ថៃ​បញ្ជូន​ពលករ​ខ្មែរ​និង​ខ្មែរ​អ៊ី​ស្លា​ម​ច្រើន​ខុស​ប្រក្រតី

ខេត្តបន្ទាយមានជ័យ ៖ ពលករ​ខ្មែរ និង​ខ្មែរ​អ៊ី​ស្លា​ម ត្រូវ​បាន​សមត្ថកិច្ច​ថៃ​ធ្វើការ​បញ្ជូន​តាម​រថយន្ត​ទ្រុង​ច្រើន​ខុស​សព្វ​មួយ​ដង​ក្នុង​ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០១៦ ពិសេស​ក្នុង​ដើមឆ្នាំ​២០១៦​គិត​ត្រឹម​ម៉ោង​៤​និង​៣០​នាទី​រសៀល​ថ្ងៃ​ដដែល​សរុប​៦​រថយន្ត មិន​ក្រោម​ពី​៣០០​នាក់​ឡើយ​នេះ​មិន​ទាន់​គិតដល់​វេលា​យប់​ពេល​បិទ​ព្រំដែន​អន្តរជាតិ​នោះ​ទេ ។ ការ​បញ្ជូន​ពលករ​វិល​ត្រឡប់​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត គេ​ឃើញ​កើត​មាន​ជា​ហូរហែ​សូ​ម្បី​តែ​រថយន្ត​ក៏​ផ្លាស់​ប្តូរ​ពណ៌ មាន​ស មាន​ខ្មៅ​ផង​ដែរ​ក្នុង​ថ្ងៃ​ដដែល​នេះ ។

តាម​មន្ត្រី​នៅ​ទីតាំង​ទទួល​ពលករ​បាន​ប្រាប់​«កោះសន្តិភាព​»ថា ពលករ​បញ្ជូន​ពី​ថៃ​នា​ថ្ងៃនេះ​ភាគច្រើន​ជា​ខ្មែរ​អ៊ី​ស្លា​ម​ដែល​ទើប​ត្រឡប់​មក​ពី​ប្រទេស​ទី​៣​ដូច​ជា​ម៉ា​ឡេ​ស៊ី ត្រូវ​ភាគី​ថៃ​បញ្ជូន​ត្រឡប់​ក្រោយ​ពី​ពួក​គេ​ចាក​ចេញពី​ប្រទេស​ទី​៣​ចូល​ដល់​ទឹកដី​ថៃ និង​ប្រហែល​៤៥%​ជា​ពលករ​ខ្មែរ​ដែល​វិល​ត្រឡប់​មក​ពី​តាម​បណ្តា​ខេត្ត​ក្នុង​ប្រទេស​ថៃ តែ​ត្រូវ​គេ​ចាប់​តាម​ដងផ្លូវ​នៅ​តាម​ចំណុច​បា​រ៉ា​ស់​ត្រួតពិនិត្យ ។

ប្រភព​ពី​ស្ត្រី​ខ្មែរ​អ៊ី​ស្លា​ម​ដែល​គេ​បញ្ជូន​ពី​ថៃ​ប្រាប់​ថា គាត់​ទៅ​ធ្វើការ​នៅ​ប្រទេស​ទី​៣​តាម​រយៈ​លិខិតឆ្លងដែន​ត្រឹមត្រូវ ប៉ុន្តែ​ដោយសារ​ឯកសារ​ផុតកំណត់​ទើប​ពេល​វិល​ត្រឡប់​គេ​ចាប់​ពេល​ឆ្លង​ចូល​ដល់​ដី​ថៃ ហើយ​ដឹក​បញ្ជូន​មក​កម្ពុជា ។ ចំណែក​ក្រុម​ពលករ​ខ្មែរ​និយាយ​ថា ពួក​គេ​សុទ្ធតែ​មក​ពី​តាម​បណ្តា​ខេត្ត និង​ក្រុង​បាងកក តែ​ពេល​វិល​ត្រឡប់​មក​ស្រុក​កំណើត​មិន​ចង់​ឲ្យ​កៀក​និង​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ក្រែង​សំបុត្រ​រថយន្ត​ឡើងថ្លៃ ឬ​ពិបាក​រក​រថយន្ត​ជិះ ​ស្រាប់តែ​គេ​ចាប់​តាម​ដងផ្លូវ​ចោទ​ថា​ការ​វិល​ត្រឡប់​គ្មាន​លិខិតអនុញ្ញាត​ពី​ថៅកែ​តាម​បណ្តា​រោងចក្រ​និង​សហគ្រាស​តូច​ធំ​ក្នុង​ប្រទេស​របស់​គេ ។ ជាមួយ​គ្នា​នេះ​ដែរ​ពលករ​ដែល​វិល​ត្រឡប់​ពី​ប្រទេស​ថៃ​ដោយ​ស្របច្បាប់​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ គេ​កត់​សម្គាល់ថា​ហាក់​មក​ជា​ហូរហែ​ដើរ​ដោយ​ថ្មើរជើង ចំណែក​ឥ​វ៉ា​ន់​ពួក​គេ​ជួល​កម្មករ​អូស​តាម​រទេះ​មក​ជិះ​រថយន្ត​តូច​ធំ​នៅ​ក្រុង​ប៉ោយ​ប៉ែ​តទៅ​ស្រុក​កំណើត​ព្រោងព្រៀត ។

យ៉ាងណា​ក៏​ដោយ​ប្រភព​នានា​លើក​ឡើង​ថា ការ​ទៅ​មក​ដី​ថៃ​នៃ​ពលករ​ខ្មែរ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​មុន​និង​ក្រោយ​ពិធីបុណ្យ​ជាតិ​នានា​ក្នុង​ឆ្នាំ​២០១៥​និង​ដើមឆ្នាំ​២០១៦​នេះ​មាន​ចំនួន​តិច​ជាង​បណ្តា​ឆ្នាំ​មុន​ៗ ព្រោះ​ក្រុម​ពលករ​កើតរោគ​ខ្លាចរអា​រឿង​ជម្រិត​ទារប្រាក់​ខ្លាំង​ពេក​ពី​ក្រុម​អ្នក​ជូន​ផ្លូវ​ឬ​ហៅ​ថា​មេខ្យល់​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ហើយ​ពួក​គេ​ងាក​នាំ​គ្នា​ទៅ​ឆ្លង​ព្រំដែន​ទៅ​មក​ដី​ថៃ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ដូង ក្នុងស្រុក​កំ​រៀង ខេត្តបាត់ដំបង យ៉ាង​ភ្លូកទឹកភ្លូកដី​ទៅ​វិញ ៕