លទ្ធផល​​​ត្រួតពិនិត្យ​ជាតិ​ស្រវឹង​គិត​ពី​ថ្ងៃ​ចាប់ផ្តើម​រហូត​​​ដល់​ពេល​នេះ

រាជធានី​ភ្នំពេញ​ ៖​ យោង​តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រីជាន់ខ្ពស់របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បានឱ្យ​​ដឹង​ថា លទ្ធផល​នៃ​ការ​ត្រួតពិនិត្យ អ្នកបើកបរ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង ថ្ងៃ​ទី២២ មីនា ២០១៦ បានចំនួន៨៩៩គ្រឿង ក្នុង​នោះ ម៉ូតូ​ចំនួន៥៥៩គ្រឿង ​រថយន្ត៣៤០គ្រឿង ។ ចំណែកយានយន្ត​ដែល​បាន​ចេញ​ប័ណ្ណពិន័យ​បទល្មើស​មាន​ចំនួន២៨៨​គ្រឿង ​ម៉ូតូ២៣៦គ្រឿង រថយន្ត៥២​គ្រឿង ។​ អប់រំ​អ្នកបើកបរ​ដែល​មាន​អត្រា​ជាតិស្រវឹង​ក្រោម​០,២៥ មាន​ចំនួន​២​នាក់ ម៉ូតូ​ចំនួន​២​នាក់​ រថយន្ត​គ្មាន ។

លោក​បាន​បន្ត​ថា កន្លង​មកនេះ​ សមត្ថកិច្ច​បាន​ធ្វើការ​ពិន័យ​អ្នកបើកបរ​ដែល​មាន​អត្រា​ជាតិ​ស្រវឹងចាប់ពី​០,២៥ ដល់​០,៣៩ មិល្លី​ក្រាម ​ចំនួន​៥នាក់ ក្នុង​នោះ​ម៉ូតូ​៤​នាក់ រថយន្ត​​១នាក់ ។ ​ឃាត់​អ្នកបើកបរ​ស្រវឹង​ចំនួន​៩​នាក់ ម៉ូតូ៨​នាក់ (០,៤៩ ដល់​១,០១ ​មិល្លីក្រាម​/​ខ្យល់ ) និងអ្នក​បើករ​ថយ​ន្ត ១​នាក់​(០,៥៨ មិល្លី​ក្រាម/ខ្យល់​) ។​

​មន្ត្រីជាន់ខ្ពស់​ដដែល​បាន​បញ្ជាក់​ថា  សម្រាប់​លទ្ធផល​នៃ​ការ​ត្រួតពិនិត្យ​ជាតិ​ស្រវឹង គិត​តាំងពី​ថ្ងៃ​ចាប់ផ្តើមរហូត​មក​ដល់​ថ្ងៃ​ទី២២ មីនា ២០១៦ ​សមត្ថកិច្ច​​​ត្រួតពិនិត្យ​បាន​ចំនួន​៤៥​លើក ឃាត់​អ្នកបើកបរ​យានយន្ត​ចំនួន​៣១២នាក់ ក្នុង​នោះ​ អ្នកបើកបរ​រថយន្ត​ចំនួន៧៧​នាក់ (ស្រី​២​នាក់) និងអ្នកបើកបរ​ម៉ូតូ​ចំនួន​២៣៥​នាក់ ៕ ​