ប្រទះ​ឃើញ​សព​រលួយ​ស្អុយ​អណ្តែត​កណ្តាល​សមុទ្រ

ខេត្ត​ព្រះ​សីហ​នុ ៖ ​សព​ស្អុយរលួយ​ជា​បុរស​ម្នាក់ ត្រូវ​បាន​ប្រជា​នេសាទប្រទះ​ឃើញ​អណ្តែត​ទឹក​កាលពី​វេលា​ម៉ោង​១​​​​រសៀល​ថ្ងៃទី​២៤ មីនា នៅ​ចំណុច​​កោះ​ចន្លុះ និង​កោះ​​ឫស្សី​ ស្ថិត​ក្នុង​ទឹកដី​ស្រុក​ព្រៃ​នប់ ​​ហើយ​​ត្រូវ​បាន​នគរបាល​ព្រំដែន​ទឹកអូ​សយ​កមក​កាន់​ឆ្នេរ​ពយ​ម៉ា​ចូ​វ ស្ថិត​ក្នុងភូមិ​គគីរ ឃុំ​បិ​ត្រាំ​ង ស្រុក​ព្រៃ​នប់ ​​។

​មន្ត្រី​​​​នគរបាល​ព្រំដែនទឹក​បានឱ្យ​​ដឹង​ថា ​​ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ពី​ប្រជា​នេសាទ​ភ្លាម ​កម្លាំង​​នគរបាល​​ព្រំដែនទឹក​បាន​ទៅ​ដល់​កន្លែង​កើតហេតុ ។ ​ដោយសារ​តែ​ស្ថានភាព​​សព​រលួយលើកដាក់​អូ​ប័​រ​មិន​បាន ​កម្លាំង​ជួយ​សង្គ្រោះ​បាន​ទាក់​ខ្សែអូស​មក​កាន់​ឆ្នេរ​ពយ​ម៉ា​ចូ​វ​ ដើម្បី​ប្រគល់​ឱ្យ​មន្ត្រី​ជំនាញ​ធ្វើ​កោស​ល្យ​វិ​ច័យ​ ។​

ប្រភព​ដ​ដែល​បាន​បន្ត​ថា ចំពោះ​​សព​ដែល​គេ​ប្រទះ​ឃើញ​នេះ ​នៅ​ពុំ​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ គ្រាន់តែ​អាច​សន្និដ្ឋាន​បាន​ថា ​សព​ជា​បុរស អាយុ​ប្រហែល​២០​ឆ្នាំ ​ឡើង​ ​ជា​ជនជាតិ​ខ្មែរ​ (​សង្ស័យ​កម្មក​រទូក​) ​។

​លោក សា​រ៉ាត់ ​វិជ្ជា នាយការិយាល័យ​ពិនិត្យ​សាកសព​បាន​បង្ហើប​ថា ​ចំពោះ​មូលហេតុ​នៃ​ការ​ស្លាប់​នេះ មានការ​ពិបាក​នឹង​ធ្វើ​កោសល្យ​វិ​ច័យ​បន្តិច​ហើយ ព្រោះ​​សព​បាន​ស្អុយរលួយ​អស់​ទៅ​ហើយ ចំពោះ​ការ​ស្លាប់​វិញ​នៅ​ចន្លោះ​ពី​៧​ទៅ​១០​ថ្ងៃ​មុនគេ​ប្រទះ​ឃើញ​ ​៕