ផ្តន្ទាទោសឧកញ៉ា ខូវ ផល្លាបុត្រ និងអ្នកស្រី​ ឡាយ ហួង​ ម្នាក់ៗ ​២០ឆ្នាំ

រាជធានីភ្នំពេញ ៖ ​ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ​ ​លោក សាន សុផាត នៅប៉ុន្មាននាទីមុននេះ ​បានប្រកាសសាលក្រមក្នុងសំណុំរឿងប៉ុនប៉ង​មនុស្សនៅក្នុងក្រុមគ្រួសារ​អភិជន៥ជំនាន់ លោកឧកញ៉ា​ ខូវ ជីលី ដោយសម្រេចផ្តន្ទាទោស អ្នកស្រី​ ឡាយហួង និង លោក ខូវ ​ផល្លាបុត្រ ម្នាក់ៗ២០ឆ្នាំ ​ពី​បទ​ប៉ុនប៉ង​មនុស្សឃាត ​និង​រំលោភ​សេពសន្ថវៈ ​និងបង្គាប់ឲ្យតាមច្បាប់ខ្លួន លោក ខូវ ផល្លាបុត្រ ។

កាលពី​ថ្ងៃ​ទី​១៣ មិថុនា ​២០១០ លោកស្រី ស៊ុន សុ​ត្ថា ​ភរិយា​លោក ស៊ុ​ន ចាន់​ថុ​ល ដែលបច្ចុប្បន្នជា​រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម​​ ​បាន​ដាក់​ពាក្យបណ្តឹង​ព្រហ្មទណ្ឌ ​មក​កាន់​សមត្ថកិច្ច​អំពី​បទ​ប៉ុនប៉ង​មនុស្សឃាត និង​រំលោភ​សេពសន្ថវៈ ​។ ការ​ស៊ើប​អង្កេត​បឋម​មួយ​បាន​កំណត់​មនុស្ស​៥​នាក់​ថា​ ជា​ជនសង្ស័យ​រួម​ មានឈ្មោះ ចាន់ សុខា ​ជា​អ្នកបម្រើ ឈ្មោះ នាង ​ស៊ី​ណាត ជា​អ្នកបម្រើ​នៅផ្ទះ​លោក ស៊ុន ចាន់​ថុ​ល ​ឈ្មោះ សុខ ឡាក់ ជា​កម្មករ​យាម​ខុន​ដូ ឈ្មោះ​ យាន សុធា​រិ​ទ្ធ ជា​កម្មករ​យាម​ខុន​ដូ ​និង​គោលដៅ​ចម្បង គឺ​លោកស្រី សេង ចិន្តា ​ភរិយា​លោក​ឧក​ញ៉ា ខូ​វ ជី​លី ។

ជា​បន្តបន្ទាប់​ សាលាដំបូង​រាជធានី​ភ្នំពេញ សាលាឧទ្ធរណ៍ និង​តុលាការ​កំពូល ​យោង​លើ​ចំលើយ​សារភាព​របស់​នាង ចាន់ សុខា ​និង​នាង ស៊ី​ណាត កាលពី​ថ្ងៃ​ទី​៥ តុលា ២០១២ ​បាន​សម្រេច​លើកលែង​ចោទ​ឈ្មោះ​ យាន សុធា​រិ​ទ្ធ និង​ដោះ​លែងឱ្យ​មាន​សេរីភាព​វិញ ។​ ចំណែក សេង ចិន្តា និង​សុខ ឡាក់ ​ ត្រូវ​ផ្តន្ទាទោស​ឱ្យ​ជាប់​ពន្ធនាគារ​ក្នុង​ម្នាក់​ៗ២០​ឆ្នាំ ​។ ចំណែក​ឈ្មោះ ​ចាន់ សុខា និង​នាង ស៊ី​ណាត ​បាន​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ក្នុង​ម្នាក់​ៗ១៨​ឆ្នាំ ។

រឿង​នេះ​មិន​ចប់​ត្រឹមហ្នឹង​ទេ ​នៅ​ថ្ងៃ​ទី​៧ ធ្នូ ២០១១ លោក ស៊ុន ​ចាន់​ថុ​ល បាន​ដាក់​ពាក្យបណ្តឹង​បន្ថែម​មក​លើ​ឈ្មោះ ​ខូ​វ ជឺ​លី ជា​ឪពុកក្មេក ​លោក ខូ​វ ផល្លា​បុត្រ ​ជា​ប្អូនថ្លៃ លោកស្រី ឡាយ ហួង ជា​ភរិយា​លោក ​ខូ​វ ផល្លា​បុត្រ ​និង​កញ្ញា ហ៊ុយ សុខលាភ​ ជា​កូនស្រី​លោកស្រី សេង ចិន្តា ​ថា​ជា​អ្នក​រៀបចំ​គម្រោង​សម្លាប់​កូន​ សម្លាប់​បង ​និង​ក្មួយ​ទៀត​ផង ។

បណ្តឹង​នេះ​យោង​តែ​​លើ​ការ​ឆ្លើយ​ទម្លាក់​កំហុស​របស់ ចាន់ សុខា​ តែ​ម្នាក់​ប៉ុណ្ណោះ​នៅ​សាលាឧទ្ធរណ៍ ។

បន្ទាប់​មក​សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​ចាត់​លើ​គ្រួសារ​លោក​ឧក​ញ៉ា ខូ​វ ជឺ​លី ជា​លើក​ទី​២ ។ ​ ក្នុង​នោះ​សាលាដំបូង​បាន​លើកលែង​ការ​ចោទប្រកាន់​លើ​​លោក​ឧក​ញ៉ា ខូ​វ ជឺ​លី និង​ហ៊ុយ សុខលាភ ​ប៉ុន្តែ​បាន​ចេញ​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​ឧក​ញ៉ា ខូ​វ ​ផល្លា​បុត្រ និង​លោកស្រី ឡាយ ហួង ​ថា​ជា​មេខ្លោង​ទៅ​វិញ ជា​ហេតុ​ធ្វើ​ឱ្យ​លោក​ ខូ​វ ផល្លា​បុត្រ និរទេស​ខ្លួន​ទៅ​​ក្រៅប្រទេស ហើយ​លោកស្រី ឡាយ ហួង​ ត្រូវ​ចាប់ខ្លួន​បញ្ជូន​មក​ផ្តន្ទាទោស​ ដែល​សំណុំរឿង​ត្រូវ​ប្រកាស​​សាលក្រម​នា​រសៀលថ្ងៃ​ទី​២៤ មីនា ២០១៦នេះ ៕