២​ឆក់​១​ឈរ​ចាំ ត្រូវ​សមត្ថកិច្ច​ក្របួច​បាន​ទាំងអស់

រាជ​ធានី​ភ្នំពេញ ៖ នារី​អូ​តេស​ម្នាក់​ចេញពី​ធ្វើការ​ត្រូវ​ជនសង្ស័យ​៣នាក់​ឆក់​កា​បូ​ប​បាន​​សម្រេច​ កាលពី​វេលា​ម៉ោង​១២​និង​១០​នាទី​រំលង​អ​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៤ ​មីនា ត្រង់​ចំណុច​មុខ​ធនាគារ​អេ​ស៊ី​លី​ដា តាម​បណ្ដោយ​ផ្លូវ​សហ​ព័ន្ធ​រុ​ស្សី សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៣​នាក់​បាន​នៅ​មុខ​ស្ថានីយ​ប្រេង​ឥន្ធនៈ​តូ​តា​ល់ តាម​បណ្ដោយ​ផ្លូវ​ណ​ត​ប្រ៊ី​ជ ស្ថិត​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។

ជនសង្ស័យ​ទាំង​៣​នាក់ មាន​ ១-ឈ្មោះ មាស សុ​ភ័ក្ត្រ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខ​របរ​នៅ​ផ្ទះ ​ស្នាក់​នៅ​ម្ដុំ​ពោធិ៍​ចិន​តុង សង្កាត់​កា​កាប ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ​​២-ឈ្មោះ អុ​ន ដា​រ៉ា អាយុ​២១​ឆ្នាំ មុខ​របរ​នៅ​ផ្ទះ ​ស្នាក់​នៅ​ភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​​៣-ឈ្មោះ ឡុ​ង វិសាល ហៅ​គោ អាយុ​២៣​ឆ្នាំ ​ជា​​យោធា ​មាន​ទីលំនៅ​ភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប ខណ្ឌ​ពោ​ធ៍​សែន​ជ័យ ​ដកហូត​ម៉ូតូ​២​គ្រឿង ​។

​ចំណែក​​ម្ចាស់​កាបូប​​ឈ្មោះ អ៊ី​ម ចិន​នី ​អាយុ​២៥​ឆ្នាំ ​ជា​​នារី​​បម្រើ​ការ​​លើ​យន្តហោះ ស្នាក់​នៅផ្ទះ​លេខ៥៤​អឺ​៤ ផ្លូវ​៦៧ ភូមិ​៩ សង្កាត់​ផ្សារ​ថ្មី​២ ខណ្ឌដូនពេញ ស្រុក​កំណើត​ឃុំ​សួង ស្រុក​ត្បូងឃ្មុំ ខេត្តកំពង់ចាម ជិះ​ម៉ូតូ​ម៉ាក​ស្គូ​ពី ពណ៌​ទឹកសមុទ្រ គ្មាន​ស្លាក​លេខ បាន​និយាយ​​ថា មុន​ពេល​កើតហេតុ​​ នាង​​ទើប​ចេញពី​ធ្វើការ​នៅ​អាកាស​យាន្ត​ដ្ឋា​ន​អន្តរជាតិ​ពោធិ៍​ចិន​តុង គោលបំណង​ជិះ​ម៉ូតូ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ជាមួយ​មិត្តភក្ដិ​ប្រុស​ម្នាក់​ទៀត​នៅ​ម្ដុំ​ផ្សារ​សូ​រិ​យា ដោយ​​ធ្វើ​ដំណើរ​តាម​ផ្លូវ​សហ​ព័ន្ធ​រុ​ស្ស៊ីលុះ​មក​ដល់​ចំណុច​​កើត​ហេតុ​ ស្រាប់តែ​មាន​ជន​៣នាក់​ជិះ​ម៉ូតូ​​មកតាម​​ក្រោយ​ហើយ​ធ្វើ​សកម្មភាព​ឆក់​កាបូបស្ពាយ​ខាងឆ្វេង​​​បាន​សម្រេច​ ​ហើយក៍​​​​ជិះ​​ម៉ុតូ​រត់គេច​ខ្លួន ពេល​នោះ​​​នាង​ព្យាយាម​ដេញ​តាមតែ​តាម​មិន​ទាន់ ។

ក្រោយមក​ ជនសង្ស័យ​បាន​ជិះ​មក​ដល់​ចំណុច​មុខ​ស្ថានីយប្រេងឥន្ធនៈ​តូ​តា​ល់ តាម​ផ្លូវ​ណ​ត​ប្រី​ជ ​ភូមិ​ស្លែង​រលើង សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ក៍​ជួបនឹង​កន្លាំង​អន្តរាគមន៍​ខណ្ឌ​សែន​សុខ​ជិះ​ល្បាត​​​ប្រទះ​ឃើញ​ជនសង្ស័យ​ជិះ​ម៉ូតូ​អត់​ស្លាក​លេខក៍​​ឃាត់​​ឱ្យ​ឈប់​ ​ដើម្បី​​ត្រួត​ពិនិត្យ​និង​ឆែក​ឆេរ​​​តែ​ជនសង្ស័យ​ប្រកែក​មិន​ឱ្យ​ឆែក​​ទេ​ ហើយ​ធ្វើ​ជា​ដក​ទូរស័ព្ទទៅ​បងស្រី ស្រាប់តែ​ជ្រុះ​លិខិតឆ្លងដែន​នារី​​ម្ចាស់​កាបូប​ខាងលើ ទើប​សមត្ថកិច្ច​សង្ស័យ​​​សួរនាំ​ចុះឡើង ទើប​ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្សពួក​៣​នាក់​បាន​សារ​ភាព​ថា ​គេ​ទើប​​ឆក់​កាបូប​បាន​នៅ​ម្ដុំ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​​ ​ហើយ​រត់​មក​ដល់​ចំណុច​​ខាងលើ​ទើបត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន ។

បន្ទាប់​ពី​ឃាត់ខ្លួន​ជនសង្ស័យ​​​២​នាក់​ហើយ​ នគរបាល​ខណ្ឌ​សែន​សុខ​បាន​បញ្ជូន​ទៅ​កាន់​ប៉ុស្ដិ៍​នគរបាលរ​ដ្ឋ​បាល​ទឹកថ្លា​ ដើម្បី​សួរនាំ​​ទើប​ឈាន​ទៅ​​​​ឃាត់ខ្លួន​​ជន​សង្ស័យ​បាន​ម្នាក់​ទៀត​ ដែល​​រង់ចាំ​គ្នា​នៅ​មុខ​វត្ត​ទឹកថ្លា​ដែល​គេ​បាន​ដាក់​ម៉ូ​គ្នា​ពេល​ពួក​គេ​ឆក់​បាន​ហើយ​នោះ ។

ក្រោយ​ពេល​កើតហេតុ​ ​ម្ចាស់​កាបូប​​​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​ទឹកថ្លា​ទាំងអស់​សង្ឃឹម ស្រាប់តែ​ប្រទះ​ឃើញ​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ដែល​ធ្វើ​សកម្មភាព​ឆក់​កាបូប​​​​របស់​ជន​រង​គ្រោះ​មក​ដល់​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល ។ ​ជន​សង្ស័យ​ទាំង៣​នាក់​ ត្រូវ​បាន​​សមត្ថកិច្ច​កសាង​សំណុំរឿង​​​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាននគរ​បាល​​ខណ្ឌ​​សែន​សុខ​ ដើម្បី​ចាត់ការ​តាម​នីតិវិធី ។ ​ចំណែក​ឯ​កាបូប​​ ​ត្រូវ​បាន​ប្រគល់​ជូន​ម្ចាស់​ដើម​គេ​វិញ ៕