​ប៉ូលិសរត់​​ដេញចាប់​បុរស​ម្នាក់​វក់​វីពេញ​វាល​​ស្រែ​

ខេត្ត​ព្រៃវែង ៖ បុរស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ក្រុង​ព្រៃវែង ​និង​ប្រជា​ពល​រដ្ឋ​ នាំ​គ្នា​រត់​ដេញចាប់​យ៉ាង​វក់វី​ពេញ​វាលស្រែ​​ទាំង​ព្រឹក​​​បង្ក​ឱ្យ​មាន​ការ​​ភ្ញាក់ផ្អើល​​ដល់​​​ប្រជា​ពលរដ្ឋ​​ និង​ធ្វើ​ដំណើរ​ក្នុង​​ក្រុង​ព្រៃវែង​ ។​

មន្ត្រី​​​​នគរបាល​ក្រុង​ព្រៃវែង​ បាន​ឱ្យ​ដឹង​ថា បុរស​ដែល​ត្រូវ​ចាប់ខ្លួនរូប​​នេះ​ឈ្មោះ ថា នី​ន អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​រការ​ខ្សុក ឃុំ​មេបុណ្យ ស្រុក​ស្វាយ​អ​ន្ទ​រ ​​​ត្រូវ​​បាន​ចាប់ខ្លួន​តាម​ដីកា​​លេខ​១៩៩ ចុះ​ថ្ងៃ​ទី​២៨ ខែសីហា ឆ្នាំ​២០១២ ​ចេញ​ដោយ​លោក ហន សុ​ខេ​ម​រិ​ន ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត​ ​ជាប់ចោទ​ពី​បទបង្ក​របួស​ស្នាម​ដោយ​ចេតនា និង​កាន់កាប់​អាវុធ​ខុសច្បាប់ ដែល​បាន​ប្រព្រឹត្តកាលពី​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០០៦ នៅ​ក្នុង​វត្ត​មេបុណ្យ ​​ស្ថិត​ក្នុងភូមិ​រការ​ខ្សុក ឃុំ​មេបុណ្យ ស្រុក​ស្វាយ​អ​ន្ទ​រ​ ។

​មន្ត្រី​សមត្ថកិច្ច​​បាន​បន្ត​​ថា ក្រោយ​ពី​ប្រព្រឹត្ត​បទល្មើស​ហើយ បុរស​ឈ្មោះ ថា នី​ន នេះ បាន​រត់គេច​ខ្លួន​ដោយ​ធ្វើ​ចំណាកស្រុក​ទៅ​ប្រទេស​ក្រៅ មិន​ដែល​ចូល​ស្រុក​​​ទេ ​រហូត​​មក​ដល់​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៤ ​មី​នា ​នេះ ទើប​សមត្ថកិច្ច​នគរបាល​ក្រុង​ព្រៃវែង បាន​ប្រទះ​ឃើញ​ជនសង្ស័យ​​​កំពុង​អង្គុយ​ផឹក​កាហ្វេនៅ​ចំណុច​កំពង់ដរ​មុខ​ផ្សារ​ក្រុង​ព្រៃវែង ​​​​ខណៈពេល​ឃើញ​សមត្ថកិច្ច​​ជនសង្ស័យ​​ក៏​​ស្ទុះ​រត់គេច​ខ្លួន​ទៅ​​​វាលស្រែ​ប្រាំង តាម​បណ្តោយ​ដងអូរ ទើប​សមត្ថកិច្ច​ស្រែក​ហៅ​ប្រជាពលរដ្ឋ ​ឱ្យ​​ជួយ​ដេញ​​ចាប់​​​បាន​តែ​ម្តង​ ៕