ម៉េច​ទៅ​ហើយ ករណី​បាញ់​ប្លន់ថៅកែ​ដំឡូងមី​លើក​មុន​​នោះ

ខេត្តស្ទឹងត្រែង​ ៖​ គិតត្រឹម​​ថ្ងៃ​ទី​២៤​ មីនា ​២០១៦​ នេះ ​​គឺ​រយៈពេល​ជាង​មួ​យស​ប្តា​ហ៍​មក​ហើយ​ កម្លាំង​សមត្ថកិច្ច​នៅ​មិន​ទាន់​មាន​​ពន្លឺ​ ពាក់ព័ន្ធ​ករណី​​ក្រុម​​មុខសញ្ញា​​ប្លន់​ប្រដាប់​អាវុធ​នៅ​ស្រុក​សេ​សាន​​នៅឡើយ​​ទេ ​ចំណែក​ជន​រង​គ្រោះ​​ក្នុង​ការ​បាញ់​ប្លន់ ក៏​​កំពុង​ស្ថិត​នៅ​​មន្ទីរ​ពេទ្យ​ប្រទេស​វៀតណាម​នៅ ឡើយ​​ដែរ​ ។ ករណី​ប្លន់​ប្រដាប់​អាវុធ លើ​ថៅកែ​ដំឡូង​មី

​​គួរ​បញ្ជាក់ថា កាលពី​យប់​ថ្ងៃ​ទី​១៦​ មីនា​ ២០១៦ កន្លងមក ​ក្រុម​ចោរប្លន់​ប្រដាប់​​បានប្រើប្រាស់​​អាវុធ​វែង-​ខ្លី​ចំនួន​៣​ដើម ​លប​​ចូល​​ទៅ​បាញ់​ប្លន់​​​អ្នក​ទិញ​​ដំឡូង​​មី​​យក​​ទ្រព្យ​សម្បត្តិ បណ្តាល​ឱ្យ​​តៃកុង​រថយន្ត​ម្នាក់ម្នាក់រង​របួស​​​ធ្លាយ​​ចុងដង្ហើម​ ទៅ​ក្រោយខ្នង​ ហើយ​ត្រូវ​បញ្ជូន​​ទៅ​សង្គ្រោះ​បន្ទាន់​នៅឯ​ប្រទេស​វៀតណាម​ ។ ​ក្រោយ​​សកម្មភាព​បាញ់​ប្លន់​រួច ​ក្រុម​ចោរ​​​បាន​គេចខ្លួន​ដោយ​​សុវត្ថិ​ភាព ។

ភ្លាម​នោះ ​កម្លាំង​សមត្ថកិច្ច​មា​នគរបាល ​កងកម្លាំង​អាវុធ ​បាន​​ចុះ​ទៅ​​ស្ទាក់​តាម​គោលដៅ​សំខាន់​ ដើម្បី​ចាប់ខ្លួន​ក្រុម​ចោរ​ តែ​នៅ​មិន​អាច​រកមុខ​សញ្ញា​ឃើញ​​ ខណៈ​ឃើញ​មាន​វត្ត​មាន​​​អ្នកស្រី​ព្រះរាជអាជ្ញា​រង ចុះ​​ទៅ​ពិនិត្យ​ទីតាំង​កន្លែង​កើតហេតុ​ផងដែរ ។

ប្រភព​​នៅ​កន្លែង​កើតហេតុ​​​ថា​​ ក្រុម​ចោរប្លន់​​​​មាន​គ្នា​៣នាក់​ បាន​​លប​ដើរ​​ចេញពី​ក្រោយ​ផ្ទះ​​របស់​ជន​រង​គ្រោះ​ ដោយ​ពាក់មួក​ខ្មៅ​​បិទ​ម៉ាស់​ ពណ៌​ខៀវ ​មាន​ម្នាក់​ប្រដាប់​អាវុធ​វែង១​ដើម​ និង​២នាក់​ទៀត​​ប្រដាប់​អាវុធ​ខ្លី​២​ដើម​ បាន​ចូល​ទៅ​ភ្ជង់​ជន​រង​គ្រោះ ជា​អ្នកទិញ​ដំឡូង​​ ខណៈ​កំពុង​អង្គុយ​ទទួលទាន​​អា​ហា​ពេល​ល្ងាច​ជុំ​​គ្រួសារ​ ។

ប្រភព​ដដែល​បន្ត​ថា ​ក្រុម​ចោរប្លន់​ចូលភ្ជង់ ​និង​គំរាម​​រក​លុយ ​និង​ដោះ​ខ្សែ​.ក​ខ្សែដៃ​ ក៏​បាន​​ប្រវាយប្រតប់​គ្នា​រវាង​គ្រួសារ​ជនរ​ងគ្រោះ ​​និង​ក្រុម​ចោរ ដោយ​ក្រុម​ចោរ​បាន​ផ្ទុះអាវុធ​​១​គ្រាប់​ ត្រូវ​តៃកុង​រថយន្ត​ម្នាក់​ចំ​ចុងដង្ហើម​ធ្លា​យមក​ក្រោយខ្នង​ ។ សមត្ថកិច្ច​មានការ​សង្ស័យ​ថា ​ក្រុម​ចោរប្លន់​ប្រដាប់​អាវុធ​ទាំងនោះ ​អាច​មិនមែន​ជា​អ្នក​ចម្ងាយ​ទេ ​ហើយ​មុន​ពេល​ធ្វើ​សកម្មភាព ​ពួក​គេ​បាន​សិក្សា​ពី​ទីតាំង​និង​គោលដៅ​ច្បាស់លាស់​ ទើប​ធ្វើ​សកម្ម​​នៅ​ពេល​យប់​​យ៉ាង​ងាយ​បែប​​នេះ ដូច្នេះ​ក្រុម​ចោរ​អាច​ជា​អ្នក​ក្បែរ​ទីតាំង​ផ្ទះ​ជន​រង​គ្រោះ​តែ
ម្តង​ ។

​ជន​​រង​​គ្រោះ​ដែលរងរបួសមានឈ្មោះ​លាង សុខ​ឡែ​ន ​អាយុ​២៥​ឆ្នាំ ជា​​តៃកុង​រថយន្ត​ បាន​រង​របួស​ដោយ​គ្រាប់កាំភ្លើង​អាកា​៤៧​មួយ​គ្រាប់​ ចំ​ចុងដង្ហើម​ធ្លាយ​ទៅ​ក្រោយខ្នង​ ។​ ចំណែក​ស្ត្រី​ជា​ថៅកែ​ទិញ​ដំឡូង​​បាន​បាត់បង់​ខ្សែ​.ក១​ខ្សែ, លុយ​ខ្មែរ​​​៥០​ម៉ឺន​រៀល, ខ្សែដៃ​តម្លៃ​​៦៥​ម៉ឺន​រៀល១​ខ្សែ និង​កងដៃ​តម្លៃ​៣០​ម៉ឺនចំនួន១​ ​។