ទង្វើឯងបែបនេះ តើឱ្យ​ឪ​ទ្រាំ​ម្តេច​បានទៀត​​

ខេត្ត​កំពង់​ឆ្នាំង ៖ បុរស​ម្នាក់​​បាន​រង​របួស​យ៉ាងធ្ងន់ធ្ងរ បន្ទាប់​ពី​ត្រូវ​ឪពុក​ទ្រាំលែងបាន​​ទាញ​​កាំបិត​ផ្គាក់​​​កាប់ តែដើម្បី​​ការ​ពារ​​ខ្លួនតែ​ប៉ុណ្ណោះ ខណៈ​​កូន​​ប្រុស​រូប​នេះ​​ស្រវឹង​ជេរ​ប្រមាថ និង​ចាប់​វាយ​​ទាត់​ធាក់​មក​លើ​រូបគាត់ជាឪពុក​ ដែល​ហេតុការណ៍​នេះ​ កើតឡើង កាលពី​វេលា​ម៉ោង​​ជិត​៥​ល្ងាច​ថ្ងៃ​ទី​២២ មីនា ២០១៦ ស្ថិត​នៅ​ក្នុងភូមិ​ទឹក​ចេញ ឃុំ​ជើង​គ្រាវ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

ប្រភព​ឱ្យ​ដឹង​ថា ​​ឪពុក​​ឈ្មោះ​ចាន់ សា​រ៉េ​ត អាយុ​៦៣​​ឆ្នាំ ចំណែកឯ​កូនប្រុស​ឈ្មោះ​ប៉េ​ស សា​រ៉ាត់ អាយុ​៣៩​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ។

ប្រភព​​បន្ត​ថា មុន​ពេល​ផ្ទុះ​ហិង្សា​​នេះ គឺ​បណ្តាល​មក​ពី​កូនប្រុស​ផឹកស្រា​ស្រវឹង​មួយ​ថ្ងៃ​ទៅ​ហើយ ចេញពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ នៅ​ពេល​មក​ដល់​ផ្ទះ ឈ្មោះ​ប៉េ​ស សា​រ៉ាត់ ​នេះ បាន​រករឿង​ប្រពន្ធ​នៅផ្ទះ ។ ពេល​នោះ ត្រូវ​ឪពុក​ស្រែក​ពី​ក្នុងផ្ទះ ​ដែល​នៅផ្ទះ​ក្បែរ​គ្នា​ថា «ទៅ​ដេក​ទៅ បើ​​ស្រវឹង​ហើយ​កុំ​ស្រែក​ឡូឡា រករឿង​គេឯង​ធ្វើ​អី» ។ គ្រាន់​ឮ​ឪពុក​ប្រាប់​ដូច្នេះ កូនប្រុស​រូប​នេះ​បាន​សួរ​រកមុខ អាណា​និយាយ​មិ​ញ?

ពេល​​សួរ​​ចប់ ក៏​ដើរ​សំដៅ​ទៅ​រក​ឪពុក រួច​ជេរ​ប្រមាថ​ដោយ​សម្តី​មិន​សមរម្យ ថែម​ទាំង​បាន​ទាត់​ឪពុកថែម​​ទៀត ។ ពេល​នោះ ឪពុក​ទ្រាំ​នឹង​ទ​ង្វើ​របស់​កូន​លែង​​បាន ក៏​ស្ទុះ​យក​កាំបិត​ផ្គាក់ ដែល​នៅ​ក្បែរ​ខ្លួន​កាន់ ដើម្បី​ការពារ​ខ្លួន និង​ប្រាប់​កុំឱ្យ​កូន​ធ្វើ​បែប​នេះ តែ​កូន​មិន​ស្តាប់​នៅ​តែ​ផ្គើន ឪពុក​ក៏​គ្រវៀស​កាំបិត​នោះ​ទៅ​ចំ​កូន​ចំនួន​៣​កន្លែង (​ថ្ព​ល់ ទ្រូង និង​ខ្នង​) បណ្តាល​ឱ្យ​កូនប្រុស​ធ្លាក់ ពីលើ​ផ្ទះ​របួស​ឈាម​ច្រាល​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​ក៏​បាន​ឃាត់​ឪពុក ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ។