ចាប់​បញ្ជូន​ទៅ​ស្រុក​វិញ​២៧​នាក់​ទៀត​ហើយ

រាជធានី​ភ្នំពេញ ៖ កម្លាំង​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្តន៍​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បាន​ធ្វើការ​ឃាត់ខ្លួនជនជាតិ​វៀតណាម​មាន​ប្រុស​មាន​ស្រី​បាន​ចំនួន​២៧​នាក់ (​ស្រី​៥​នាក់​) ដែល​លួច​ឆ្លង​ដែន និង​ស្នាក់​នៅ​ដោយ​ខុសច្បាប់​កាលពី​រសៀល​ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០១៦ នៅ​ក្នុង​សិប្បកម្ម​ឈើ​ក្បែរ​យានដ្ឋាន​ក្រុមហ៊ុន​ស៊ិ​ន​ទ្រី​ ស្ថិត​ក្នុងភូមិ​ម័​ល និង​កន្លែង​ដាំ​ត្រកួន ស្ថិត​ក្នុងភូមិ​ខ្វា​លិច សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

កម្លាំង​ប៉ូលិស​ខាងលើ​បាន​ឲ្យ​ដឹង​ថា កន្លង​មក​កម្លាំង​ប៉ូលិស​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្តន៍​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ​ បាន​ធ្វើការ​ឃាត់​ខ្លួន​ជនបរទេសចម្រុះ​ដែល​បាន​លួច​ឆ្លង​ដែន​ចូល​មក​ស្នាក់​នៅ​ដោយ​ខុសច្បាប់​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជាបានជា​បន្តបន្ទាប់ ហើយ​ក្រោយ​ពេល​រក​ឃើញ​ថា ពួក​គេ​ល្មើស​ស​ច្បាប់​ក៏​បាន​ឃាត់​នាំ​ទៅ​សាកសួរ និង​បាន​ចាត់ការ​តាម​និ​តិ​វិធី ដោយ​បាន​ចាត់​បញ្ជូន​ទៅ​កាន់​ប្រទេស​កំណើត​របស់​ពួក​គេ​វិញ មិន​ឲ្យ​ស្នាក់​នៅ​បន្ត​ទៀត​ឡើយ ។

ប្រភព​ដដែល​បាន​បន្ត​ថា ដោយឡែក​នៅ​វេលារសៀល​ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០១៦ កម្លាំងនាយកដ្ឋាន​ខាងលើ​ដោយ​មានការ​ឯកភាព​ពី​សំណាក់​លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​មានការ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន បាន​ចុះ​ធ្វើការ​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​បាន​ចំនួន​២៧​នាក់ ដែល​ពួក​គេ​លួច​ឆ្លង​ដែន​ចូល​មក​ស្នាក់​នៅ​ដោយ​ខុសច្បាប់​នៅ​ក្នុង​ទីតាំង​ចំនួន​២​នៅ​ក្នុងភូមិ​សាស្ត្រ​ខណ្ឌដង្កោ គឺ​ទី​តាំ​ទី​១ នៅ​ចំណុច​ក្នុង​សិប្បកម្ម​កែ​ច្នៃ​ឈើ ក្បែរ​យានដ្ឋាន​ក្រុមហ៊ុន​ស៊ិ​ន​ទ្រី ស្ថិត​ក្នុងភូមិ​ម័​ល សង្កាត់​ដង្កោ ដោយ​ឃាត់ខ្លួន​បុរស​ជនជាតិ​វៀតណាម​បាន​ចំនួន​៧​នាក់ និង​ទីតាំង​ទី​២ នៅ​ចំណុច​ភូមិ​ខ្វា​លិច សង្កាត់​ដង្កោ ឃាត់​បាន​ជនជាតិ​វៀតណាម​បាន​ចំនួន​២០​នាក់​ក្នុង​នោះ​ស្រី​ចំនួន​៥​នាក់ ដែល​ពួក​គាត់​ប្រកប​មុខរបរ​ដាំ​ត្រកួន​លក់ ។

ប្រភព​ខាងលើ​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ក្រោយ​ការ​ឃាត់ខ្លួន​ត្រួតពិនិត្យ​ពួក​គេ​មិន​មាន​លិខិត​ស្នាម​អ្វី​ទាំងអស់ គឺជា​ជនអន្តោប្រវេសន៍​សុទ្ធសាធ ដែល​បាន​លួច​ឆ្លង​ដែន​ចូល​មក​ស្នាក់​នៅដោយ​ខុសច្បាប់​ក្នុង​ព្រះរាជ​ណា​ចក្រ​កម្ពុជា ។ ការ​ស៊ើបអង្កេត​រហូត​ឈាន​ដល់​ការ​ចុះ​បង្ក្រាប​នា​ពេល​នោះ​បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​ខាងលើ បន្ទាប់​មក​កម្លាំង​បាន​នាំ​ជន​អន្តោ​ប្រវេ​ស​ន៏​ទាំងនោះ​ទៅ​កាន់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ដើម្បី​ចាត់ការ​តម​នីតិវិធី​ច្បាប់ ៕