លោក​ជំទាវ​ឧក​ញ៉ា​សៀង ចាន់​ហេង​ឧបត្ថម្ភ​ជណ្តើរយន្ត​សម្រាប់​ព្រះ​វិហារ​វត្ត​នាគ​វ័ន

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​២៣ មីនា ឆ្នាំ​២០១៦ នៅ​វត្ត​នាគ​វ័ន រាជធានី​ភ្នំពេញ បាន​ប្រារព្ធ​ពិធីបុណ្យ​ស្ល​ស្ពាន់​សិត​ព្រះពុទ្ធ​បដិមា ។

ក្នុង​ពិធីបុណ្យ​នោះ លោក​ជំទាវ​ឧកញ៉ា​សៀង ចាន់​ហេង បាន​ប្រកាស​ប្រគេន​ជណ្តើរយន្ត​១​ជូន​វត្ត ដើម្បី​សម្រួល​ដល់​លោកតា លោកយាយ​ចាស់​ៗ​ឡើង​ចុះ ខណៈ​ព្រះ​វិហារ​មាន​កម្ពស់​៣​ជាន់ ។

លោក​ឱម យ៉ិ​ន​ទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​មូលដ្ឋាន​ខណ្ឌទួលគោក បាន​ចូលរួម​ក្នុង​ពិធីបុណ្យ​នោះ​ដែរ ។

លោក​ឱម យ៉ិន​ទៀង បាន​ថ្លែង​ថា «​ការ​ធ្វើបុណ្យ​មិន​ប្រកាន់​និន្នាការ​នយោបាយ​ទេ ពោល​ឲ្យ​តែ​មាន​សទ្ធា ទោះ​គ្មាន​ប្រាក់ ឬ​ប្រាក់​បន្តិចបន្តួច និង​ច្រើន​ក្តី​សុទ្ធតែ​បាន​បុណ្យ​ទាំងអស់​គ្នា ។ ប្រជាជន​កម្ពុជា​មិន​ចង់​ឃើញ​ការ​វិល​មក​វិញ​នៃ​របប​ប៉ុ​ល​ពត​ជា​លើក​ទី​២​ទេ ។ របប​នោះ​មិន​មាន​សាសនា ទី​វត្ត​អារាម ដោយ​យក​វត្ត​ធ្វើ​ជា​ឃ្លាំង​ជី ឬ​វាយ​បំផ្លាញ​ចោល ។ ដូចនេះ​ជំនាន់​សម័យ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ខិតខំ​ទាំងអស់​គ្នា​លើក​ស្ទួយ​គ្រប់​វិស័យ​ទាំងអស់​។ ដូច្នេះ​ត្រូវ​តែ​រួបរួម​គ្នា ស្រឡាញ់​គ្នា​ជា​រឿង​មួយ​ល្អ​រវាង​ខ្មែរ​និង​ខ្មែរ​» ។

ព្រះ​តេជគុណ​នី សុវណ្ណ​មុនី​រ៉េ​ត គង់នៅ​កុដិ​លេខ​២៤​នា​វត្ត​នាគ​វ័ន ដែល​ចាត់ចែង​ក្នុង​កម្មវិធី​បុណ្យ​មាន​សង្ឃដីកា​ថា នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ​វត្ត​នាគ​វ័ន​នឹង​ក្លាយជា​វត្ត​ដែល​បំពាក់​ដោយ​ជណ្តើរយន្ត​មុនគេ​បង្អស់​ក្នុង​រាជធានី​ភ្នំពេញ ។​ជណ្តើរយន្ត​ដែល​ជួយ​សម្រួល​ភាព​លំបាក​នៃ​លោកតា​លោកយាយ ចាស់​ៗ​នេះ គឺ​បាន​ពី​ទឹកចិត្ត​សប្បុរស​របស់​លោក​ជំទាវ​ឧកញ៉ា​សៀង ចាន់​ហេង​អគ្គ​នាយិកា​ក្រុមហ៊ុន​ហេង​អភិវឌ្ឍន៍ ។ ព្រោះតែ​មើលឃើញ​ពី​ការ​លំបាក​ដោយ​ព្រះ​វិហារ​វត្ត​ខ្ពស់​មាន​កម្ពស់​៣​ជាន់​ទើប​សម្រេច​បំពាក់​ជណ្តើរយន្ត ។

ពិធីបុណ្យ​នោះ មានការ​ចូលរួម​សម្តែង​សិល្បៈ​ចម្រៀង និង​កំប្លែង​ជូន​មហាជន​ទស្សនា​ពេល​រាត្រី ដោយ​ចូលរួម​សម្តែង​ដោយ​អ្នកស្រី​ហែម សុវណ្ណ អ្នក​នាង​ស៊ុន ណា​រី​ម៉ូ​នី​កា នាយ​ហុងដា នាង​ខ្ញែ​ត ពិធីករ​អឹុម ជីវ៉ា លោក​មី​ស្ទ័​រ​ឃ្វី​ន និង​តារា​កំប្លែង​មួយ​ចំនួន​ទៀត ។

នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា មាន​វត្ត​ចំនួន​៤០០០​វត្ត​ក្នុង​នោះ​រាជធានី​ភ្នំពេញ​មាន​ចំនួន​១៤៩​វត្ត ហើយ​ទើបតែ​វត្ត​នាគ​វ័ន​១​ប៉ុណ្ណោះ​ដែល​បំពាក់​ជណ្តើរយន្ត​មុនគេ ៕