​​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ម្នាក់​ ដកហូត​​គ្រឿងញៀន​២៥​កញ្ចប់

រាជ​ធានី​​ភ្នំពេញ ​៖ ​ជនជាតិ​វៀតណាម​ម្នាក់​ត្រូវ​បាន​នគរបាល​ខណ្ឌឫស្សីកែវ​​ឃាត់​ខ្លួន​ ​កាលពី​វេលា​ម៉ោង​៩​និង​៥០​នាទី​ព្រឹក​ថ្ងៃ​ទី​២៤ ខែមីនា ឆ្នាំ​២០១៦ ស្ថិត​នៅ​ចំណុច​ផ្ទះ​លេខ​២៥៧​សេ ផ្លូវលំ ក្រុម​ទី​៧ ភូមិ​លូ សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ​ ។

ជនសង្ស័យ​ឈ្មោះ​ ឡាំង យ៉ាំ​ង​ឡាំ ភេទ​ប្រុស អាយុ២៧​ឆ្នាំ ​ជា​ជនជាតិវៀតណាម ​ស្នាក់​នៅ​កន្លែង​កើតហេតុ​ខាងលើ​ ។

​​លោក ​អ៊ី​វ ឈុ​ន​ផេង អធិការរងនគរបាល​ខណ្ឌ​ឬ​ស្សី​កែវ ​បានឱ្យ​ដឹង​ថា ដោយ​មាន​បទបញ្ជា​ពី​លោក ទៀង ច័ន្ទ​សារ អធិការ​នគរបាល​ខណ្ឌឫស្សីកែវ ​ជំរុញឱ្យ​​នគរបាល​ល្បាត​នៅ​ក្នុង​មូលដ្ឋាន​ដើម្បី​បង្ការ​និង​ទប់​ស្គា​ត់បទ​ល្មើស ព្រមទាំង​ធ្វើការ​ស្រាវជ្រាវ ទើប​សមត្ថកិច្ច​ឈាន​ទៅឆែកឆេរ​បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ជាក់ស្តែង​តែ​ម្តង ​។

​លោក​បាន​បន្ត​​ថា ជនសង្ស័យ​ជា​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​យ៉ាង​សកម្ម​នៅ​ក្នុង​មូលដ្ឋាន​ដែល​សមត្ថកិច្ច​ស្រាវ​ជ្រាប​អស់​រយៈ​ពេល​យូរ​មក​ហើយ​ ​ទើប​ឈាន​ទៅ​បង្ក្រាប​បាន​ដកហូត​វត្ថុ​តាង ​រួម​មាន​ ថ្នាំ​ញៀន​ប្រភេទ​ក្រាម​ពណ៌​ស​ថ្លា​​២៥​កញ្ចប់​តូច​ ថង់​ប្លា​ស្ទិ​ក​​សម្រាប់​ច្រក​មួយ​ចំនួន និង​ឧបករណ៍​​សម្រាប់​​ប្រើប្រាស់​មួយ​ចំនួន​​ទៀត​ ។

ជនសង្ស័យ​ ត្រូវ​បាន​​សមត្ថកិច្ច​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​​នគរ​​បាល​ខណ្ឌ​ឬ​ស្សី​កែវ ​ដើម្បី​ចាត់ការ​តាម​ច្បាប់ ​៕