ជម្នះ​ជីវិត​កម្សត់​ដោយ​ចាប់​របរ​កាត់សក់

រាជធានី​ភ្នំពេញ ៖ យុវជន​នី វុ​ទ្ធី ចាប់​អាជីព​ជា​ជាងកាត់សក់​អាច​រកបាន​ចំណូល​ទ្រទ្រង់​ជីវភាព​ប្រចាំ​ថ្ងៃ តែ​នេះ​ជា​រឿង​បច្ចុប្បន្ន ឯ​ស្រមោល​ជីវិត​អតីត​កាលដែល​ចង​ចាំ​មិន​ភ្លេច​នោះ គឺ​ឆ្លងកាត់​កុមារភាព​ក្រីក្រ​លំបាក​តោក​យា​ក ។

លោក​នី វុ​ទ្ធី អាយុ​២៣​ឆ្នាំ ជា​អ្នកស្រុក​លើក​ដែក ខេត្តកណ្តាល ។ វុ​ទ្ធី​បាត់បង់​ឪពុក​តាំងពី​អាយុ​៣​ខែ​ម្ល៉េះ ហើយ​រស់នៅ​ជាមួយ​ម្តាយ​ជា​ស្ត្រី​មេម៉ាយ​ក្នុង​សភាព​ម្តាយ​មួយ​កូន​មួយ ។ ដោយសារ​តែ​ជីវភាព​ខ្វះខាត វុ​ទ្ធី បាន​ឈប់​រៀន​ត្រឹម​ថ្នាក់​ទី​៧​ប៉ុណ្ណោះ ងាក​ទៅ​ចាប់​មុខរបរ​សម្រាប់​ទ្រទ្រង់​ជីវភាព​រស់នៅ ។

ជម្នះ​ជីវិត​កម្សត់​ដោយ​ចាប់​របរ​កាត់សក់

កាលពី​ពេល ថ្មី​ៗ​កន្លង​មក លោក​នី វុ​ទ្ធី រៀបរាប់​ថា ក្រោយ​ឈប់​រៀន​លោក​បាន​ទៅ​ហាត់រៀន​បើកបរ​រថយន្ត​ទាំង​ខ្លួន​នៅ​វ័យក្មេង ។ ក្រោយ​ហាត់រៀន​ស្ទាត់​ហើយ វុ​ទ្ធី ធ្វើ​ជា​អ្នក​បើករថយន្ត​ធុន​ធំ​តាម​ដងផ្លូវ​ជាតិ​លេខ​៤ និង​លេខ​៣ ស្ថិត​ក្នុង​ខេត្តកំពង់ស្ពឺ ប្រមាណ​ជិត​៣​ឆ្នាំ ដោយ​ដឹក​ថ្ម ក្រួស ។ ធ្វើ​ជា​អ្នក​បើករថយន្ត​ធំ​នោះ វុ​ទ្ធី មិន​គិត​ថា ជា​ជម្រើស​ល្អ​សម្រាប់​ជីវិត​ឡើយ​។ វុ​ទ្ធី​ពិបាកចិត្ត​ពេល​ឃើញ​បញ្ហា ផ្សេង​ៗ​ស្តី​ពី​គ្រោះថ្នាក់​ចរាចរ​នៅ​លើ​ដងផ្លូវ ហើយ​ភាគច្រើន​មហាជន​តែងតែ​បន្ទោស​ថា អ្នក​បើករថយន្ត​វ័យក្មេង​បើក​សាហាវ​ៗ​ណាស់ ។ បែប​នេះ​ហើយ​ទើប​វុ​ទ្ធី​តាំងចិត្ត​ត្រូវ​តែរ​ករបរ​ផ្សេង​ឱ្យ​បាន​ដើម្បី​ចៀស​ចេញពី​មុខរបរ​បើករថយន្ត ។

ទីបំផុត​នី វុ​ទ្ធី ផ្តាច់ជីវិត​ពី​របរ​បើករថយន្ត ដូច្នេះ​ហើយ​អត់​មាន​លុយ​ចាយវាយ​ជា​ច្រើន​ខែ ដោយសារ​មិន​ទាន់​មានមុខ​របរ​ថ្មី ។ មិន​អាច​ស៊ូទ្រាំ​នឹង​ការ​អត់​ការងារ​ធ្វើ​បាន វុ​ទ្ធី​បាន​ព្យាយាម​រៀន​កាត់សក់ ។ ដោយ​យល់​ថា​អាជីព​កាត់សក់​បុរស​ងាយស្រួល​មិន​ចេញ​ទៅ​ណា​នៅ​តែ​ក្នុង​ម្លប់ ខុស​ពី​បើករថយន្ត​ត្រូវ​ក្តៅ វុ​ទ្ធី​ចូល​រៀន​កាត់សក់​ក្នុង​ហាង​មួយ​នៅ​រាជធានី​ភ្នំពេញ ។ ក្នុង​ពេល​កំពុង​រៀន​ជំនាញ​កាត់សក់​នោះ​ឃើញ​មាន​ភ្ញៀវ​ចូល ពេញ​ៗ​ហាង​រាល់ថ្ងៃ ។ ជាងកាត់សក់​បាន​ប្រាក់​១​ថ្ងៃ​បី​ទៅ​បួន​ម៉ឺន​រៀល បូក​ទាំង​ប្រាក់​ធីប​ពី​ភ្ញៀវ​ទៀត ។ ដូច្នេះ​ហើយ​វុ​ទ្ធី​រឹតតែ​មានចិត្ត​ចង់​ក្លាយជា​ជាងកាត់សក់​អាជីព​ខ្លាំង​ឡើង ។

បច្ចុប្បន្ន​នេះ​លោក​នី វុ​ទ្ធី នៅ​មិន​ទាន់​អាច​បើកហាង​កាត់សក់​ខ្លួនឯង​បាន​ឡើយ គឺ​នៅ​បម្រើ​ការងារ​ក្នុង​ហាង​កាត់សក់ «​អាស៊ី​ស្តាយ​» ស្ថិត​នៅ​ខាងកើត​ផ្សារ​ទួល​ទំពូង ។ វុ​ទ្ធី​បម្រើ​ការងារ​នៅ​ទីនោះ​ជិត​៣​ឆ្នាំ​ហើយ ។ តួនាទី​ជា​ជាងកាត់សក់ វុ​ទ្ធី​សប្បាយចិត្ត​ព្រោះ​អាច​ច្នៃ​ម៉ូ​ដ​បាន​តាម​តម្រូវការ​របស់​ភ្ញៀវ ព្រមទាំង​អាច​ធ្វើ​ម៉ូ​ដ​សក់​គ្រប់​កម្មវិធី​ទាំង​អស់។ ជា​ពិសេស មាន​ភ្ញៀវ​បរទេស​ទាំង​អឺរ៉ុប និង​អាស៊ី​ពេញចិត្ត​ឱ្យ​វុ​ទ្ធី​កាត់សក់​ឱ្យ រហូត​ពេល​រវល់​ជាប់ដៃ​កាត់​ឱ្យ​អ្នក​ផ្សេង អ្នកខ្លះ​ស៊ូទ្រាំ​អង្គុយ​ចាំ ។ ចំណែក​ភ្ញៀវ​ខ្លះ​ទៀត​ហៅ​វុ​ទ្ធី​ទៅ​កាត់សក់​ដល់​ផ្ទះ ។ មានមុខ​របរ​ច្បាស់លាស់តែ​នី វុ​ទ្ធី​ហាក់​សោកស្តាយ​ត្រង់​មិន​បាន​រៀន​ខ្ពស់​ខ្ពស់ ៕