ក្រុមហ៊ុន គឹ​ម ជ្រា មិន​អនុវត្ត​តាម ស​.​ជ​.​ណ សាលាខេត្ត​រតនគិរី

ខេត្ត​រតនគិរី ៖ យោង​លិខិត​លេខ​១០៨៦​ ស​.​ជ​.​ណ​.​ផ​ក ចុះ​ថ្ងៃ​ទី​២២ ​កញ្ញា ​២០១៥ ត្រង់​ចំណុច​ទី​៥​ ស្តី​ពី​ការ​បង្កើត​គណៈ​កម្មការ​​រួម​មាន​​​ក្រសួងម​ហាផ្ទៃ ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ អាជ្ញាធរ​ខេត្តរតនគិរី អាជ្ញាធរ​ក្រុង​បាន​លុង ​និង​មន្ទីរ​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ​ ខេត្ត​រតន​គិរី ​ធ្វើការ​ប្រគល់ ទទួល​ទីតាំង​ផ្សារ​បាន​លុង​ជូន​ក្រុមហ៊ុន​ហេង ដា​រ៉ា គ្រប់គ្រង​ឱ្យ​បាន​ច្បាស់លាស់​ ។

លិខិត​ខាងលើ​បញ្ជាក់​ឱ្យ​​ដឹង​ទៀត​ថា​ គណៈ​កម្មការ​ដេញថ្លៃ​ភាស៊ី​គ្រប់​ប្រភេទ​ ជម្រាប​​ជូន​លោក​ប្រធាន​ក្រុមហ៊ុន​ គឹ​ម ជ្រា អាជ្ញាធរ​ក្រុង​​បាន​លុង ​ធ្វើការ​លុប​កិច្ចសន្យា​ស្តី​ពី​ការ​រៀបចំ​សន្តិសុខ និង​​សណ្តាប់ធ្នាប់ សោ​ភ័​ណ្ឌ​ភាព អនាម័យ និង​បរិស្ថាន​នៅ​បរិវេណ​ផ្សារ​បាន​លុង​ខេត្តរតនគិរី រវាង​លោក​អ៊ុ​ក សំ​អុល អភិបាលក្រុង​បាន​លុង និង​លោក​ជា គួ​ង ប្រធាន​ក្រុមហ៊ុន​គឹ​ម ជ្រា ដោយ​អនុវត្ត​តាម
ស​.​ជ​.​ណ​ខាងលើ​ ប៉ុន្តែ​ក្រុមហ៊ុន​នេះ​ នៅ​តែ​បន្តសកម្មភាព​យក​ភាស៊ី​អនាម័យ​នៅ​លើ​ទីតាំង​ជុំវិញ​ផ្សារ​ដដែល ​​​ផ្ទុយ​ពី​សេចក្តីជូន​ដំណឹង​ និង​អនុវត្ត​រំលោភ​លើ​សេចក្តីសម្រេច​លុប​​កិច្ចសន្យា​របស់​សាលាក្រុង​បាន​លុង​កន្លង​មក ​។

ជាក់ស្តែង​ នៅ​វេលា​ម៉ោង​ប្រមាណ​១០​ព្រឹក​ថ្ងៃ​ទី​២៤ មីនា ​​​២០១៦ នេះ​ បុគ្គលិក​ក្រុមហ៊ុន​ជា គួ​ង នៅ​តែ​ដើរ​ប្រមូល​លុយ​ថ្លៃ​ភាស៊ី​ថ្លៃ​អនាម័យ ក្នុង​បរិវេណ​ផ្សារ​ដដែល​ ។ លោក​ជាម សុ​ផាត ប្រធាន​គណៈ​កម្មការ​គ្រប់គ្រង​ផ្សារ​បាន​លុង​​បាន​ប្រាប់​ឱ្យ​​ដឹង​ថា ខាង​ភាគី​ផ្សារ ​បាន​ទទួល​លិខិត​ ស​.​ជ​.​ណ ពី​សាលាខេត្ត​ចុះ​ថ្ងៃ​ទី​២១ មីនា ​២០១៦ ចេញ​ដោយ​លោក​លី វិន្ទ អភិបាលរង​ខេត្ត ទទួល​បន្ទប់​គណៈ​កម្មការ​ដេញថ្លៃ​ភាស៊ី​គ្រប់​ប្រភេទរួច​មក ​បាន​អនុវត្ត​ដោយ​ពុំ​មាន​ធ្វើ​សកម្មភាព​អ្វី​នោះ​ទេ ​ពោល​​គឺ​ថ្លៃ​ភាស៊ី​អនាម័យ​ភាគី​ផ្សារ​បាន​លុង​ពុំ​បាន​យក​នោះ​ទេ​ ។

ចំណែកឯ​ការ​ប្រមូល​​សំរាម​សំអាត​បរិវេណ​ក្នុង​ផ្សារ​នោះ​ ក្រុមហ៊ុន​ហេង ដា​រ៉ា បាន​ជួល​កម្មករ​ពី​ក្រៅ​ដោយ​ចេញថ្លៃ​ពលកម្ម​ ។ ដោយ​ឡែក ​ទាក់ទិន​ទៅ​នឹង​ក្រុមហ៊ុន​ ជា គួ​ង និង​អាជ្ញាធរ​ក្រុង​បាន​លុង​មិន​អនុវត្ត​តាម ស​.​ជ​.​ណ របស់​សាលាខេត្ត​រតនគិរី ស្តី​ពី​ការ​យក​ភាស៊ី​អនាម័យ​ក្រៅ​ផ្សារ និង​ជុំវិញ​ផ្សារ​បាន​លុង​នោះ​ កោះសន្តិភាព​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​លោក​អ៊ុ​ក សំ​អុល អភិបាលក្រុង​បាន​លុង និង​លោក​ជា គួ​ង ប្រធាន​ក្រុមហ៊ុន​គឹ​ម ជ្រា បាន​ទេ​ នៅ​ព្រឹក​ថ្ងៃ​ទី​២៤ មី​នា ឆ្នាំ​២០១៦ ។