រឿង​ឈូស​រំលោភ​យក​ភ្នំ​ពក ធ្លាយ​រឿងអាស្រូវ​ហើយ

ខេត្តកោះកុង ៖ បន្ទាប់​ពី​កោះសន្ដិភាព បាន​ផ្សាយ​មួយ​ឈុត​រឿង​មន្ដ្រី​ធំ​២​នាក់​ជាប់ចោទ​ឈូស​ភ្នំ​ពក រំលោភ​យក​ដី​អ្នក​ភូមិ​រាប់រយ​ហិ​កតា​រួច​មក ឥឡូវ​រឿង​សង្ស័យ​អាស្រូវ ពាក់ព័ន្ធ​នឹង​ការ​ឈូស​ឆាយ​រំលោភ​យក​ដី​នោះ ត្រូវ​បាន​ធ្លាយ​ចេញ​យ៉ាង​ច្បាស់​ក្រឡែត​តែ​ម្ដង ដែល​សង្ស័យ​ថា​បាន​ឃុបឃិត​រៀបចំ​ដី​លក់​ឱ្យ​ក្រុមហ៊ុន​ចិន​មួយ ដោយ​ចង់​ប្រមូល​ទិញ​ថោក លក់​ថ្លៃ ។ បើ​មិន​ចង់​លក់​ថោក​ឱ្យ​ទេ រួម​គ្នា​ឈូស​យក​តែ​ម្ដង ថ្ងៃក្រោយ​ឱ្យ​រាង !

មាន​ក្រុមហ៊ុន​មួយ​ឈ្មោះ តៃ​ហ្វើ (​ខេ​ម​បូ​ឌា​) ដែល​ទើបតែ​លើក​ប៉ាយ​របស់​ខ្លួន​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ស្ថិត​ក្នុងភូមិ​បឹង​ព្រាវ ស្រុកស្រែ​អំបិល ខេត្តកោះកុង ហើយ​កំពុង​ឈូស​ឆាយ​ផ្លូវ​តម្រង់​ទៅ​ចំណុច​ភ្នំ​ពក​តែ​ម្ដង ដែល​អ្នកស្រុក​និយាយ​ថា មាន​ឈ្មួញកណ្ដាល​ជាម​ន្ដ្រី​ធានា​ថា​នឹង​រក​ផ្ទៃដី​ឱ្យ​បាន​គ្រប់​ចំនួន តាម​តម្រូវការ​របស់​ក្រុមហ៊ុន ។ បើ​តាម​ការ​អះអាង​របស់​ពលរដ្ឋ​នៅ​តំបន់​នោះ​បញ្ជាក់​ថា ក្រុមហ៊ុន​តៃ​ហ្វើ (​ខេ​ម​បូ​ឌា​) ត្រូវការ​ផ្ទៃដី​រាប់​ពាន់​ហិ​កតា​ឯណោះ ជុំវិញ​តំបន់​ភ្នំ​ពក ។

ពាក់​ព័​ន្ទ​នឹង​ការ​ធ្លាយ​រឿងអាស្រូវ​ទាំងនេះ លោក ឈុ​ន ឈិ​ន ជា​ប្រធាន​ភូមិ​សា​រ៉ា​យ ដែល​គ្រប់គ្រង​ភ្នំ​ពក​នេះ​ផ្ទាល់ បាន​ប្រាប់​កោះសន្ដិភាព​តាម​ទូរស័ព្ទ​នៅ​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២២ មីនា នេះ​ថា រូប​លោក​ជា​មុខសញ្ញា​ដែល​ទទួល​រង​ការ​គំរាមកំហែង​មុនគេ ដោយសារ​តែ​រូប​លោក​មិន​ព្រម​បដិសេធ​ចំពោះ​ពលរដ្ឋ​៨៥​គ្រួសារ ដែល​មាន​ផ្ទៃដី​ជើងភ្នំ​ពក​១០០​ហិ​កតា ។ លោក​ថា បង្ខំ​ឱ្យ​លោក​បដិសេធ​ម៉េច​កើត បើ​ដី​នោះ​ជា​ដីស្រែ​ពលរដ្ឋ​របស់​លោក ។ 

លោក ឈុ​ន ឈិ​ន បញ្ជាក់​ទៀត​ថា ដើម​ឡើយ​ក្រុមហ៊ុន​ចិន​ខាងលើ​ត្រូវការ​ដី​ជា​ច្រើន​ពាន់​ហិ​កតា នៅ​ក្នុងភូមិ​សា​រ៉ា​យ និង​ភូមិ​ឈើ​នាង ឃុំ​ជ្រោយ​ស្វាយ ពេល​នោះ​ក៏​លេចមុខ​មន្ដ្រី​២​រូប គឺ​លោក​រដ្ឋលេខាធិការ ភឿ​ង សុ​ភ័​ណ្ឌ និង​លោក សួន មាន ចូល​មក​ឈូស​ឆាយ និង​កាន់កាប់​ដី​ខ្នងភ្នំ​ពក ពាក់កណ្ដាល​ម្នាក់ តែ​ដោយ​ផ្ទៃដី​ភ្នំ​ពក​មិន​គ្រប់​តាម​តម្រូវការ ពួក​គេ​បាន​ប្រើ​មនុស្ស​ម្នាក់​ឈ្មោះ ឆ​ន ម៉ៅ ជាម​ន្ដ្រី​ភូមិបាល​ស្រុកស្រែ​អំបិល ដើរ​ទិញ​ពី​ប្រជាពលរដ្ឋ​ក្នុង​តម្លៃ​ថោក​ៗ ក្នុង​មួយ​ហិ​កតា​តម្លៃ​ពី​៣០០​ដុល្លារ​ទៅ​៥០០​ដុល្លារ ។ លោក​ថា តែ​តម្លៃ​ក្រុមហ៊ុន​ចិន​ទិញ​ពិតប្រាកដ គឺ​១.៥០០​ដុល្លារ​ក្នុង​មួយ​ហិ​កតា ។ លោក​ប្រធាន​ភូមិ​បញ្ជាក់​ប្រាប់​ទៀត​ថា ដោយ​មើលឃើញ​ការ​កិបកេង​លើ​ញើស​ឈាម​ពួក​គាត់​ច្រើន​ពេក ពលរដ្ឋ​ទាំង​៨៥​គ្រួសារ​ខាងលើ​បដិសេធ​មិន​ព្រម​លក់ ព្រោះ​ក្រុមហ៊ុន​ឱ្យ​១.៥០០​ដុល្លារ​ទៅ​ហើយ​មួយ​ហិ​កតា រឿង​អី​មន្ដ្រី​ឈ្មួញកណ្ដាល​អាង​អំណាច​ឱ្យ​ថ្លៃ​តែ​៣០០​ទៅ​៥០០​ដុល្លារ ។

ព័ត៌​មាន​ពិស្តារ​នឹង​ផ្សាយ​ជូន​នៅ​លើ​​ទំព័រ​សារព័ត៌​មាន​កោះ​​សន្តិ​ភាព​នៅ​ថ្ងៃ​ស្អែក​នេះ ៕