ក្មេង​អភ័ព្វ​រង​អំពើ​ហិង្សា ទទួល​បាន​អំណោយ​ថវិកា និង​សម្ភារ​សិក្សា

ខេត្តបន្ទាយមានជ័យ ៖ ដោយ​ក្តី​អាណិតអាសូរ​នោះ កាលពី​រសៀល​ថ្ងៃ​ទី​២៣ មីនា ២០១៦ លោក​ឌី វិជ្ជា ប្រ​ធា​នាយកដ្ឋាន​កណ្តាល​នគរបាល​សន្តិសុខ បាន​ចាត់​ឱ្យ​លោកស្នងការ​រង​កណ្តាល​សន្តិសុខ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ រួម​ទាំង​សហការី នាំ​យក​អំណោយ​ជា​ថវិកា និង​សម្ភារ​សិក្សា​ទៅ​ផ្តល់​ជូន​កុមា​រា​រង​គ្រោះ​ឈ្មោះ​រឿ​ន សុ​កែវ អាយុ​១២​ឆ្នាំ ដែល​ត្រូវ​ឪពុកមា​ធ្វើ​ទារុណកម្ម បណ្តាល​ឱ្យ​របួស​ពេញ​ដងខ្លួន និង​បាក់​.​កដៃ​ខាងស្តាំ ។ ចាប់​វាយ និង​បង្អត់អាហារ ព្រោះតែ​បង្រៀន​មិន​​ចេះ

អំណោយ​ផ្តល់​ឱ្យ​កុមា​រា​រង​គ្រោះ​ខាងលើ រួម​មាន​ថវិកា​ចំនួន​១០​ម៉ឺន​រៀល​, សៀវភៅសរសេរ​១០​ក្បាល​, ប៊ិ​ច​១០​ដើម​, បន្ទាត់​១​ឈុត​,​កាបូបស្ពាយ​១, សម្លៀក​បំពាក់​សិស្ស​១​កំ​ប្លេ​រ​, ស្បែកជើង​១​គូ ។ ចំណែក​អ្នកគ្រូ​២​នាក់ ម្នាក់​ទទួល​បាន​ថវិកា​ចំនួន​១០​ម៉ឺន​រៀល និង​កាបូប​ម្នាក់​១ ។ ជាមួយ​គ្នា​នោះ​ដែរ លោកនាយក​អនុ​វិទ្យាល័យ​កំពង់ស្វាយ ក៏​បាន​ជួយ​ឧបត្ថម្ភ​ដល់​កុមា​រា​រង​គ្រោះ​ចំនួន​៩​ម៉ឺន​រៀល​ផង​ដែរ​។

កុមា​រា​រង​គ្រោះ ត្រូវ​ម្តាយបង្កើត​មុន​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ បាន​យក​មក​ផ្ញើ​ឱ្យ​រស់នៅ​ជាមួយ​ម្តាយមីង និង​ឪពុកមា​ឈ្មោះ​លួស
សា​​ម៉​ន ហៅ​ចាង អាយុ​៦៧​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​កំពង់ស្វាយ សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ។ ប៉ុន្តែ​ត្រូវ​ឪពុកមា​មានចិត្ត​កំណាច គ្មាន​ក្តី​មេត្តា បាន​ចាប់​វាយ​ធ្វើ​ទារុណកម្ម បណ្តាល​ឱ្យ​រង​របួស​ពេញ​ខ្លួន ។

ដោយ​ឃើញ​ពី​ភាព​អយុត្តិធម៌ និង​ប្រ​ហឹ​ង្សា​ទៅ​លើ​ក្មេង​បែប​នេះ  អ្នកគ្រូ​ប្រចាំ​ថ្នាក់​ក៏​បាន​ប្តឹង​កងរាជអាវុធហត្ថ​ខេត្ត ឱ្យ​ចាប់​ឃាត់ខ្លួន ឈ្មោះ​លួស សា​ម៉​ន ហៅ​ចាង​នេះ បច្ចុប្បន្ន ជនជាប់ចោទ​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ចាត់ការ​តាម​និ​តិ​វិធី​ច្បាប់​ហើយ​ដែរ ។ បិសាចទារុណកម្មលើក្មួយ​ ត្រូវបញ្ជូន​ទៅតុលាការហើយ