាការ​កំពូល យោង​លើ​ចំលើយ​សារភាព​របស់​នាង ចាន់ សុខា និង​នាង ស៊ី​ណាត កាលពី​ថ្ងៃ​ទី​៥ តុលា ២០១២ បាន​សម្រេច​លើកលែង​ចោទ​ឈ្មោះ យាន សុធា​រិ​ទ្ធ និង​ដោះ​លែងឱ្យ​មាន​សេរីភាព​វិញ ។ ចំណែក សេង ចិន្តា និង​សុខ ឡាក់ ត្រូវ​ផ្តន្ទាទោស​ឱ្យ​ជាប់​ពន្ធនាគារ​ក្នុង​ម្នាក់​ៗ២០​ឆ្នាំ ។ ចំណែក​ឈ្មោះ ចាន់ សុខា និង​នាង ស៊ី​ណាត បាន​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ក្នុង​ម្នាក់​ៗ១៨​ឆ្នាំ ។

រឿង​នេះ​មិន​ចប់​ត្រឹមហ្នឹង​ទេ នៅ​ថ្ងៃ​ទី​៧ ធ្នូ ២០១១ លោក ស៊ុន ចាន់​ថុ​ល បាន​ដាក់​ពាក្យបណ្តឹង​បន្ថែម​មក​លើ​ឈ្មោះ ខូ​វ ជឺ​លី ជា​ឪពុកក្មេក លោក ខូ​វ ផល្លា​បុត្រ ជា​ប្អូនថ្លៃ លោកស្រី ឡាយ ហួង ជា​ភរិយា​លោក ខូ​វ ផល្លា​បុត្រ និង​កញ្ញា ហ៊ុយ សុខលាភ ជា​កូនស្រី​លោកស្រី សេង ចិន្តា ថា​ជា​អ្នក​រៀបចំ​គម្រោង​សម្លាប់​កូន សម្លាប់​បង និង​ក្មួយ​ទៀត​ផង ។

បណ្តឹង​នេះ​យោង​តែ​លើ​ការ​ឆ្លើយ​ទម្លាក់​កំហុស​របស់ ចាន់ សុខា តែ​ម្នាក់​ប៉ុណ្ណោះ​នៅ​សាលាឧទ្ធរណ៍ ។

បន្ទាប់​មក​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចាត់​លើ​គ្រួសារ​លោក​ឧក​ញ៉ា ខូ​វ ជឺ​លី ជា​លើក​ទី​២ ។ ក្នុង​នោះ​សាលាដំបូង​បាន​លើកលែង​ការ​ចោទប្រកាន់​លើ​លោក​ឧក​ញ៉ា ខូ​វ ជឺ​លី និង​ហ៊ុយ សុខលាភ ប៉ុន្តែ​បាន​ចេញ​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​ឧក​ញ៉ា ខូ​វ ផល្លា​បុត្រ និង​លោកស្រី ឡាយ ហួង ថា​ជា​មេខ្លោង​ទៅ​វិញ ជា​ហេតុ​ធ្វើ​ឱ្យ​លោក ខូ​វ ផល្លា​បុត្រ និរទេស​ខ្លួន​ទៅ​ក្រៅប្រទេស ហើយ​លោកស្រី ឡាយ ហួង ត្រូវ​ចាប់ខ្លួន​បញ្ជូន​មក​ផ្តន្ទាទោស ដែល​សំណុំរឿង​ត្រូវ​ប្រកាស​សាលក្រម​នា​ថ្ងៃ​ទី​២៤ មីនា គឺ​ព្រឹក​នេះ ។

ឆ្លងកាត់​ការ​បែកបាក់​ព្រាត់ប្រាស់​គ្នា កូន​ប្តឹង​ម៉ែ កូនប្រសា​ប្តឹង​ឪ​ក្មេក បង​ប្តឹង​ប្អូន ដោយ​ទទួលលទ្ធផល​នូវ​ការ​ឈឺចាប់ ព្រោះតែ​ស្តាប់​សម្តី​សាក្សី​ដែល​គេ​សង្ស័យ​ថា លោត​តាម​ខ្សែ​ញាក់​ម្នាក់ ធ្វើ​ឱ្យ​គ្រួសារ​ទាំងមូល​ក្រហម​មុខ​ដាក់​គ្នា ស្ទើរ​ភ្លេចមុខ​គ្នា​ទៅ​ហើយ ។

បទ​ពិសោធ​ដ៏​ឈឺចាប់​នេះ​ហើយ ទើប​កាលពី​ពេល​ថ្មី​ៗ​នេះ បង ប្អូន ប្រុស ស្រី កូនចៅ​លោក​ឧក​ញ៉ា ខូ​វ ជឺ​លី ត្រូវ​បាន​ក្រុម​អ្នក​សង្កេតការណ៍​យល់​ឃើញ​ថា បាន​ស្វែងរក​ការ​ជួបជុំ​គ្រួសារ​នៅ​ក្រៅប្រទេស ដើម្បី​សួរសុខទុក្ខ​គ្នា សុំ​ទោស​គ្នា​ទៅ​វិញ​ទៅ​មក នូវ​ការ​យល់​ខុស​ចំពោះ​បងប្អូន ប្រកបដោយ​ភាព​ស្និទ្ធស្នាល សាមគ្គីភាព​ក្នុង​គ្រួសារ​ឡើង​វិញ នូវ​អ្វី​ទាំងអស់​ដែល​កើតឡើង​ដោយ​ការ​ភ័ន្ត​ច្រឡំ ។ ដូច្នេះ​ការ​កាត់ក្តី​សំណុំរឿង​ក្រោយ​នេះ សុំ​ឱ្យ​តុលាការ​ផ្តល់​យុត្តិធម៌​សម្រាប់​ក្រុម​គ្រួសារ​មួយ​នេះ​ផង ៕