បុរស​ចិត្ត​ក្ដៅ​ដូច​ភ្លើង ខឹង​ប្រពន្ធ​ដើរ​លេងផ្ទះគេ​​វាយទាំងឪ​ពុក​ក្មេក​បែកក្បាល

ខេត្តកណ្ដាល ​៖ ​បុរស​ចិត្ត​ក្ដៅ​ដូច​ភ្លើង​ម្នាក់​ត្រូវ​បាន​នគរបាល​ស្រុក​កណ្ដាលស្ទឹង​ចាប់​ឃាត់ខ្លួន​បន្ទាប់​ពី​​វាយ​ប្រ​ពន្ធ​៣​ដំបង​បណ្តាល​ឱ្យ​រង​របួស​ និង​វាយ​ឪពុកក្មេក​បែកក្បាល​​ពេល​ចូល​​ទៅឃាត់ កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​​​ថ្ងៃ​ទី​២៣ ​មីនា​ នៅ​នឹង​ផ្ទះ ស្ថិត​នៅ​​ក្នុងភូមិ​រលាំង​កែន​ ឃុំ​រលាំង​កែន​ ស្រុក​កណ្តាលស្ទឹង ​ដោយសារ​តែ​ខឹង​ប្រពន្ធ​ដើរ​លេង​ផ្ទះ​គេ​​ ។

មន្ត្រី​នគរបាល​ស្រុក​កណ្ដាលស្ទឹង​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ​ ដា​រ៉ា សារ៉ូ​ ​​អាយុ​៣១​ឆ្នាំ​ ​។ ​ចំណែក​​​ស្ត្រី​រង​គ្រោះ​ជា​ប្រពន្ធ​​ឈ្មោះ​ សន ​វណ្ណ​ដេ​ត អាយុ​៤២​ឆ្នាំ​​​ និង​​​​ឪពុក​ក្មេក​ដែល​ត្រូវ​កូន​ប្រសា​វាយ​ឱ្យ​របួស​ដែរនោះ ​​ឈ្មោះ ស៊ិ​ន​ ​វណ្ឌ ​​អាយុ​៦៥​ឆ្នាំ​ ​​​។ ​អ្នក​ទាំងអស់​គ្នា​ ជា​កសិករ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​ ។

មន្ត្រី​នគរបាល​បាន​​បន្តថា​ មុន​ពេល​កើតហេតុ​ ​ស្ត្រី​ជា​ប្រពន្ធ​​ដាំបាយ​ និង​ធ្វើ​ម្ហូប​រួច​រាល់​​ហើយ​​​ហៅ​ជនសង្ស័យ​ជា​ប្តី​ឱ្យ​ហូប​បាយ​តែ​ប្តី​មិន​ទាន់​ហូប​​ ពេល​នោះ​ប្រ​ព​ន្ឋ​ក៏​ពរ​កូន​ដើរទៅ​លេង​ផ្ទះ​អ្នក​ភូមិ​ជិតខាង​ ​បាន​ប្រហែល​មួយ​ម៉ោង​​ក៏​ដើរ​​មក​ផ្ទះ​វិញ ​ដួស​បាយ​ឱ្យ​​ប្តី​​ហូប ​រួច​​ក៏​​​ចេញ​​​ទៅ​និយាយ​លេង​ជា​មួយ​អ្នក​ជិតខាង​ទៀត​ ។​ លុះដល់​វេលា​កើតហេតុ​​ ​​​បុរស​ជា​ប្តី​ដៃ​ដល់​​ខឹង​ប្រពន្ធ​យ៉ាង​ខ្លាំង​ក៏​បាន​បិទ​ភ្លើង​អំ​ពូ​ល​ទាំង​ក្នុង​និង​ក្រៅ​ផ្ទះ ​និង​​បិទ​ទ្វារ​ផ្ទះ​មិន​ឱ្យ​​​ប្រ​ព​ន្ឋ​ចូល​​ ប៉ុន្តែ​​​ក្រោយ​​មក​​ក៏​​​​បើកទ្វា​រផ្ទះ​​​​ឱ្យ​ប្រពន្ធ​ចូលវិញ​​ ​កើត​មាន​ទំនាស់​ពាក្យ​សម្ដី​គ្នាយ៉ាង​តឹង​សរ​សៃ​ក ​​ហើយ​​ជនសង្ស័យ​​​ស្ទុះ​ទៅ​​យក​ដំបង​ឈើ​ជ្រុង​ប៉ុនកដៃ​​វាយ​ទៅ​លើ​​​ស្ត្រី​ជា​ប្រ​ព​ន្ឋ​​៣ដំបង​​​បណ្តាល​ឱ្យ​រង​​របួស​ ។ ​ឃើញ​ដូច្នេះ​ ​ឪពុកក្មេក​របស់​ជនសង្ស័យ​​​ចូល​​​ទៅ​​​ឃាត់​ ក៏​ត្រូវ​ជនសង្ស័យ​​វាយ​​ត្រូវ​២​ដំបង​​​បណ្តាល​ឱ្យ​បែកក្បាល​ហូរ​ឈាម​ ភ្លាមៗ​នោះ​បងប្អូន ​និង​អ្នក​ភូមិ​ក៏​មក​ជួយ​ឃាត់​​ផង​ដែរ ។​

​ក្រោយ​កើត​ហេតុ ​​ជន​រង​គ្រោះ​​ទៅ​ប្ដឹង​​នគរ​បាល​មូល​ដ្ឋាន​ ​ចុះ​ទៅ​ឃាត់​ជនសង្ស័យ​ និង​ដកហូត​វត្ថុ​តាង​បញ្ជូន​​ទៅ​អធិការដ្ឋាន​នគរបាលស្រុក​កណ្តាលស្ទឹង ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ស្នងការដ្ឋាននគរបាល​ខេត្ត ​ចាត់ការ​បន្ត​តាម​នី​តិ​វិធី ​៕​​